ជាក់ស្តែងម្ចាស់ស្ថានីយប្រេងឥន្ធនៈមង្គលព្រែកកំពឹស សម្រេចចិត្តខាតបង់ថវិការាប់សិបម៉ឺនដុល្លារបោះបង់ចោលម៉ាកយីហោប្រេងឥន្ធនៈ PTT របស់ថៃ ហើយផ្លាស់ប្តូរមកប្រើប្រាស់ម៉ាកយីហោ កាល់តិច (Caltex) ស្តង់ដាអន្តរជាតិរបស់សហរដ្ឋអាម៉េរិកវិញ។ ការសម្រេចចិត្តបត់បែនតាមសភាពការឱ្យទាន់ពេលវេលានេះ មិនត្រឹមតែជាយុទ្ធសាស្ត្រស្រោចស្រង់អាជីវកម្មពីការខាតបង់ប៉ុណ្ណោះទេ ប៉ុន្តែបានស្តែងឱ្យឃើញពីស្មារតីរួមសុខទុក្ខជាមួយជាតិ និងការប្តេជ្ញាចិត្តផ្តល់នូវគុណភាពប្រេងល្អជូនប្រជាពលរដ្ឋ។
នៅមួយឆ្នាំចុងក្រោយនេះ ពោលគឺបន្ទាប់ពីយោធាថៃបើកការឈ្លានពានមកដែនអធិបតេយ្យភាពកម្ពុជាការធ្វើប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន PTT របស់ថៃនៅកម្ពុជាបានជួបការលំបាក និងដាំក្បាលចុះយ៉ាងគំហ៊ុក ក្រោយពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការមិនប្រើប្រាស់ប្រេងឥន្ធនៈ ទំនិញផ្សេងៗ និងសេវាកម្ម ដែលមានប្រភពមកពីប្រទេសថៃ។
បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំក្រុមហ៊ុនប្រេងឥន្ធនៈខ្នាតយក្សរបស់ថៃមួយនេះបានឲ្យដឹងថា៖ នៅត្រីមាសទី១ឆ្នាំ២០២៦ ការធ្លាក់លក់ប្រេងរបស់ខ្លួននៅកម្ពុជាសម្រេចបានតែជាង៤៦លានលីត្រតែប៉ុណ្ណោះបានដាំក្បាលចុះយ៉ាងគំហុក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលលក់បានរហូតដល់១៦៩លានលីត្រ។ ថ្នាក់ដឹកនាំក្រុមហ៊ុននេះព្រមានថា ខ្លួននឹងពិចារណាដកខ្លួនចេញពីទីផ្សារកម្ពុជា ប្រសិនបើការលក់របស់ខ្លួននៅតែបន្តធ្លាក់ចុះបន្ថែមទៀត។ផលប៉ះពាល់ជាខ្សែចង្វាក់នេះបានបង្ខំឱ្យម្ចាស់អាជីវកម្មជាជនជាតិខ្មែរ ដែលធ្វើប្រតិបត្តិការអាជីវកម្មលក់ប្រេងឥន្ធនៈក្រោមម៉ាកយីហោពីថៃ ត្រូវប្រឈមមុខនឹងហានិភ័យខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារការលក់ដាំក្បាលចុះ។
ជាក់ស្តែងស្ថានីយ៍ប្រេងឥន្ធនៈមង្គលព្រែកកំពឹស ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ២, ភូមិក្រាំងស្វាយ, សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីជួបវិបត្តិការលក់ធ្លាក់ចុះខ្លាំង ម្ចាស់ស្ថានីយប្រេងឥន្ធនៈមួយនេះ សុខចិត្តចំណាយប្រាក់វិនិយោគរាប់សិបម៉ឺនដុល្លារទម្លាក់ស្លាកយីហោប្រេង PTT របស់ថៃមកជ្រកក្រោមម៉ាកយីហោ កាល់តិច (Caltex) របស់ក្រុមហ៊ុនអាម៉េរិក Chevronវិញ។ ស្ថានីយប្រេងឥន្ធនៈ ដែលមានឈ្មោះថា កាល់តិចមង្គលព្រែកកំពឹសនេះ បានសម្ពោធបើកដំណើរការបម្រើអតិថិជនជាផ្លូវកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ដែលមានការចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
ការសម្រេចចិត្តឈប់បន្តកិច្ចសន្យាធ្វើអាជីវកម្មក្រោមស្លាសញ្ញា PTT របស់ប្រទេសថៃ ហើយងាកមកចាប់ដៃជាមួយ Caltex នាពេលនេះ ត្រូវទាមទារឱ្យម្ចាស់អាជីវកម្មជាជនជាតិខ្មែរត្រូវរ៉ាប់រងការចំណាយ និងវិនិយោគបន្ថែមរាប់សិបម៉ឺនដុល្លារក្នុងការកែប្រែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស និងសោភណភាពស្ថានីយទាំងមូល។ ទោះជាយ៉ាងណា ការហ៊ានលះបង់ និងបត់បែនទិសដៅអាជីវកម្មភ្លាមៗស្របតាមបេះដូងអតិថិជននេះ ទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងច្រើនដីពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអ្នកធ្វើដំណើរឆ្លងកាត់។
អតិថិជនជាច្រើនដែលបានចូលមកប្រើប្រាស់សេវាកម្មចាក់ប្រេងនៅស្ថានីយប្រេងឥន្ធនៈ កាល់តិចមង្គលព្រែកកំពឹងបានសម្តែងក្តីរីករាយ និងការពេញចិត្តជាខ្លាំងចំពោះការយល់ចិត្ត និងការឆ្លើយតបយ៉ាងឆាប់រហ័សរបស់ម្ចាស់ស្ថានីយនេះ។ ទន្ទឹមនឹងស្នើឱ្យពលរដ្ឋជួយគាំទ្រ ម្ចាស់ស្ថានីយ៍ប្រេងមួយនេះបានលើកឡើងថា៖ ក្រៅពីការលក់ប្រេងឥន្ធនៈគុណភាពខ្ពស់តាមស្តង់ដាកាល់តិចរបស់អាមេរិក ស្ថានីយ៍ក៍មានផ្សារលក់ទំនិញស្តាម៉ា,ហាងកាហ្វេផ្លឹស, អាហារដ្ឋាន, តូបលក់ទំនិញផ្សេងៗ និងមានបន្ទប់ទឹកស្អាតចាំបំរើអតិថិជនផងដែរ ហើយសន្យាថានឹងផ្តល់នូវសេវាជូនអតិថិជនឱ្យបានល្អប្រកបដោយសីលធម៌ សុជីវធម៌ និងរួសរាយរាក់ទាក់។
គួកត់សម្គាល់ថា៖ មិនមែនមានតែស្ថានីយប្រេងឥន្ធនៈ កាល់តិចមង្គលព្រែកកំពឹសមួយនេះ ទេដែលបានប្តូរស្លាកសញ្ញាពីក្រុមហ៊ុនប្រេងPtt របស់ប្រទេសថៃនោះគឺមានស្ថានីយ៍ប្រេងឥន្ធនៈ Ptt ជិត១០០ស្ថានីយ៍ទូទាំងប្រទេសបានទំលាក់ស្លាកptt ដូរមកក្រុមហ៊ុនប្រេងឥន្ធនៈផ្សេងៗដូចជា៖ Peace, Total, Caltex, BVM, Tela Khmer ជាដើម៕