លោក វ៉ាង យី ដែលមានមុខតំណែងជារដ្ឋមន្ត្រីការបរទេសផងនោះ បានលើកឡើងទៀតថា លោកមានការភ្ញាក់ផ្អើលខ្លាំងណាស់ ក្រោយពីលោកបានដំណឹងថា សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មមកលើមន្ត្រីចិន ទាក់ទិននឹងការចោទប្រកាន់រឿងរំលោភសិទ្ធិមនុស្សជនជាតិភាគតិចអ៊ុយហ្គ័រ ក្នុងខេត្តស៊ីនជាំង ទាំងដែលអឺរ៉ុបមិនមានភស្តុតាងជាក់លាក់ផងនោះ។
គួរជម្រាបថា ការរិះគន់ពីសំណាកមន្ត្រីជាន់ខ្ពស់ចិនទៅលើសហភាពអឺរ៉ុបដូចនេះធ្វើឡើងនៅបន្ទាប់ពីមួយសប្តាហ៍ក្រោយសហគមន៍អឺរ៉ុបបានបញ្ឈប់ការផ្តល់សច្ចាប័ន ដល់កិច្ចព្រមព្រៀងវិនិយោគជាមួយចិន ដើម្បីជាថ្នូរដល់រដ្ឋាភិបាលទីក្រុងប៉េកាំង ឲ្យដកចេញវិញនូវរាល់ទណ្ឌកម្ម ដែលចិនបានដាក់លើអ្នកនយោបាយរបស់អឺរ៉ុបកាលពីពេលកន្លងមក។
គួររំឭកដែរថា កាលពីខែមីនាចិនបានដាក់ទណ្ឌកម្មបកទៅលើមន្ត្រីអឺរ៉ុបវិញ ដែលជាការតបស្នងនឹងការដែលអឺរ៉ុបដាក់ទណ្ឌកម្មមកលើមន្ត្រីចិនជុំវិញសំណុំរឿងសិទ្ធិជនជាតិភាគតិចអ៊ុយហ្គ័រនៅខេត្តស៊ីនជាំង ប្រទេសចិន។
យ៉ាងណាមិញ លោក វ៉ាង យីបាននិយាយដោយជឿជាក់ថា អឺរ៉ុបបញ្ឈប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងវិនិយោគជាមួយចិន គឺមិនមែនធ្វើឲ្យចិនខាតបង់តែម្ខាងនោះទេ សូម្បីតែអឺរ៉ុបក៏បាត់បង់ផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះដែរ។
សូមបញ្ជាក់ថា ទោះបីចិននិងអឺរ៉ុបមានឈ្មោះជាដៃគូរពាណិជ្ជកម្មមួយនឹងគ្នាក៏ពិតមែន ប៉ុន្តែទំនាស់នយោបាយ បានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី ព្រមទាំងខាតបង់ប្រយោជន៍ពាណិជ្ជកម្មនិងសេដ្ឋកិច្ចអស់ជាច្រើនផងដែរ៕