សារព័ត៌មាន VnExpress និងកាសែត South China Morning Post បានរាយការណ៍ដូចគ្នាថា រោងចក្រថាមពលដែលអ្នកវិទ្យាសាស្ត្រចិន ទើបបង្កើតមានសមត្ថភាពផលិតថាមពលអ៊ីដ្រូសែនកម្រិតបរិសុទ្ធរហូតដល់៩៩.៩៩% បានប្រមាណ៣៨ម៉ឺនម៉ែត្រគូប និងផលិតទឹកស្អាតបានរហូតដល់២៥៦តោនចេញពីទឹកសមុទ្រក្នុង១ឆ្នាំ។ អ្វីដែលកាន់តែពិសេស បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បានគូសបញ្ជាក់ថា ទឹកអំបិលដែលមានកំហាប់ខ្ពស់ ដែលសល់ពីដំណើរការបំបែកថាមពលនេះអាចយកទៅចម្រាញ់ទាញយកធាតុផ្សំដ៏មានតម្លៃដូចជាអំបិល អ៊ុយរ៉ាញ៉ូម និងប្រូមីនផងដែរ។
ទាក់ទិននឹងទិដ្ឋភាពសេដ្ឋកិច្ច ការសិក្សាបានប៉ាន់ប្រមាណថា ប្រព័ន្ធថ្មីនេះអាចកាត់បន្ថយថ្លៃដើមផលិតថាមពលអ៊ីដ្រូសែនមកនៅត្រឹម២ដុល្លារក្នុងមួយគីឡូក្រាមមានការធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងតម្លៃបច្ចុប្បន្នដែលមានប្រមាណ៣.៩ដុល្លារក្នុងមួយគីឡូក្រាម។ អ្នកវិទ្យាសាស្ត្រចិនបានចាត់ទុកនេះជាជំហានដ៏មានសក្តានុពលមួយសម្រាប់ឧស្សាហកម្មផលិតអ៊ីដ្រូសែនពីទឹកសមុទ្រ។ ជាទិសដៅបន្ត ក្រុមការងារនឹងផ្តោតលើការអភិវឌ្ឍសារធាតុជំរុញប្រតិកម្មឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីស្រូបយកកម្ដៅសំណល់ឱ្យបានជាអតិបរមា ព្រមទាំងបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីគ្រប់គ្រងប្រតិបត្តិការទាំងមូល។
ចិនកំពុងខិតខំយ៉ាងខ្លាំងលើការអភិវឌ្ឍន៍ថាមពលបៃតងនេះ។ បើតាមទិន្នន័យពីរដ្ឋបាលថាមពលជាតិចិន ក្នុងឆ្នាំ២០២៤ ប្រទេសចិនផលិតអ៊ីដ្រូសែនបានរហូតដល់ប្រមាណជាង៣៦លានតោន ដែលស្មើនឹងជាង១ភាគ៣នៃទិន្នផលអ៊ីដ្រូសែនសរុបនៅលើពិភពលោក៕
អត្ថបទៈ សួន ឡង់ទី