បច្ចុប្បន្នចិនកំពុងឈរជើងជាមហាអំណាចសេដ្ឋកិច្ចទី២ និង យោធាទី៣ នៅលើពិភពលោក ខណៈឥណ្ឌាជាមហាអំណាចសេដ្ឋកិច្ចទី៥ និងជាមហាអំណាចយោធាកំពូលមួយនៅក្នុងតំបន់ និងលើពិភពលោក។ មហាអំណាចទាំងពីរនេះកំពុងក្តោបក្តាប់ទីផ្សារ និងប្រជាជនសរុបប្រមាណជិត៣ពាន់លាននាក់ វាស្មើនឹងជិត៣៥% នៃប្រជាជនពិភពលោកទាំងមូល។
តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន ចិន និងឥណ្ឌា គឺជាអរិយធម៌ដ៏ចំណាស់ និងជាមហាអំណាច ដែលមានឥទ្ធិពលបំផុតនៅតំបន់អាស៊ី។ ទោះជាយ៉ាងណា ភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងការប្រកួតប្រជែងឥទ្ធិពលក្នុងតំបន់បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេស ដែលមានប្រជាជនច្រើនជាងគេបំផុតទាំងពីរនេះ ប្រេះឆាយ៉ាងធ្ងន់ធ្ងរនាពេលកន្លងមក។ ប៉ុន្តែនាពេលថ្មីៗនេះសញ្ញាវិជ្ជមាន នៃការដកថយអរិភាព និងការវិលត្រឡប់មករកតុចរចា កំពុងតែលេចរូបរាងឡើងវិញជាបណ្តើរៗហើយ។
ដើម្បីពង្រឹងកិត្យានុភាព និងរក្សាស្ថិរភាពតំបន់ ប្រទេសទាំងពីរបាន និងកំពុងខិតខំស្វែងរកច្រកចេញរួមគ្នា។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Asian News Network មហាអំណាចទាំងពីរនេះ បានឈានដល់កិច្ចព្រមព្រៀង៨ចំណុច ដើម្បីរក្សាសន្តិភាព និងភាពស្ងប់ស្ងាត់តាមបណ្តោយខ្សែបន្ទាត់ព្រំដែន ព្រមទាំងបើកផ្លូវឱ្យមានការចរចាស៊ីជម្រៅបន្ថែមទៀត។ ជាមួយគ្នានេះបើតាមទីភ្នាក់ងារ Reuters ក៏បានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) អាចនឹងធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសឥណ្ឌា នាខែកញ្ញា ខាងមុខនេះ ក្នុងឱកាសដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS នៅទីក្រុងញូវដេលី។
សញ្ញាទាំងនេះបានបង្ហាញថា ប្រសិនបើមហាយក្សអាស៊ីទាំងពីរអាចដោះស្រាយភាពមិនទុកចិត្តគ្នា និងរកឃើញរូបមន្តកុងសង់ស៊ីសស្មើភាពគ្នាមួយបាន នោះពិភពលោកនឹងឈានចូលដល់របត់ភូមិសាស្ត្រនយោបាយថ្មីសន្លាងមួយទៀតជាក់ជាមិនខាន ដែលវាអាចជំរុញឱ្យអាម៉េរិកត្រូវរៀបចំយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក និងការទូតរបស់ខ្លួនឡើងវិញទាំងស្រុង ខណៈឥទ្ធិពលយោធា និងសេដ្ឋកិច្ចនៅតំបន់អាស៊ី នឹងរំកិលមកស្ថិតនៅក្នុងកណ្តាប់ដៃមហាអំណាចតំបន់អាស៊ីវិញម្តង។
លើសពីនេះទៀត វានឹងធ្វើឱ្យមានការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់សកល ដោយសារចិនគឺជាប្រទេសរោងចក្រពិភពលោក ហើយឥណ្ឌាជាមជ្ឈមណ្ឌលផលិតកម្ម និងសេវាកម្មកំពុងស្ទុះងើបឡើងយ៉ាងខ្លាំង ហើយការរួមបញ្ចូលគ្នារវាងប្រទេសមហាអំណាចទាំងពីរនេះ នឹងធ្វើឱ្យមានការកែប្រែទម្រង់ពាណិជ្ជកម្មសកលលោកទាំងស្រុងតែម្តង។ លើសពីនេះ វានឹងជួយបង្កើនឥទ្ធិពលរបស់ប្លុក BRICS ឱ្យក្លាយជាអំណាចទប់ទល់ដ៏មានទម្ងន់បំផុតប្រឆាំងនឹងឥទ្ធិពលលោកខាងលិច។
ជារួមក្រុមអ្នកវិភាគបានអះអាងថា ប្រសិនបើចិន និងឥណ្ឌាអាចបញ្ចប់ជម្លោះព្រំដែន និង ងាកមកកសាងទំនុកចិត្តរួមគ្នាឡើងវិញបាន នោះសតវត្សរ៍ទី២១ មិនត្រឹមតែជាសតវត្សរ៍ នៃសេដ្ឋកិច្ចអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែអាស៊ីនឹងក្លាយជាអ្នកកម្ទេច និងបង្កើតច្បាប់ទម្លាប់នយោបាយសកលលោកសាជាថ្មីតែម្តង៕
ដោយៈ សរ សុជាតិ