រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវឱ្យអាម៉េរិក និងចិន ជម្នះឧបសគ្គឱ្យបានមុនជំនួបកំពូលរវាងមេដឹកនាំនៃប្រទេសទាំងពីរ។ ការអំពាវនាវនេះធ្វើឡើងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំប្រទេសចិន លោក ដេវីត ភើឌូ (David Perdue) កាលពីថ្ងៃទី២៦ ខែសីហា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានឱ្យដឹងថា លោក Wang Yi បានជំរុញឱ្យភាគីទាំងពីរផ្តោតលើកិច្ចសហប្រតិបត្តិការ គ្រប់គ្រងភាពខ្វែងគំនិតគ្នា និងលុបបំបាត់ឧបសគ្គ ដែលធ្វើឱ្យរាំស្ទះដល់ការផ្លាស់ប្តូរកម្រិតខ្ពស់។ លោក ក៏ទទួលស្គាល់ដែរថា ទំនាក់ទំនងចិន-អាម៉េរិក នៅតែប្រឈមហានិភ័យ និងបញ្ហាប្រឈមជាច្រើន។
គួររំឭកថា លោក ត្រាំ និងលោក ស៊ី ជីនភីង បានជួបគ្នាលើកចុងក្រោយនៅទីក្រុងប៉េកាំង កាលពីខែឧសភា ឆ្នាំនេះ ហើយបានព្រមព្រៀងរក្សាទំនាក់ទំនងឱ្យមានស្ថិរភាព និងបន្តផ្អាកធ្វើសង្គ្រាមពាណិជ្ជកម្មជាបណ្ដោះអាសន្ន។ ជាការកត់សម្គាល់លោក ត្រាំ បានអញ្ជើញលោក ស៊ី ជីនភីង ធ្វើទស្សនកិច្ចនៅអាម៉េរិកនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំនេះ ប៉ុន្តែភាគីចិនមិនទាន់បញ្ជាក់កាលបរិច្ឆេទជាផ្លូវការនៅឡើយទេ។
ទន្ទឹមនេះភាពតានតឹងនៅតែបន្តកើតមាន ដោយអាម៉េរិក រឹតបន្តឹងលើបច្ចេកវិទ្យាចិន ខណៈចិន ក៏ដាក់ទណ្ឌកម្ម និងរឹតបន្តឹងលើអង្គភាពអាម៉េរិកមួយចំនួន។ ជំនួបកំពូលដែលត្រូវបានរំពឹងទុកនេះនឹងក្លាយជាការសាកល្បងដ៏សំខាន់ថា តើមហាអំណាចធំបំផុតទាំងពីរអាចទប់ស្កាត់ការប្រកួតប្រជែងកុំឱ្យកាន់តែតានតឹងបាន ដែរឬយ៉ាងណា៕