លោក ហ្គ័រ សួយចិន អគ្គនាយករងនៃនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចអន្តរជាតិនៃក្រសួងការបរទសចិនបានបញ្ជាក់ប្រាប់សារព័ត៌មានស៊ិនហួរថា ប្រទេសចិនមិនត្រឹមតែធ្វើការផ្តល់ជំនួយជាវ៉ាក់សាំងប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំង ក៏បានគាំទ្រយ៉ាងសកម្មដល់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការផលិតវ៉ាក់សាំង ដើម្បីពង្រីកសមត្ថភាព និង កម្រិតវ៉ាក់សាំងជាសកលផងដែរ។
អគ្គនាយករងនៃនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចអន្តរជាតិនៃក្រសួងការបរទសចិន បានគូសបញ្ជាក់ទៀតថា ដោយមានជំនួយពីរដ្ឋាភិបាលចិន សហគ្រាសផលិតវ៉ាក់សាំងក្នុងស្រុករបស់ចិន បានធ្វើកិច្ចសហប្រតិបត្តិការផលិកម្មវ៉ាក់សាំងរួមគ្នាជាមួយនឹងប្រទេសជាច្រើនដូចជា ប្រទេសអារ៉ាប់រួម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី អេហ្ស៊ីប ប្រេស៊ីល តួគី ប៉ាគីស្ថាន និងម៉ិកស៊ិកជាដើម ដោយគិតមកទល់ពេលនេះ ចិនបានសហការជាមួយប្រទេសទាំងនេះ សម្រេចបានការផលិតវ៉ាក់សាំងប្រមាណ ២០០លានដូសហើយ។
គួរជម្រាបថា ក្នុងចំណោមប្រទេសចំនួន ១៤០ដែលបានចុះហត្ថលេខាជាដៃគូក្នុងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយជាមួយប្រទេសចិន មានប្រទេសប្រមាណ ៨៤ប្រទេសហើយ ដែលបានដាក់ស្នើសុំ និងទិញយកវ៉ាក់សាំង ដែលផលិតដោយប្រទេសចិន គិតត្រឹមឆមាសទី១ឆ្នាំ២០២១នេះ ហើយចិនក៏បានយល់ព្រមលើសំណើរទាំងនោះហើយដែរ។ទន្ទឹមនឹងនេះ មន្ត្រីជាន់ខ្ពស់ចិនក៏បានបង្ហើបឲ្យដឹងដែរថា ខ្លួននឹងផ្តល់វ៉ាក់សាំងចំនួនដំបូងប្រមាណ ១០លានដូសដល់យន្តការ COVAX របស់អង្កការសុខភាពពិភពលោក នៅក្នុងពេលឆាប់ៗខាងមុខ។
សូមបញ្ជាក់ថា ចិនជាប្រទេសឈរកំពូលតារាង រាប់ចាប់តាំងពីការចាក់វ៉ាក់សាំងដល់ពលរដ្ឋបានច្រើនជាងគេ ផ្តល់វ៉ាក់សាំងឲ្យបរទេសច្រើនជាងគេ និងនិយាយជារួមផលិតវ៉ាក់សាំងបានច្រើនជាងគេបង្អស់ក្នុងពិភពលោក។ នេះបើតាមទិន្នន័យដែលរៀបរៀងចងក្រង និង ធ្វើបច្ចុប្បន្នភាព ដោយសារព័ត៌មាន Bloomberg៕