នាយកជាន់ខ្ពស់នៃនាយកដ្ឋានសេដ្ឋកិច្ច និងគោលនយោបាយថៃ បានបញ្ជាក់ថា សេដ្ឋកិច្ចថៃ នៅក្នុងត្រីមាសទី ២ អាចនឹងមានការធ្លាក់ចុះរហូតដល់ទៅ ២ខ្ទង់ឯណោះ ហើយការថមថយនេះ គឺដោយសារតែ តម្រូវការពីភាគីខាងក្រៅចុះអន់ខ្សោយ ជាពិសេសវិស័យទេសចរណ៍ និងការនាំចេញទំនិញ។
ធនាគារកណ្តាលថៃ ក៏បានទម្លាក់ការព្យាករពី ការនាំចេញទំនិញរបស់ថៃថា អាចនឹងធ្លាក់ចូះ ១០,៣% នៅក្នុងឆ្នាំនេះ ទាបជាងការព្យាករកាលពីលើកមុន ដែលធ្លាក់ចុះត្រឹមតែ ៨,៨% ប៉ុណ្ណោះ ហើយចំពោះតួលេខនៃការមកដល់របស់ អ្នកដំណើរអន្តរជាតិ ក៏ធ្លាក់ចុះពី ១៥លាននាក់ មកនៅត្រឹម ៨លាននាក់ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២០នេះ។
ដោយឡែក ចំពោះស្ថានការណ៍ក្នុងស្រុកវិញ ទាំងការប្រើប្រាស់ឯកជន និងការវិនិយោគឯកជន គឺធ្លាក់ចុះទាបជាង ការវាយតម្លៃពីពេលមុន ហើយអត្រាមានការងារ និងប្រាក់ចំណូល នឹងបន្តធ្លាក់ចុះ ដែលធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចកាន់តែចុះអន់ខ្សោយ។
លោក ទីតានុន មន្រ្តីជាន់ខ្ពស់នៃធនាគារកណ្តាលថៃ បានគូសបញ្ជាក់ថា សេដ្ឋកិច្ចថៃ ដែលអាចធ្លាក់ចុះ ៨,១% ក្នុងឆ្នាំនេះ គឺព្យាករដោយពុំទាន់បានរាប់បញ្ចូលពី រលកវាយប្រហារទី ២ នៃមេរោគកូវីដ-១៩នោះឡើយ ហើយលោកសង្ឃឹមថា សកម្មភាពសេដ្ឋកិច្ចនៅក្នុងឆមាសទី ២ នឹងចាប់ផ្តើមប្រសើរឡើងវិញជាបន្តបន្ទាប់ និងអាចជួយដល់ការគ្រប់គ្រងការរីករាលដាលនៃមេរោគ ឲ្យមានប្រសិទ្ធិភាពបំផុត។
ទោះយ៉ាងណាក៏ដោយចុះ ធនាគារកណ្តាលថៃ បានព្យាករថា សេដ្ឋកិច្ចថៃ អាចនឹងងើបឡើងវិញបាន ៥% នៅក្នុងឆ្នាំ ២០២១ខាងមុខ។
គួររម្លឹកបន្តិចដែរថា នៅក្នុងរបាយការណ៍ថ្មីមួយរបស់ ធនាគារពិភពលោក បានព្យាករឲ្យដឹងថា សេដ្ឋកិច្ចប្រទេសថៃ អាចនឹងធ្លាក់ចុះ ៥%នៅក្នុងឆ្នាំ ២០២០នេះ ទាបជាងការព្យាករកាលពីដើមឆ្នាំ ដែលរំពឹងថា សេដ្ឋកិច្ចថៃមានកំណើន ២,៧%៕