ប្រភពមកពីអាជ្ញាធរសន្តិសុខជប៉ុន បានប្រាប់សារព័ត៌មាននីកេថា ក្រុមហ៊ុនចិន Shenyang Aircraft Industry Group កាលពីចុងខែមិថុនា បានបញ្ចេញភាពយន្តមួយស្ដីពីយន្តហោះបំបាំងកាយថ្មីបំផុតរបស់ខ្លួន គឺយន្តហោះ Jian31B ឬក៏ J-31B ដើម្បីឱ្យសាធារណជនបានឃើញ ហើយទំនងជាសម្រាប់ប្រើប្រាស់នៅលើនាវាផ្ទុកយន្តហោះរបស់ចិន ហ្វូជៀន (Fujian)។
ប្រភពដដែលនេះបានបន្ថែមថា សមត្ថភាពរបស់យន្តហោះថ្មីនេះនឹងបង្កើនសមត្ថភាពរបស់កងទ័ពរំដោះប្រជាជនចិន ក្នុងការអនុវត្តយុទ្ធសាស្ត្ររបស់ខ្លួននៅតាមផ្លូវអាកាស និងសមុទ្រ ហើយក៏ជាការបង្កើនការគំរាមកំហែងរបស់ប្រទេសចិន ចំពោះប្រទេសជប៉ុន និងកោះតៃវ៉ាន់ផងដែរ។
បច្ចុប្បន្ន យោធាចិនបានប្រើប្រាស់យន្តហោះចម្បាំងជំនាន់ទី៤ Shenyang J-15 នៅលើនាវាផ្ទុកយន្តហោះរបស់ខ្លួន ហើយយន្តហោះចម្បាំង J-31B ដែលកំពុងអភិវឌ្ឍនេះនឹងធ្វើឱ្យប្រព័ន្ធរ៉ាដាកាន់តែពិបាកចាប់សញ្ញាបាន ព្រោះវាបានបំពាក់បច្ចេកវិជ្ជាទំនើបជាងម៉ូដែលមុនៗ ហើយវាមានសមត្ថភាពសម្របសម្រួលជាមួយនឹងយន្តហោះដ្រូនផងដែរ៕
អត្ថបទ៖ សុខ មង្គល