វិស័យ​ SME

អ្នកឧកញ៉ា សៀ ឬទ្ធី៖ កម្លាំងពហិការទំនិញថៃ ប្រែក្លាយជាឱកាសមាសសម្រាប់ស្រោចស្រង់ និងពង្រឹងវិស័យ SME នៅកម្ពុជា


អ្នកជំនួញ និងអ្នកជំនាញក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SME) បានអះអាងថា រលកពហិការយ៉ាងពុះកញ្ជ្រោលរបស់ប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងទំនិញថៃ កំពុងក្លាយជាចលករដ៏សំខាន់ក្នុងការជំរុញឱ្យផលិតផលក្នុងស្រុកស្ទុះងើបឡើងយ៉ាងខ្លាំងក្លា ខណៈពលរដ្ឋបានបង្វែរការគាំទ្រទាំងស្រុងមកលើទំនិញផលិតដោយស្នាដៃកូនខ្មែរ។ ទោះជាយ៉ាងណា ថ្វីដ្បិតតែទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី តែវិស័យ SME នៅតែប្រឈមមុខនឹងរបាំងប្រកួតប្រជែងសំខាន់ៗជាច្រើន។
វិស័យ​ SME
ដោយ

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានកត់សម្គាល់ថា កន្លងមកកម្ពុជា បានចំណាយថវិកាយ៉ាងច្រើនលើការនាំចូលទំនិញពីប្រទេសផ្សេងៗ ជាពិសេសប្រទេសថៃ ដោយពុំបានផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចជាតិ។ ប៉ុន្តែបច្ចុប្បន្នដោយសារស្មារតីជាតិនិយម និងការឈឺចាប់ជុំវិញវិបត្តិព្រំដែន បានជំរុញឱ្យអ្នកប្រើប្រាស់ខ្មែរបដិសេធទំនិញថៃ ហើយបង្វែរមកជួយលើកស្ទួយផលិតផលក្នុងស្រុកវិញ។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់នេះ បានប្រែក្លាយជាឱកាសមាសសម្រាប់វិនិយោគិន សូម្បីតែអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ ក៏បានចាប់ផ្តើមបង្វែរទុនមកបោះទុនលើវិស័យ SME ផងដែរ។

តែយ៉ាងណាអ្នកជំនួញរូបនេះសង្កេត់ឃើញថា វិស័យនេះនៅតែជួបបញ្ហាប្រឈមមួយចំនួនរួមមានខ្សែច្រវាក់ផលិតកម្មនៅបន្តរាយប៉ាយ និងថ្លៃដើមដឹកជញ្ជូនខ្ពស់។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ស្នើឱ្យម្ចាស់សហគ្រាស SME ត្រូវសិក្សាឱ្យច្បាស់ពីតម្រូវការទីផ្សារ, ចាប់យកការផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីកាត់បន្ថយថ្លៃដើមខ្សែច្រវាក់ផលិតកម្ម និងត្រូវប្រកាន់ភ្ជាប់នូវស្តង់ដាគុណភាព និងអនាម័យ ដើម្បីបន្តឈរជើង និងទាក់ទាញការគាំទ្រ។

ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី អនុប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា កត់សម្គាល់ឃើញថា មកទល់ពេលនេះផលិតផលរបស់ SME ក្នុងស្រុកកំពុងទទួលបានការគាំទ្រ និងកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការផលិតផលថៃ។ ការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនាពេលនេះ ត្រូវបានអ្នកជំនាញរូបនេះរំពឹងថា នឹងឈានដល់ការនាំចេញផលិតកម្ពុជាទៅទីផ្សារអន្តរជាតិ កាន់តែច្រើននាពេលខាងមុខផងដែរ។

ជុំវិញបញ្ហានេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានអះអាងថា ផលិតផលកែច្នៃក្នុងស្រុកបច្ចុប្បន្នមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋរហូតអាចដណ្តើមទីផ្សារ និងជំនួសទំនិញនាំចូលមួយចំនួនបានជាបណ្តើរៗហើយ។ មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកំពុងខិតខំជំរុញ និងលើកកម្ពស់គុណភាពផលិតផលក្នុងស្រុកឱ្យមានស្តង់ដាខ្ពស់ទាំងលើផ្នែកគុណភាព និងតម្លៃ ដើម្បីអាចប្រកួតប្រជែងបានយ៉ាងរឹងមាំទាំងក្នុងទីផ្សារផ្ទៃប្រទេស និងនៅលើឆាកអន្តរជាតិ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


​សម្ពាធតម្រូវឱ្យមានផ្ទះ មានឡានមុនរៀបការកំពុងរុញច្រានយុវជនវៀតណាមឱ្យធ្លាក់ក្នុងវិបត្តិសុខភាពផ្លូវចិត្ត

ស្របពេលសេដ្ឋកិច្ចវៀតណាមមានសម្ទុះយ៉ាងលឿន ប៉ុន្តែយុវជនវៀតណាមរាប់លាននាក់បែរជាកំពុងប្រឈមមុខនឹងសម្ពាធជីវិតយ៉ាងធ្ងន់ធ្ងរ ដោយសារតែតម្លៃអចលនទ្រ…

វិបត្តិចំណត និងការរំលោភយកចិញ្ចើមផ្លូវកំពុងធ្វើឱ្យផ្លូវ និងទីសាធារណៈក្លាយជាកម្មសិទ្ធិឯកជន និងបង្កការកកស្ទះចរាចរណ៍រាល់ថ្ងៃ

បញ្ហាខ្វះចំណត និងការទន្ទ្រានយកចិញ្ចើមផ្លូវធ្វើជាអាជីវកម្មឯកជននៅរាជធានីភ្នំពេញ កំពុងបង្កជាបញ្ហាធ្វើឱ្យស្ទះចរាចរណ៍ និងភាពអនាធិបតេយ្យយ៉ាងធ្ងន់ធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ