សេចក្តីព្រាងសារាចរណែនាំដែលបានកែសម្រួលសារាចរណែនាំចាស់ចុះកាលបរិច្ឆេទថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ របស់ទេសាភិបាលនៃធនាគារកណ្ដាលវៀតណាម បាន បន្ថែមបទប្បញ្ញត្តិ ដែលក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មវៀតណាម (VAMC) អាចលក់ទ្រព្យបញ្ចាំនៃកម្ចីខូច NPL បាន។
ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មវៀតណាម (VAMC) ដែលត្រូវបានចាត់តាំងដោយធនាគារកណ្ដាលវៀតណាម ក៏ត្រូវទទួលបន្ទុកអនុវត្តដោយខ្លួនឯង ឬជួលស្ថាប័នវាយតម្លៃ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីកំណត់តម្លៃសម្រាប់ការដេញថ្លៃទ្រព្យបញ្ចាំនៃកម្ចីខូច NPL ផងដែរ។
នៅក្នុងករណីមានការដេញថ្លៃទ្រព្យបញ្ចាំនៃកម្ចីខូច NPL ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មវៀតណាម (VAMC) នឹងអនុវត្តតាមបទប្បញ្ញត្តិច្បាប់ស្តីពីការដេញថ្លៃទ្រព្យសម្បត្តិ។ លើសពីនេះ ការទិញទ្រព្យបញ្ចាំនៃកម្ចីខូច NPL របស់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មវៀតណាម (VAMC) ពីបណ្ដាធនាគារពាណិជ្ជ ត្រូវតែធ្វើឡើងស្របតាមតម្លៃទីផ្សារ។
ទោះបីជាគុណភាពទ្រព្យសកម្មរបស់បណ្ដាធនាគារក្នុងប្រទេសវៀតណាម ស្ថិតក្រោមការគ្រប់គ្រងបាននៅត្រឹមដំណាច់ឆ្នាំ២០២៣ យ៉ាងណាក្ដី ក៏ក្រុមអ្នកជំនាញនិយាយថា រដ្ឋាភិបាលវៀតណាម គួរយកចិត្តទុកដាក់បន្ថែមទៀតចំពោះបញ្ហានេះនៅឆ្នាំ២០២៤ នេះ ខណៈដែលកម្ចីខូចកំពុងកើនឡើង។
ក្រុមអ្នកជំនាញបានព្រមានថា ខណៈកម្ចីខូចដែលមានស្រាប់មិនទាន់ត្រូវបានដោះស្រាយនៅឡើយ កម្ចីខូចថ្មីៗត្រូវបានគេរំពឹងថា នឹងកើនឡើង ដែលនឹងបង្កជាហានិភ័យធំដល់វិស័យធនាគារ៕
ដោយ: តែម សុខុម