ប្រទេសថៃ

ថៃតម្រង់គោលដៅចាប់យកភ្ញៀវទេសចរឥណ្ឌាជំនួសឱ្យការបាត់បង់ភ្ញៀវទេសចរចិន


ប្រទេសថៃ បាននិងកំពុងរៀបចំផែនការទាក់ទាញភ្ញៀវទេសចរឥណ្ឌា អំឡុងពេលឈប់សម្រាកនៃរដូវបុណ្យប្រពៃណីរបស់ឥណ្ឌានាពេលខាងមុខនេះ ដើម្បីជួយស្រោចស្រង់ដល់ សេដ្ឋកិច្ចដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍មួយនេះ នៅចំពេលដែលបច្ចុប្បន្នថៃ ក៏បានបាត់បង់ភ្ញៀវទេសចរបរទេសយ៉ាងច្រើន រាប់បញ្ចូលទាំងការបាត់បង់ភ្ញៀវទេសចរចិន ដែលជាប្រភពចំណូលដ៏ធំមួយរបស់ប្រទេសថៃខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកថៃ កាលពីពេលថ្មីៗនេះ។
ប្រទេសថៃ បាននិងកំពុងរៀបចំផែនការទាក់ទាញភ្ញៀវទេសចរឥណ្ឌា

វិស័យ​ទេសចរណ៍​ថៃ រំពឹង​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ឥណ្ឌា នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២១​នេះ អំឡុង​ពេល​បុណ្យប្រពៃណី​នៃ​សាសនា​ហិណ្ឌូ ដែល​ដើរ​ស្របគ្នា​ទៅ​នឹង ផែនការ​របស់​រាជរដ្ឋាភិបាល​ថៃ ដែល​គ្រោង​នឹង​លើកលែង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ចាប់ពី​ថ្ងៃ​ទី ១ ខែវិច្ឆិកា​តទៅ​។ ក្រុមប្រឹក្សា​ទេសចរណ៍​ថៃ​។

ថៃ មិន​រំពឹង​ថា ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​អ្នកដំណើរ​ចិន នឹង​បន្ត​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ទេ ហើយ​ប្រទេស​ថៃ បាន​រំពឹង​ខ្ពស់​ទៅ​លើ អ្នកដំណើរ​មក​ពី​ប្រភព​ផ្សេង​ៗ ដែល​អាច​ទាញ​យក​ប្រយោជន៍​អំពី ការ​បន្ធូរបន្ថយ​វិធានការ​សម្រាប់​ភ្ញៀវ​ទេសចរ​នេះ​។

ក្រុមប្រឹក្សា​ទេសចរណ៍​ថៃ ជឿជាក់​ថា ប្រជាជន​ឥណ្ឌា ដែល​ជា​ក្រុម​ភ្ញៀវ​ទេសចរ​ច្រើន​លំដាប់​ទី ៣ នៅ​ក្នុង​ប្រទេស​ថៃ នឹង​ធ្វើ​ដំណើរ​កម្សាន្ត​មក​កាន់​ប្រទេស​ថៃ​ច្រើន​ឡើង​វិញ សម្រាប់​ការ​លំហែ​កម្សាន្ត ធ្វើ​សន្និសីទ​ធំ​ៗ និង​រៀបចំ​អា​ពា​ហ៌​ពិ​ពា​ហ៌​ជាដើម​។​ហើយ​ប្រសិនបើ ថៃ មាន​ផែនការ​បើក​ប្រទេស និង​តំបន់​ទេសចរណ៍​ជា​ច្រើន នៅ​ក្នុង​ខែវិច្ឆិកា​នេះ ពិធីបុណ្យ​សាសនា​របស់​ឥណ្ឌា គឺជា​ឱកាស​ក្នុង​ការ​ចាប់​យក​ភ្ញៀវ​ទេសចរ ព្រោះ​អ្នកដំណើរ​ឥណ្ឌា ពោរពេញ​ទៅ​ដោយ​សក្តានុពល និង​ធនធាន​ក្នុង​ការ​ចំណាយ​។

អ្នកដំណើរ​ឥណ្ឌា អាច​នឹង​ចំណាយ​ចន្លោះ​ពី ៨០០​ដុល្លារ ទៅ ២.២០០​ដុល្លារ​អា​មេ​រិ​ក ក្នុង​ដំណើរ​កម្សាន្ត​មួយ​លើក មក​កាន់​ប្រទេស​ថៃ​។

កាលពី​ឆ្នាំ ២០១៩ ភ្ញៀវ​ទេសចរ​ឥណ្ឌា ប្រមាណ ២​លាន​នាក់ ចូល​មក​កម្សាន្ត​នៅ​ក្នុង​ប្រទេស​ថៃ បង្កើត​ជា​ប្រាក់​ចំណូល​ប្រមាណ ២​ពាន់ ៣​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។

នៅ​ក្នុង​រយៈពេល ៨​ខែ ដើមឆ្នាំ ២០២១​នេះ ប្រទេស​ថៃ ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​ជាង ៧​ម៉ឺន​នាក់​ប៉ុណ្ណោះ ហើយ​ក្រុមប្រឹក្សា​ទេសចរណ៍​ថៃ ព្យាករ​ថា នឹង​ទទួល​បាន​ភ្ញៀវ​ប្រមាណ ២៨​ម៉ឺន​នាក់ ប៉ុណ្ណោះ ក្នុង​ពេញ​មួយ​ឆ្នាំ ២០២១​នេះ ខណៈ​វិស័យ​ទេសចរណ៍​មួយ​នេះ បាន​បាត់បង់​ការងារ​ជាង ៣​លាន​កន្លែង​ហើយ​ដោយសារ​វិបត្តិ​មេរោគ​កូ​វី​ដ​១៩​។

អាជ្ញាធរ​ទេសចរណ៍​ថៃ បាន​អះអាង​ថា វិស័យ​ទេសចរណ៍​របស់​ថៃ អាច​នឹង​ត្រូវការ​ពេលវេលា​ដល់​ទៅ ៥​ឆ្នាំ ដើម្បី​ត្រលប់​មក​រក​សភាព​ដើម​វិញ ហើយ​វា​ជា​សញ្ញា​មិនល្អ​មួយ សម្រាប់​ប្រទេស​ថៃ ដែល​ជា​ប្រទេស​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​វិស័យ​ទេសចរណ៍​។

វិស័យ​ទេសចរណ៍ បាន​ចូលរួម​ចំណែក​ដ៏​ធំ​ដល់​ទៅ ១ ភាគ ៥ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ដែល​ជា​ប្រទេស​ពឹងផ្អែក​ទៅ​លើ​ទេសចរណ៍​ខ្លាំង​ជាងគេ​បំផុត​នៅ​លើ​សកលលោក ហើយ​វិស័យ​មួយ​នេះ រំពឹង​នឹង​ត្រលប់​មក​រក​សភាព​ដើម​វិញ នៅ​ឆ្នាំ ២០២៦​ខាង​មុខ​។

ដោយឡែក សេដ្ឋកិច្ចវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​ថៃ បាន​លើក​ឡើង​ថា វិស័យ​ទេសចរណ៍​ទំនងជា​មិន​អាច​ក្រោក​ឡើង​វិញ ក្នុង​ឆ្នាំ ២០២១​នេះ​ទេ ហើយ​រំពឹង​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស ១៦​ម៉ឺន​នាក់​ប៉ុណ្ណោះ មុន​នឹង​កើនឡើង​វិញ​ដល់ ១​លាន ៧​សែន​នាក់ នៅ​ក្នុង​ឆ្នាំ ២០២២​ខាង​មុខ​។

គួរ​បញ្ជាក់​បន្តិច​ថា នៅ​ក្នុង​របាយការណ៍​ចុង​ក្រោយ​បំផុត​របស់ ធនាគារពិភពលោក បាន​ទម្លាក់​ការ​ព្យាករណ៍​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ មក​នៅ​ត្រឹម ១% ក្នុង​ឆ្នាំ ២០២១​នេះ ទាប​ការ​ព្យាករណ៍​កាលពី​ពេល​មុន ដែល​រំពឹង​នឹង​សម្រេច​បាន​ដល់​ទៅ ៤%៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក ចោទថារដ្ឋាភិបាលក្រុងប៉េកាំង កំពុងរារាំងក្រុមហ៊ុនអាកាសចរណ៍ចិន មិនឱ្យទិញយន្តហោះប៊ូអ៊ីងរបស់អាមេរិក

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា រដ្ឋាភិបាលចិនបាននិងកំពុងរារាំងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់ខ្លួន មិនឱ្យទិញយន្តហោះប្រភេទ ប…

បុណ្យភ្ជុំបិណ្ឌ មិនបានទៅលេងស្រុក អាចផ្ញើប្រាក់តាម អេស៊ីលីដាម៉ូបាល បាន!

ព័ត៌មាន
បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរខិតជិតចូលមកដល់ហើយ ប៉ុន្តែ ភាពមិនច្បាស់លាស់នៃស្ថានភាពកូវីដ-១៩ ធ្វើឲ្យប្រជាជនមួយចំនួន ដែលរស់នៅក្នុងទីក្រុងភ្នំពេញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ