សម្តេចធិបតី និងលោក អានុទីន

សម្តេចធិបតី និងលោក អានុទីន ត្រូវបានគេរំពឹងថា នឹងអាចជួបទល់មុខគ្នាសាជាថ្មីនៅលើទឹកដីចិន


ស្របពេលដែលប្រទេសចិនត្រៀមបើកសន្និសីទបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ពិភពលោកឆ្នាំ២០២៦ និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីការគ្រប់គ្រង AI សកលចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកក្កដា ខាងមុខ ក្រសែភ្នែកអ្នកតាមដាននយោបាយតំបន់កំពុងសម្លឹងឆ្ពោះទៅកាន់ទីក្រុងសៀងហៃ ដោយរបៀបវារៈនយោបាយដ៏សំខាន់មួយកំពុងត្រូវបានគេចាប់អារម្មណ៍ខ្លាំងបើទោះបីវាមិនស្ថិតក្នុងកម្មវិធីផ្លូវការក៏ដោយ។
សម្តេចធិបតី និងលោក អានុទីន
ដោយ

របៀបវារៈនោះ គឺជំនួបដែលពិបាកនឹងអាចគេចផុតរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃនៅក្នុងពិធីបើកសន្និសីទដ៏ធំមួយនេះ។ ប្រភពព័ត៌មានការទូតបានទម្លាយថា មេដឹកនាំនៃប្រទេសជិតខាងទាំងពីរសុទ្ធតែត្រូវចូលរួមក្នុងពិធីបើកជាផ្លូវការក្រោមវត្តមានរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង។
ជំនួបដ៏រសើបដែលពិបាកនឹងជៀសផុតរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ ត្រូវបានគេរំពឹងថា អាចនឹងកើតមានឡើងសាជាថ្មីម្តងទៀត បន្ទាប់ពីជំនួបចុងក្រោយបង្អស់របស់មេដឹកនាំទាំងពីរនៅទីក្រុងហាណូយ ប្រទេសវៀតណាម និងទីក្រុងកាហ្សាន់ ប្រទេសរុស្ស៊ី។ តាមការគ្រោងទុកសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមសន្និសីទបច្ចេកវិទ្យា AI ពិភពលោកឆ្នាំ២០២៦ និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីការគ្រប់គ្រង AI សកលនៅទីក្រុងសៀងហៃ ប្រទេសចិន ដែលមានការចូលរួមពីនាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល ផងដែរ។
ទោះជាយ៉ាងណា បើផ្អែកតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កម្មវិធីការងាររបស់សម្តេចធិបតី មិនមានការបញ្ជាក់អំពីជំនួបពិភាក្សាទ្វេភាគីជាមួយលោក អានុទីន នោះឡើយ។ បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស សម្តេចធិបតី នឹងជួបសម្តែងការគួរសមជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង, ពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាង និងជំនួបការងារជាមួយតំណាងធុរជនឈានមុខរបស់ចិន។
បើតាមការបញ្ជាក់របស់លោក លីន ជៀន (Lin Jian) អ្នកនាំពាក្យក្រសួងការបរទេសចិន លោក អានុទីន ឆានវីរៈគុល នឹងទៅចូលរួមព្រឹត្តិការណ៍ខាងលើ និងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ ប៉ុន្តែអ្នកនាំពាក្យរូបនេះ ក៏មិនបានលើកឡើងអំពីរបៀបវារៈនៃជំនួបរវាងមេដឹកនាំថៃ និងមេដឹកនាំកម្ពុជានោះដែរ។
ជុំវិញភាពស្ងប់ស្ងាត់ផ្នែកការទូត តែបង្កប់ដោយភាពតានតឹងនេះ អ្នកវិភាគនយោបាយតំបន់មួយចំនួនបានលើកឡើងថា ដើម្បីជៀសវាងការរិះគន់ និងសម្ពាធពីមតិសាធារណៈនៅក្នុងប្រទេសថៃលោក អានុទីន ប្រហែលជាមិនចង់ជួបប្រឈមមុខផ្ទាល់ជាមួយ សម្តេចធិបតី ឡើយ ប៉ុន្តែនៅក្នុងទម្រង់ពិធីការនៃការបើកសន្និសីទរួមគ្នា គឺពិតជាពិបាកនឹងគេចរួចណាស់។
ក្រុមអ្នកវិភាគនយោបាយបានវាយតម្លៃថា ដំណើរទៅកាន់ប្រទេសចិនលើកនេះអាចនឹងមានសេណារីយ៉ូ មិនខុសពីជំនួបនៅទីក្រុងហាណូយ និងកាហ្សាន់នោះឡើយ។ នៅក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានរំពឹងថា នឹងបន្តបង្ហាញជំហរច្បាស់លាស់ និងម៉ឺងម៉ាត់របស់កម្ពុជាទៅកាន់សមភាគីថៃចំពោះករណី ដែលភាគីថៃនៅតែបន្តប្រើប្រាស់កម្លាំងយោធា ដើម្បីគ្រប់គ្រងដែនអធិបតេយ្យភាពរបស់កម្ពុជាដោយខុសច្បាប់។ បន្ថែមលើនេះ មេដឹកនាំកម្ពុជា នឹងបន្តសង្កត់ធ្ងន់លើជំហរដោះស្រាយរាល់បញ្ហាអរិភាពព្រំដែន ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងយន្តការទ្វេភាគី ដែលមានស្រាប់រវាងប្រទេសទាំងពីរដោយសន្តិវិធី ភាពជាអ្នកជិតខាងល្អ និងសន្តិភាពពិតប្រាកដ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិន នៅតែបន្តបង្ហាញពីភាពត្រឹមត្រូវនៃការទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង ទោះមានប្រទេស​ជាច្រើនជំទាស់

មកដល់ពេលនេះ សេចក្តីសម្រេចរបស់​តុលាការអាជ្ញាកណ្តាល​អន្តរជាតិ ពាក់ព័ន្ធនឹង​ជម្លោះនៅដែនសមុទ្រចិន​ខាងត្បូង ចូលដល់ខួប១០ឆ្នាំហើយ ។ ចាប់តាំងព…

អង្គការសហប្រជាជាតិប្រឆាំងដាច់ខាតចំពោះការយកថ្លៃឆ្លងកាត់ច្រកសមុទ្រ ហ័រម៉ូស ក្រោយលោក ត្រាំ តម្រូវឱ្យនាវាឆ្លងកាត់បង់ថ្លៃការពារ

ការប៉ុនប៉ងយកថ្លៃលើនាវាឆ្លងកាត់ច្រកសមុទ្រហ័រម៉ូសរបស់លោក ដូណាល់ ត្រាំ កំពុងជួបរបាំងច្បាប់អន្តរជាតិ ដោយអង្គការដែនសមុទ្រអន្តរជាតិ (IMO) ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ