
សាជីវកម្មថាមពលរបស់ចិន Power China បានដាក់ពាក្យប្ដឹងនៅប្រទេសសិង្ហបុរី ប្រឆាំងនឹងក្រុមហ៊ុនអគ្គិសនី Electricite du Laos (EdL) របស់ឡាវ ដើម្បីទារថ្លៃសេវាមិនទាន់សងចំនួន៥៥៥លានដុល្លារក្នុងគម្រោងសាងសង់វារីអគ្គិសនីទន្លេណាំអ៊ូ នៅក្នុងប្រទេសឡាវ ដែលមានតម្លៃសរុប២,៧ពាន់លានដុល្លារ ក្រោយវារីអគ្គិសនីនេះ បានចាប់ផ្តើមផលិតថាមពលនៅឆ្នាំ២០២១។
គម្រោងថាមពលដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុន Nam Ou Power ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធរបស់ក្រុមហ៊ុន Power China នេះ មានសមត្ថភាពផលិតថាមពលបានចំនួន១,២៧ជីហ្គាវ៉ាត់ (GW) ចេញពីវារីអគ្គិសនីចំនួនប្រាំពីរនៅតាមបណ្តោយទន្លេណាំអ៊ូ ប្រវែង៣៥០គីឡូម៉ែត្រ។
ប្រភពដែលដឹងពីបញ្ហានេះបានលើកឡើងថា មកដល់ពេលនេះក្រុមហ៊ុន EDL មិនទាន់ឆ្លើយតបនឹងការប្តឹងនេះនៅឡើយទេ ហើយថា នេះជាករណីមជ្ឈត្តកម្មអន្តរជាតិ លើកទីមួយ ដែលក្រុមហ៊ុនរដ្ឋរបស់ចិន បានដាក់ពាក្យប្ដឹងក្រុមហ៊ុន ដែលគ្រប់គ្រងដោយរដ្ឋាភិបាលឡាវ យ៉ាងដូច្នេះ។
គម្រោងវារីអគ្គិសនីនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ដើម្បីកសាងទំនាក់ទំនងពាណិជ្ជកម្ម និងដឹកជញ្ជូននៅទូទាំងអាស៊ី និងលើសពីនេះ។ ក្រុមអ្នករិះគន់នៅលោកខាងលិចបាននិយាយថា ការវិនិយោគសំខាន់ៗរបស់ចិន នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ បានជួយឱ្យចិន ទទួលបានអត្ថប្រយោជន៍ជាយុទ្ធសាស្រ្ត ប៉ុន្តែទីក្រុងប៉េកាំង បានបដិសេធចំពោះការលើកឡើងបែបនេះ។
ទាំងក្រុមហ៊ុន Power China និងក្រុមហ៊ុន EdL ព្រមទាំងមេធាវីរបស់ក្រុមហ៊ុន Nam Ou មិនបានឆ្លើយតបភ្លាមៗចំពោះបញ្ហានេះទេ ហើយក្រសួងការបរទេស ក្រុមហ៊ុននិយ័តករថាមពល និងក្រសួងពាណិជ្ជកម្មរបស់ចិន ក៏មិនបានឆ្លើយតបនឹងបញ្ហានេះដែរ៕
អត្ថបទ៖ សុខ មង្គល