សារព័ត៌មាន Global Times បានរាយការណ៍ថា របាយការណ៍ស្រាវជ្រាវ ដែលមានចំណងជើងថា ការយល់ឃើញរបស់ពិភពលោកលើការផ្លាស់ប្តូររបស់ប្រទេសចិន ឆ្ពោះទៅឆ្នាំ២០៥០ ត្រូវបានប្រកាសជាផ្លូវការនៅក្នុងសិក្ខាសាលាអន្តរជាតិមួយនាទីក្រុងប៉េកាំង ដោយមានការចូលរួមពីអតីតថ្នាក់ដឹកនាំរដ្ឋ អ្នកការទូត និងអ្នកប្រាជ្ញល្បីៗមកពី១៧ប្រទេស រួមទាំងសហរដ្ឋអាម៉េរិក, រុស្ស៊ី, ចក្រភពអង់គ្លេស, កាណាដា និងអូស្ត្រាលី។ របាយការណ៍ស្រាវជ្រាវនោះបានបង្ហាញថា ក្នុងចំណោម៣៦ ប្រទេសដែលបានចូលរួមស្ទង់មតិមានរហូតដល់ទៅ២៧ប្រទេស ដែលបង្ហាញការពេញចិត្តលើប្រទេសចិន ខ្ពស់ជាងសហរដ្ឋអាម៉េរិក ដោយចិន ទទួលបានការពេញចិត្តប្រមាណ៤៦% ខណៈអាម៉េរិក បានត្រឹម៣៦%។
ជាមួយគ្នានេះ ប្រជាជននៅតំបន់អាស៊ាន និងមជ្ឈិមបូព៌ាជិត៨០% មានទស្សនៈវិជ្ជមានចំពោះចិន ហើយរហូតដល់៨៦% មានទំនុកចិត្តខ្ពស់លើការកើនឡើងនៃសេដ្ឋកិច្ចចិន។ សម្លឹងមើលទៅអនាគតឆ្ពោះទៅឆ្នាំ២០៥០ របាយការណ៍បានគូសបញ្ជាក់ថា ពិភពលោកនឹងលែងមើលឃើញចិនត្រឹមជារោងចក្រពិភពលោកទៀតហើយ ប៉ុន្តែចិននឹងក្លាយជាមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចសកល ជាប្រភពចម្បងនៃតម្រូវការទីផ្សារ ជាមជ្ឈមណ្ឌលនៃខ្សែច្រវាក់ឧស្សាហកម្ម និងជាកំពូលប្រភពនៃនវានុវត្តន៍បច្ចេកវិទ្យាចុងក្រោយបង្អស់។
លោក ដានីឡូ ទើក (Danilo Türk) អតីតប្រធានាធិបតីស្លូវេនី បានកត់សម្គាល់ថា គោលនយោបាយបើកចំហរបស់ចិន និងកំណើនភ្ញៀវទេសចរអន្តរជាតិ កំពុងបំបែករូបភាពចាស់ៗ និងកសាងការយល់ឃើញថ្មីៗជាច្រើនចំពោះចិន។ លោកបានបញ្ជាក់ថា អ្នកដែលបានទៅជាន់ទឹកដីចិន មិនត្រឹមតែលង់ស្នេហ៍នឹងសម្រស់ធម្មជាតិ និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែស្ងើចសរសើរខ្លាំងបំផុតលើភាពជឿនលឿនផ្នែកបច្ចេកវិទ្យា និងនគរូបនីយកម្មដ៏ទំនើប ដែលធ្វើឱ្យពិភពលោក ជាពិសេសប្រជាជនអឺរ៉ុប មើលឃើញចិនជាប្រទេសនៃអនាគត និងជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន៕
អត្ថបទៈ សួន ឡង់ទី