យោងតាមតួលេខផ្លួវការពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំនួនទឹកប្រាក់វិនិយោគបានកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ២០១២មក ដោយកើនឡើង២៤ភាគរយពី ២,៩ពាន់លានដុល្លារក្នុងឆ្នាំ២០១២ ដល់ ៣,៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៦។
តួលេខដដែលបង្ហាញថា វិនិយោគិនក្នុងស្រុកបានជាប់លំដាប់ថ្នាក់លេមួយ ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ ខណៈវិនិយោគិនចិនបានក្លាយអ្នកនាំមុខវិញកាលពីឆ្នាំមុន ដោយមានទឹកប្រាក់វិនិយោគប្រមាណ ២៩,៩២ភាគរយនៃទឹកប្រាក់វិនិយោគសរុបចំនួន ៣,៦ពាន់លានដុល្លារ។
កម្ពុជាស្ថិតក្នុងលំដាប់លេខ២ដែលស្មើនឹង ២៧,៥៥ភាគរយ ហើយនិងជប៉ុនស្ថិតក្នុងលំដាប់លេខ៣ មានចំនួន ២២,៧៨ភាគរយ។
ភាគច្រើននៃការវិនិយោគផ្តោតនៅក្នុងវិស័យឧស្សាហកម្មនិងហេដ្ឋារចនាសម្ព័ន្ធ ដែលរួមគ្នាមានចំនួន៧២ភាគរយនៃការវិនិយោគសរុបក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
ក្នុងទិន្នន័យនេះ មិនរាប់បញ្ចូលតួលេខក្នុងវិស័យផ្សេងទៀត ដូចជា ធនាគារ ធានារ៉ាប់រងនិងសំណង់ទេ។
ទោះបីជាមិនមានព្រំដែនជាប់គ្នាក្តី ចិននិងកម្ពុជាមានទំនាក់ទំនងនយោបាយនិងពាណិជ្ជកម្មជាមួយគ្នាយ៉ាងជិតស្និទ្ធ។ ពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិនបានកើនឡើងដល់ ៤,3ពាន់លានដុល្លារនៅឆ្នាំ២០១៥ ដែលកើនឡើង ១៥ភាគរយពីឆ្នាំ២០១៤។
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានមកទស្សនកិច្ចកម្ពុជាកាលពីឆ្នាំមុន ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចមួយចំនួន រួមទាំងកិច្ចព្រមព្រៀងប្រាក់កម្ចីប្រមាណ ២៣៧លានដុល្លារនិងការលុបចោលបំណុលប្រហែលជា ៨៩លានដុល្លារផងដែរ៕