នៅពេលដែលបណ្តាប្រទេសជុំវិញសកលលោក ចាប់ផ្តើមបើកព្រំដែន និងបន្ធូរបន្ថយការរឹតបន្តឹងកូវីដ១៩ រដ្ឋាភិបាលចិនឯណោះវិញ បានចាប់ផ្តើមពង្រឹងយុទ្ធសាស្ត្រគ្មានកូវីដ ឬហៅ Zero-Covid ដែលមានបណ្តាប្រទេសតិចតួចប៉ុណ្ណោះនៅលើសកលលោក បង្ហាញឆន្ទៈខ្ពស់ក្នុងការទប់ស្កាត់យ៉ាងដូច្នេះ។
នៅក្នុងគម្រោងមជ្ឈមណ្ឌលចត្តាឡីស័កនេះ គឺមានអគារកម្ពស់ ៣ជាន់ ត្រូវបានសាងសង់ឡើងជាជួរដោយមានដំបូលពណ៌ប្រផេះម៉ូតចិនបុរាណ និង អភិវឌ្ឍឡើងនៅលើផ្ទៃដីទំហំធំ ស្មើនឹងតារាងបាល់ទាត់ចំនួន ៤៦ ទើបតែចាប់ផ្តើមសាងសង់បានជិត ៣ខែប៉ុណ្ណោះ។
មជ្ឈមណ្ឌលនេះ នឹងដើរតួនាទីជំនួសឲ្យ សណ្ឋាគារដែលបានកំណត់ក្នុងខេត្តក្វាងចូវ ដើម្បីទទួលការធ្វើចត្តាឡីស័ករបស់ ជនជាតិចិន និងអ្នកដំណើរដែលត្រលប់មកពីបរទេស ក្នុងន័យកាត់បន្ថយហានិភ័យនៃករណីនាំមេរោគចូលប្រទេសចិន។
អ្នកដំណើរទាំងអស់ នឹងត្រូវបានបញ្ជូនដោយផ្ទាល់តាមរយៈឡានក្រុង ពីអាកាសយានដ្ឋានមកកាន់មជ្ឈមណ្ឌលចត្តាឡីស័ក និងត្រូវរស់នៅក្នុងបន្ទប់របស់ពួកគេរយៈពេល ២សប្តាហ៍។
ដើម្បីកាត់បន្ថយការប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិក នៅតាមបន្ទប់នីមួយៗ គឺបំពាក់ទៅដោយ កាមេរ៉ាវីដេអូដែលអាចឆ្លើយឆ្លងបាន, ទែម៉ូម៉ែត្រវាស់កម្តៅដែលដើរដោយបច្ចេកវិទ្យា AI និងអាហារ ៣ពេលក្នុងមួយថ្ងៃ ដឹកជញ្ជូនដោយ មនុស្សយន្តផងដែរ។
មជ្ឈមណ្ឌលនេះ មានឈ្មោះជាផ្លូវការថា ស្ថានីយ៍សុខភាពអន្តរជាតិក្វាងចូវ ដែលជាការបង្កើតឡើងដំបូង ក្នុងប្រទេសចិន តែអ្នកជំនាញអះអាងថា វាអាចជាការបង្កើតដំបូង នៅក្នុងចំណោមផែនការដ៏ធំ ដែលរដ្ឋាភិបាល កំពុងពង្រឹងយុទ្ធសាស្ត្រ Zero-Covid។មជ្ឈមណ្ឌលផលិតកម្ម នៃទីក្រុងតុងគួន ដែលមានចម្ងាយធ្វើដំណើរប្រមាណ ១ម៉ោងពីខេត្តក្វាងចូវ ក៏បានចាប់ផ្តើមសាងសង់ ស្ថានីយសុខភាពអន្តរជាតិ ២ពាន់បន្ទប់ ហើយមជ្ឈមណ្ឌលបច្ចេកវិទ្យានៅទីក្រុងសិនជិន ក៏កំពុងរៀបចំផែនការបង្កើតមជ្ឈមណ្ឌលនេះដែរ។
ប្រទេសចិន បានបិទព្រំដែនជាង ១៨ខែទៅហើយ សម្រាប់ជនបរទេស ដោយមានចំនួនតិចតួចប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឲ្យចូល សូម្បីតែជនជាតិចិន ដែលវិលត្រលប់ចូលប្រទេសវិញ តម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅសណ្ឋាគារ និង ៧ថ្ងៃ បន្ថែមទៀតនៅតាមផ្ទះ។
សូមជម្រាបដែរថា ប្រទេសចិន កាន់តែរឹតបន្តឹងការធ្វើចត្តាឡីស័ក បើទោះបីជា អត្រានៃអ្នកចាក់វ៉ាក់សាំងរួចរាល់ កាន់តែកើនឡើងខ្ពស់ក៏ដោយ ដែលកាលពីដើមខែកញ្ញា មន្ត្រីជាន់ខ្ពស់ចិន បានលើកឡើងថា ប្រជាជនចិន ១ពាន់លាននាក់ ទទួលបានវ៉ាក់សាំងគ្រប់ដូស ដោយប្រើប្រាស់វ៉ាក់សាំងផលិតក្នុងស្រុក ដែលចំនួននេះ ស្មើនឹង ៧១% នៃប្រជាជនចិនសរុបប្រមាណ ១ពាន់ ៤រយលាននាក់៕
អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍