រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី ហ្គីណា រៃម៉ុនដូ បាននិយាយថា មានយន្តហោះប៊ូអ៊ីង តម្លៃរាប់សិបពាន់លានដុល្លារ ដែលក្រុមហ៊ុនអាកាសចរណ៍ចិនចង់ទិញ ប៉ុន្តែត្រូវរដ្ឋាភិបាលទីក្រុងប៉េកាំងបានហាមឃាត់មិនឱ្យទិញយន្តហោះទាំងនោះនោះទេ។
ការដែលចិន មិនទិញយកយន្ដហោះពីអាមេរិកនេះ គឺនៅគ្រាដែលទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរកំពុងមានការប្រេះឆាកាន់តែខ្លាំងឡើងៗ និងគ្មានពន្លឺណាមួយថានឹងអាចផ្សះផ្សារមកវិញបាននៅឡើយទេ គិតមកទល់ពេលនេះ។ យ៉ាងណាមិញ ជុំវិញនឹងការដែលរដ្ឋាភិបាលចិនរារាំងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកខ្លួន មិនឲ្យទិញយន្ដហោះប្រភេទបូអ៊ីងរបស់អាមេរិកនេះដែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក ក៏បានបញ្ជាក់ច្បាស់ៗថា អាមេរិកនឹងលេងជាមួយចិនតាមផ្លូវច្បាប់ ហើយនឹងបន្ដដាក់សម្ពាធទៅលើចិនតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យចិនទទួលខុសត្រូវលើរឿងនេះ។
ដោយឡែក ក្រុមហ៊ុនប៊ូអ៊ីងឯណោះវិញ មិនបានធ្វើការអត្ថាធិប្បាយទៅកាន់សារព័ត៌មានអន្តរជាតិនានានោះទេ ជុំវិញនឹងរឿងនេះ។ ប៉ុន្តែគេនៅចាំបានថា កាលពីខែមីនា នាយកប្រតិបត្តិក្រុមហ៊ុន ប៊ូអ៊ីង លោក ដេវ កាល់ហួន (Dave Calhoun) បានជំរុញឱ្យសហរដ្ឋអាមេរិករក្សាជំហរសិទ្ធិមនុស្ស និង វិវាទផ្សេងៗទៀត តែត្រូវដាច់ដោយឡែកពីទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង ព្រមទាំងត្រូវបន្តជំរុញបរិយាកាសពាណិជ្ជកម្មសេរីរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះបន្ថែមទៀត។
ក្រុមហ៊ុនប៊ូអ៊ីងបានបង្កើនការព្យាករតម្រូវការយន្តហោះរបស់ប្រទេសចិនក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ក្រោយមើលឃើញពីការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សរបស់ប្រទេសនេះពីវិបត្តិកូវីដ ១៩ និង ការរីកចម្រើននាពេលអនាគតនៅក្នុងវិស័យអាកាសចរណ៍ និង ពាណិជ្ជកម្មអេឡិចត្រូនិក។ ទន្ទឹមនេះ ក្រុមហ៊ុន ប៊ូអ៊ីង បានប៉ាន់ប្រមាណថា ក្រុមហ៊ុនអាកាសចរណ៍ចិននឹងត្រូវការយន្តហោះថ្មីចំនួន ៨.៧០០ គ្រឿងរហូតដល់ឆ្នាំ ២០៤០ ដែលនឹងមានតម្លៃជិត ១,៥ ទ្រីលានដុល្លារអាមេរិកឯណោះ៕
អត្ថបទ៖ ស៊ើងនិមល់