លោក លាវ គុណ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន បានអះអាងអំពីការលើកលែងបំណុលចំពោះប្រទេសកំពុងអភិវឌ្ឍន៍នេះ គឺនៅពេលដែលបណ្ដាប្រទេសនៅតំបន់អាហ្វ្រិក បានរងការវាយប្រហារខ្លាំងដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ហើយប្រទេសទាំងនោះ កំពុងប្រឈមនឹងវិបត្តិបំណុលមួយបន្ថែមទៀត។ ប្រទេសតំបន់អាហ្វ្រិកទាំងនោះ ក៏ត្រូវការជំនួយរយៈពេលវែង ជាងអ្វីដែលផ្ដល់ជូនតាមរយៈគំនិតផ្ដួចផ្ដើមពន្យារសេវាបំណុលរបស់ប្រទេស G20នេះទៅទៀត ពោលគឺធ្វើយ៉ាងណាជួយឲ្យពួកគេអាចដោះស្រាយបញ្ហានៅពេលខាងទៀត និងការរក្សាបាននូវការវិនិយោគឲ្យបន្ដហូរចូលមកកាន់ប្រទេសខ្លួន។
ភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន, ភ្នាក់ងារជំនួយរបស់ប្រទេស និងធនាគារនាំចេញនាំចូលរបស់ចិន ដែលជាម្ចាស់បំណុលទ្វេភាគីផ្លូវការនោះ បានផ្អាកការទូទាត់បំណុលពីប្រទេសចំនួន ២៣ ប្រទេស ដែលមានតម្លៃសរុបដល់ទៅ ជាង១ ពាន់៣រយលានដុល្លារអាមេរិក។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុចិន។
ធនាគារអភិវឌ្ឍន៍ចិន ដែលជាម្ចាស់បំណុលបែបពាណិជ្ជកម្ម ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដែលជាប់ទាក់ទងនឹងការផ្អាកទូទាត់សងបំណុលក្នុងតម្លៃ ៧៤៨ លានដុល្លារអាមេរិកផងដែរ នៅចុងខែកញ្ញាកន្លងទៅនេះ។
ទោះយ៉ាងណា ចំនួននេះ គឺនៅមានតិចតួចនៅឡើយ បើធៀបជាមួយនឹងបំណុលដែលប្រទេសកំពុងអភិវឌ្ឍន៍ទាំងនោះ បានចំពាក់ប្រទេសចិន។ ប្រទេសក្រីក្រ ដែលមានជំពាក់បំណុលទ្វេភាគីជាមួយនឹងប្រទេស G20 គឺមានរហូតដល់ទៅ ១៧៨ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៩ ហើយក្នុងចំណោមនោះ ជំពាក់ប្រទេសចិន មានដល់ទៅ ៦៣% ទៅហើយ។ នេះបើតាមការសិក្សារបស់ធនាគារពិភពលោក។
ប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេស G20 ផ្សេងទៀត បានផ្ដល់ជូនប្រទេសក្រីក្របំផុតក្នុងពិភពលោក ដែលភាគច្រើននៅក្នុងតំបន់អាហ្វ្រិក សម្រាប់ការលើកលែងការសងបំណុលរហូត ដល់ពាក់កណ្ដាលឆ្នាំ២០២១ និងសម្រេចថា ប្រសិនបើមានតម្រូវការចាំបាច់ក៏អាចនឹងពន្យារពេល ៦ខែបន្តទៀតផងដែរ។
លោក លាវ រដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុចិន បញ្ជាក់ថា ចិនមានឆន្ទៈក្នុងការបង្កើតហិរញ្ញប្បទានជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយការគាំទ្រកាន់តែច្រើន នឹងបន្តផ្ដល់ជូនសម្រាប់ប្រទេសដែលមានរងផលប៉ះពាល់ខ្លាំងដោយសារតែមេរោគរាតត្បាត និងស្ថិតនៅក្រោមស្ថានភាពតានតឹងខ្លាំង ហើយចិនក៏នឹងផ្ដល់អាទិភាពដល់ការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ទៅកាន់ប្រទេសមានសេដ្ឋកិច្ចក្រីក្រទាំងនោះផងដែរ៕