
ឯកឧត្តម ស៊ុន ចាន់ថុល បន្ថែមថា ដើម្បីឱ្យការវិនិយោគមួយជោគជ័យ កម្ពុជាបានត្រៀមរួចជាស្រេចនូវទីតាំង និងធនធានមនុស្សសម្រាប់បំពេញតម្រូវការរបស់ក្រុមហ៊ុន និងរង់ចាំតែការសម្រេចចិត្តរបស់វិនិយោគិន ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ក្នុងនោះ ច្បាប់ក៏ជាកត្តាសំខាន់មួយក្នុងកិច្ចការងារវិនិយោគផងដែរ។ កាលពីឆ្នាំ២០២១កន្លងទៅ កម្ពុជាបានដាក់ចេញនូវច្បាប់វិនិយោគថ្មី ដែលនឹងកាន់តែផ្ដល់ភាពងាយស្រួលក្នុងការវិនិយោគ ស្របតាមជំហរបើកចំហរទីផ្សារសេរីរបស់កម្ពុជា។

ក្នុងពិធីថ្លែងសុន្ទរកថាបើកវេទិកានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីយុទ្ធសាស្រ្តទាក់ទាញ វិនិយោគិនរបស់កម្ពុជា តាមរយៈការបង្ហាញអំពីសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចប្រមាណ ៧%ជាប់គ្នា ក្នុងរយៈពេល២០ឆ្នាំ មុនស្ថានភាពជំងឺកូវីដ១៩។ កម្ពុជាមានធនធានមនុស្សដែលមានវ័យក្រោម២៥ឆ្នាំ រហូតដល់ ៦០% ដែលសុទ្ធសឹងជាធនធានដ៏សំខាន់សម្រាប់កិច្ចការងារវិនិយោគរបស់ក្រុមហ៊ុនបណ្ដាក់ទុននៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនពីផែនការយុទ្ធសាស្រ្តថ្មីៗរបស់កម្ពុជារួមមាន ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ដែលមាន១៧៤គម្រោង ជាមួយតម្លៃសរុបប្រមាណ ៥០ពាន់លានដុល្លារអាមេរិចក្នុងផែនការ។ ក្រៅពីផែនការយុទ្ធសាស្រ្តនៅក្នុងប្រទេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបអំពីផែនការសហប្រតិបត្តិការជាមួយប្រទេសជាដៃគូដទៃទៀតរួមមាន៖ កិច្ចការងារសម្របសម្រួលអន្តរដ្ឋាភិបាលរវាងកម្ពុជា-ចិន ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ និងឯកឧត្តម វ៉ាង យី ជាសហប្រធាន ដើម្បីអនុវត្តផែនការកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ និងបន្ថែមពីនេះ ផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ វប្បធម៌ រវាងប្រទេសទាំងពីរ ក៏ត្រូវបានជម្រាបជូនផងដែរ។

