ការចាក់វ៉ាក់សាំងកូវីដ-១៩

ចិន ផ្ដល់វ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាជន​ខ្លួន ដែលកំពុងរស់នៅប្រទេសថៃ


ជនជាតិចិន ដែលរស់នៅក្នុងប្រទេសថៃត្រូវបានចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ហើយ កាលពីព្រហស្បតិ៍សប្ដាហ៍នេះ ក្រោមយុទ្ធនាការសាកលរបស់រដ្ឋាភិបាលចិនក្នុងការផ្ដល់វ៉ាក់សាំងដើម្បីចាក់ជូនប្រជាជនរបស់ខ្លួនដែលកំពុងរស់នៅ និងធ្វើការងារនៅឯនាយសមុទ្រ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន AP។
ចិន នឹងចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅប្រទេសថៃ (រូបភាព៖ Xinhua)
ដោយ

ប្រទេសចិន បាន​បរិច្ចាគ​វ៉ាក់សាំង​ ៥០ម៉ឺនដូស ហើយថៃ​បាន​ទទួលយកវ៉ាក់សាំង​ទាំងនោះ ដើម្បី​ចាក់ជូន​​ជនជាតិចិន​ ​ដែលកំពុង​ស្នាក់នៅ​ប្រទេសថៃ នៅគ្រាដែលប្រទេសនេះ​​កំពុង​មានភាព​យឺតយ៉ាវ​ក្នុងការ​ចាក់វ៉ាក់សាំង​សម្រាប់​​ពលរដ្ឋ​ខ្លួន នៅចំពេលដែល​ស្ថានការណ៍កូវីដ-១៩​​​​កំពុងតែ​បន្ដកើនឡើង​កាន់តែខ្លាំង​នៅរយៈពេល ​២ទៅ៣ខែកន្លងមកនេះ។

លោក Yang Xin ទីប្រឹក្សារដ្ឋមន្ត្រី​នៅ​ស្ថានទូតចិន​​ប្រចាំប្រទេសថៃ បាន​និយាយថា កម្មវិធី “ពន្លកនិទាឃរដូវ” (Spring Sprout) របស់​ទីក្រុង​ប៉េកាំង​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាជន​ចិន​​រាប់ម៉ឺននាក់​ដែលនៅក្នុង​ប្រទេសថៃ ដោយ​តាមរយៈការប៉ាន់​ស្មាន​ចំនួន​ពលរដ្ឋ​ចិន ​ដែលរស់​នៅ​ក្នុង​ប្រទេសថៃ​នេះ មានប្រមាណ​ ១៥ម៉ឺននាក់។

ប្រទេសចិន​​មកទល់ពេលនេះ បាន​ផ្គត់ផ្គង់វ៉ាក់សាំង ​៦លានដូសហើយ ​សម្រាប់​ប្រទេស​ថៃ ដែលជាចំនួន​ច្រើន​ជាងគេ​ក្នុងចំណោម​វ៉ាក់សាំងដែលថៃបានទិញ។ រដ្ឋាភិបាលថៃថ្មីៗនេះ ​បាន​ប្រកាសថា នឹងចាក់វ៉ាក់សាំង​កូវីដ-១៩​ សម្រាប់ជនជាតិថៃ​ជា​មុនសិន ទើប​បន្ដ​​ចាក់វ៉ាក់សាំង​​ជូន​ដល់​ជនបរទេស​ជាច្រើនផ្សេងទៀត។

មានប្រហែលតែ ២%​ប៉ុណ្ណោះ នៃប្រជាជនថៃ​សរុប ​៧០លាននាក់​ បាន​ទទួលការចាក់វ៉ាក់សាំងដូសទី១ និងអ្នកដែលបាន​ចាក់​គ្រប់ចំនួនពីរដូស​​មានត្រឹមតែ​១%ប៉ុណ្ណោះ គិតមកទល់ពេលនេះ។ រដ្ឋាភិបាល​សង្ឃឹមថា ការចាក់វ៉ាក់សាំង​ឲ្យ​បាន​ដល់​ ៧០%​​នៃចំនួន​ប្រជាជន​សរុប​ នឹង​ត្រូវ​បញ្ចប់​ឲ្យបាន​នៅត្រឹម​ចុងឆ្នាំនេះ ប៉ុន្ដែ​ក៏មានការ​រិះគន់​ខ្លាំងទៅលើ​រដ្ឋាភិបាលថៃផងដែរ អំពី​មាន​ការពន្យារពេល​យូរពេក​នៃ​ការចាប់ផ្ដើមកម្មវិធី​ចាក់វ៉ាក់សាំងរបស់ខ្លួន។

មន្ត្រី​រដ្ឋាភិបាលចិន​បាន​និយាយ​​នៅក្នុង​កាសែត​ក្នុងស្រុកថា មាន​ជនជាតិចិន​​ជាង​ ៥០ម៉ឺននាក់​នៅក្នុង​ ​១២០​ប្រទេស​ បាន​ទទួល​ការចាក់វ៉ាក់សាំង​ពី​កម្មវិធី “ពន្លកនិទាឃរដូវ”​ តាំងតែពី​​មានការ​បើកដាក់​ឲ្យដំណើរការ​​ក្នុងខែ​​មីនាមក។

សូមបញ្ជាក់ថា ​គិតត្រឹម​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ អាជ្ញាធរសុខាភិបាល​ថៃ​​បាន​រាយការណ៍ថា អ្នកឆ្លងកូវីដ-១៩​ករណីថ្មី​មានជាង២ពាន់​៦រយនាក់ និងមាន​អ្នកស្លាប់២៥នាក់។ បើគិតពីចំនួន​អ្នកឆ្លងសរុប​វិញថៃ ​មានការកើនឡើងដល់​ប្រមាណ​ ១២ម៉ឺននាក់ហើយ និងអ្នកស្លាប់​​មានដល់ទៅ​ជាង ​៧០០នាក់។ ចំនួន​អ្នកឆ្លង​នៅ​ក្នុងប្រទេសថៃ បានចាប់ផ្ដើម​​ហក់ឡើង​​ច្រើន​បំផុត​​ចាប់តាំងពីថ្ងៃទី ០១ ខែ​មេសាមកម្ល៉េះ។ អំឡុងពេល​ដែលមេរោគ​រាតត្បាតខ្លាំង​ប្រទេសថៃ ក៏មានការ​បិទខ្ទប់ និង​ផ្អាកដំណើការ​អាជីវកម្ម និង​ការដាក់ចេញបម្រាមគោចរផងដែរ។ 

នៅក្នុងប្រទេសថៃ​ដែលមាន​ប្រជាជន​ប្រហែល​៧០លាននាក់ ក៏មាន​ជនអន្តប្រវេសន៍​​​ប្រមាណ​២លាន​៥សែនាក់កំពុង​រស់នៅ និងធ្វើការ​នៅក្នុងប្រទេសនេះ ដោយភាគច្រើន​ពួកគេមកពី​ប្រទេសជិតខាង​ដូចជា ​កម្ពុជា ឡាវ និងភូមា។ ពលករអន្តោប្រវេសន៍​ទាំងនោះ ធ្វើការ​នៅក្នុង​ការដ្ឋានសំណង់ និងរោងចក្រ​ជាដើម។

ដោយឡែក ជនជាតិចិន គឺជា​ជនបរទេស ​ដែលរស់នៅក្នុងប្រទេសថៃ​ច្រើនជាងគេ (មិនរាប់បញ្ចូល​ជនអន្តោប្រវេសន៍ពីប្រទេសជិតខាង) ហើយជនជាតិចិន​​​ក៏ជា​ជនបរទេស​តែមួយគត់ ​ដែលបាន​ទទួល​ការចាក់វ៉ាក់សាំង​​ក្រោម​យុទ្ធនាការ “ពន្លក​និទាឃរដូវ​”​ របស់រដ្ឋាភិបាលចិន។

ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក Natapanu Nopakun បាន​និយាយ​នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា មានជនអន្តោប្រវេសន៍​​ស្របច្បាប់​ប្រហែល ​១លាន​៣សែននាក់​ធ្វើការ​នៅក្នុង​ទីក្រុង​បាងកក និងតំបន់​ក្បែរៗនោះ ខណៈដែលពលករ​អន្តោប្រវេសន៍​​​ខុសច្បាប់មាន​​ជាង​១លាននាក់​​​កំពុង​ធ្វើការនៅទូទាំង​​ប្រទេសថៃ។ ក្រសួង​ការងារ​ថៃធ្លាប់បានលើកឡើងថា ក៏មានបំណង​នឹង​ចាក់វ៉ាក់សាំង​សម្រាប់​​ជនអន្តោប្រវេសន៍ទាំងអស់នោះផងដែរ ព្រោះថា​ការចល័ត​របស់ពួកគេ គឺ​មាន​ហានិភ័យខ្ពស់​ណាស់​នៅក្នុងការ​ទប់ស្កាត់​​ការចម្លងមេរោគ។

ក្រៅពីនេះ ក៏មាន​ជនបរទេស​ប្រមាណ​​២០ម៉ឺននាក់ទៀត ពីប្រទេសអូស្ត្រាលី ជប៉ុន អឺរ៉ុប អាមេរិក និង​ប្រទេសផ្សេងៗទៀតក៏កំពុង​រស់នៅប្រទេសថៃដែរ ដែលភាគច្រើន​នៃពួកគេ​ គឺជា​អ្នកជំនាញការ និង​និវត្តជន។ ជាមួយគ្នានេះ ក្រុមតំណាង​​ឲ្យជនជាតិ​អាមេរិកាំង ​ដែលរស់នៅ​ប្រទេសថៃ នាពេលកន្លងទៅនេះ ក៏បាន​ផ្ញើលិខិត​​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​អាមេរិក​លោក Antony Blinken  ដោយ​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ-១៩ សម្រាប់​ពួកគេផងដែរ៕

None



អត្ថបទបន្ទាប់


ចិនប្រកាសក្ដែងៗថា ខ្លួន​កំពុងផ្ដល់វ៉ាក់សាំងកូវីដ-១៩ដល់ប្រទេសនៅអាហ្វ្រិកជិត៤០

ប្រទេសចិន បានប្រកាសក្ដែងៗនៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍នេះថា ខ្លួនកំពុងផ្ដល់វ៉ាក់សាំងដល់ប្រទេសជិត៤០ហើយនៅតំបន់អាហ្វ្រិក និងបានអះអាងថាការជួយនេះ …

មិនចាំបាច់​មក​ការិយាល័យ​ផ្ទាល់​ក៏​អាច​បង់​ប្រាក់​សំណង​ឥណទាន តាម អេស៊ីលីដាម៉ូបាល បានដែរ...

លោកអ្នកអាច​ទូទាត់សំណងឥណទាន​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​ជាច្រើន តាមរយៈ អេស៊ីលីដាម៉ូបាល បាន​យ៉ាង​ងាយ​ស្រួល និង​មា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ