ប្រមុខការទូតចិនលោកវ៉ាង យី នៅក្នុងសន្និសីទសារព័ត៌មានមួយក្រោយកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាប្រជាជនចិនបាននិយាយថា៖ ចិនមានឆន្ទៈក្នុងការបន្តដើរតួនាទីក្នុងន័យស្ថាបនា និងលើកទឹកចិត្តឲ្យភាគីជម្លោះ គឺរុស្ស៊ី និងអ៊ុយក្រែន មានកិច្ចចរចាសន្តិភាព ស្វែងរកដំណោះស្រាយដោយសន្តិវិធី ហើយចិនក៏បានត្រៀមខ្លួនជាស្រេចដែរ ក្នុងការធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីដើរតួជាអ្នកសម្របសម្រួលនៅពេលណាដែលចាំបាច់។
ប្រមុខការទូតក្រុងប៉េកាំងរូបនេះបន្ថែមទៀតថា ចំណងមិត្តភាពរវាងប្រទេសទាំងពីរ គឺចិន និងរុស្ស៊ី នៅតែរឹងមាំ។
គួរជម្រាបថា ចិនដែលបានបង្កើតភាពជាដៃគូនយោបាយ និងសេដ្ឋកិច្ចថ្មីមួយជាមួយរុស្ស៊ីកាលពីខែមុន ជាអ្នកឈរនៅក្នុងចំណោមប្រទេសមួយចំនួនតូច ដែលមិនបានថ្កោលទោសទីក្រុងមូស្គូក្នុងការបញ្ជូនកងទ័ពចូលប្រទេសអ៊ុយក្រែន។
លើសពីនេះ ចិនបានបដិសេធ មិនពិពណ៌នាប្រតិបត្តិការយោធារបស់រុស្ស៊ីថា ជាការឈ្លានពាននោះទេ។ កាលពីថ្ងៃចន្ទ លោក វ៉ាងយី បានចាត់ទុកការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែនថា ជាជម្លោះរវាងប្រទេសទាំងពីរនេះតែប៉ុណ្ណោះ ដោយមិនបានចាត់ទុកការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនឡើយ។
ទោះជាបែបនេះក្ដី ចិនបានអំពាវនាវឱ្យមានការសន្ទនា ដើម្បីសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធី ហើយបានសន្យាថា ខ្លួននឹងផ្គត់ផ្គង់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន ប៉ុន្តែប៉េកាំងបានច្រានចោលការដាក់ទណ្ឌកម្មនានា ដែលមានបំណងបង្អាក់សកម្មភាពហិរញ្ញវត្ថុរបស់ទីក្រុងម៉ូស្គូ។
លោក វ៉ាងយី បានអំពាវនាវដល់អ្នករិះគន់រុស្ស៊ីទាំងអស់ឱ្យគោរព ដល់ផលប្រយោជន៍សន្តិសុខជាតិស្របច្បាប់របស់រុស្ស៊ី ហើយបាននិយាយថា ការដោះស្រាយបញ្ហាស្មុគស្មាញ វាទាមទារឲ្យដោះស្រាយដោយភាពស្ងប់ស្ងាត់ និងសមហេតុផល ជាជាងការចាក់ប្រេងបន្ថែមទៅលើភ្លើង។
យ៉ាងណាក៏ដោយ ដូចគ្រប់គ្នាបានដឹងច្បាស់ពីទំនោររបស់ចិន ទៅរកទីក្រុងម៉ូស្គូ ជាក់ស្តែង កាលពីសប្តាហ៍មុន ក្នុងចំណោម ១៩៣ប្រទេស ចិនបានបោះឆ្នោតអនុប្បវាទលើសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងការដាក់សម្ពាធលើរុស្ស៊ី ឲ្យដកទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់ ខណៈជាង១៤០ប្រទេសទៀតបោះឆ្នោតគាំទ្រ ហើយមានតែ៥ប៉ុណ្ណោះដែលជំទាស់។ បន្ថែមលើនេះ ចិនបានបដិសេធសំណើរបស់សមភាគីអ៊ុយក្រែន ដែលបានទទូចឲ្យប៉េកាំងជួយនិយាយជាមួយរុស្ស៊ី និងជួយជ្រុំជ្រែងកិច្ចចរចាដើម្បីឈានទៅរកបទឈប់បាញ់ផងដែរ។
សូមជម្រាបថា មិនត្រឹមតែព្យាយាមបង្ហាញជំហរកណ្តាលក្នុងសំណុំរឿងរុស្ស៊ីនិងអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែចិនថែមទាំងឆ្លៀតនិយាយចោទប្រកាន់ និងរិះគន់សហរដ្ឋអាមេរិកថា កំពុងបង្កើតបក្សពួកនៅឥណ្ឌូប៉ាស៊ីហ្វិក ដូចអ្វីដែលខ្លួនធ្លាប់ធ្វើនៅអឺរ៉ុបខាងកើតតាមរយៈអង្គកាណាតូផងដែរ៕