ទំនាក់ទំនង​សហភាពអឺរ៉ុប-ចិន

ជំនួបកំពូលពិសេស​ ចិន-សហភាពអឺរ៉ុប នៅខែ​កញ្ញានេះ នឹងផ្ដោត​លើ​ពាណិជ្ជកម្ម


ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹង​ប្រារព្ធ​ជំនួប​កំពូល​តាមវីដេអូ​ ជាមួយ​នឹង​មេដឹកនាំ​សហភាព​អឺរ៉ុប​មួយចំនួន នៅ​ពាក់កណ្ដាល​ខែកញ្ញាខាងមុខនេះ ដែលនឹងផ្ដោត​សំខាន់​លើ​បញ្ហា​ពាណិជ្ជកម្ម ខណៈដែល​នៅ​សល់តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​ ការ​បោះឆ្នោតប្រធានាធិបតី​​នៅអាមេរិក​នឹង​ចាប់ផ្ដើម ។
ជំនួបកំពូលពិសេស​ ចិន-សហភាពអឺរ៉ុប នៅខែ​កញ្ញានេះ នឹងផ្ដោត​លើ​ពាណិជ្ជកម្ម។
ដោយ

បើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post អធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel និង​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ត្រូវគេ​រំពឹង​ថា នឹងចូលរួម​កិច្ច​ប្រជុំ​កំពូលនាថ្ងៃទី១៤ ខែកញ្ញានេះ រួមជាមួយនឹង​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប និង​ប្រធាន​គណៈកម្មការអឺរ៉ុប ផងដែរ ។ 

សហភាពអឺរ៉ុប​កំពុងចរចា​ជាមួយ​ចិន អំពី​កិច្ច​ព្រមព្រៀង​វិនិយោគ​ដ៏មានសក្ដានុពលមួយ ដែល​នឹង​ការពារ​ផលប្រយោជន៍ក្រុមហ៊ុន​អឺរ៉ុប​ដែលរកស៊ី​នៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ច​ពិភពលោកទីពីរនេះ ។ 

ប្រភព​ EU មួយ​ បាន​ប្រាប់ South China Morning Post ថា អាទិភាព​នៃជំនួប​កំពូល​ពិសេស​នេះ គឺស្ដីពី​ការ​ចរចា​កិច្ច​ព្រមព្រៀង​វិនិយោគ សហភាពអឺរ៉ុប-ចិន ឲ្យរួចរាល់ជាស្ថាពរ​នៅ​ដំណាច់ឆ្នាំ​នេះ ។

អ្វីដែលស្ថិតក្នុងការពិភាក្សាគ្នានៅឡើយ គឺថា ជំនួបកំពូល​នាខែ​កញ្ញានេះ អាចនឹង​បង្រួម​តូច​ខុសពីផែនការដើមដែលគ្រោងជួបផ្ទាល់ទល់មុខគ្នា​ជាមួយ​ប្រមុខរដ្ឋាភិបាល​សមាជិក​អឺរ៉ុប​ទាំង ២៧ ប្រទេស ដែល​កាន់​តែច្រើនឡើង បាន​មើល​​មកចិនចាត់ទុក​ចិន​​​​ជា​"គូ​ប្រជែងជាលក្ខណៈ​ប្រព័ន្ធ" ជាជាង​ជាដៃគូ ។ 

នៅសហរដ្ឋអាមេរិកវិញ លោក ចូ បាយដិន (Joe Biden) បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​នឹង​ប្រជែង​ដណ្ដើម​តំណែង​ពី​ប្រធានាធិបតី​ ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោត​នាខែ​វិច្ឆិកា ខាង​មុខនេះ បាន​ប្ដេជ្ញាថា នឹង​ធ្វើការ​ដុតដៃដុតជើង​ថែមទៀត​ជាមួយ​សម្ព័ន្ធមិត្ត​ដែលមាន​ចិត្តដូចគ្នា​ ដើម្បី​ដោះស្រាយ​គ្នា​ជាមួយ​ប្រទេសចិន ដែលការណ៍នេះ​បាន​នាំ​ឲ្យ​អ្នកការទូត​ចិន​មួយចំនួនជឿជាក់ថា វា​ជារឿង​បន្ទាន់សម្រាប់ចិន​ដែល​ត្រូវ​កសាង​ទំនាក់ទំនង​ការងារ​កាន់តែជិតស្និទ្ធ​ជាមួយ​បណ្ដា​ប្រទេស​នៅក្នុងសហភាព​អឺរ៉ុប ។ 

ដោយសារ​អាល្លឺម៉ង់​ បច្ចុប្បន្ន ជាប្រធានប្ដូរវេន​របស់​សហភាពអឺរ៉ុប លោកស្រី Merkel ដើមឡើយ ចង់​អញ្ជើញ​លោកប្រធានាធិបតី​ចិន ស៊ី ជិនពីង មកជួបប្រជុំគ្នា​ដោយផ្ទាល់ នៅទីក្រុង Leipzig ប្រទេស​អាល្លឺម៉ង់ ដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​រយៈពេលវែងរវាងសហភាពអឺរ៉ុប និងចិន ។ ប៉ុន្តែ ផែនការនេះ​ត្រូវអាក់ខានទៅវិញ ដោយសារ​ការឆ្លងរាតត្បាតនៃជំងឺ​កូវីដ១៩ ។ 

កន្លងមក មន្ត្រី​អ្នកធ្វើគោលនយោបាយ​ និងអ្នកការទូត​សហភាពអឺរ៉ុប បាន​ផ្ដល់សញ្ញាថា ពួកគេ​នឹង​មិន​ទទួលយក​កិច្ច​ព្រមព្រៀង​វិនិយោគណាមួយឡើយ ប្រសិន​បើ​គ្មាន​ការប្ដេជ្ញាចិត្ត​របស់ចិន​ក្នុងការ​បើក​ទីផ្សារ​ចិន​ឲ្យ​បានកាន់តែទូលំទូលាយ​ ដល់​ក្រុមហ៊ុន​អឺរ៉ុប​ ឬ​ក្នុងការ​បង្កើត​ឲ្យ​មាន​ភាពស្មើគ្នា​ក្នុងការប្រកួតប្រជែង​ រវាង​ក្រុមហ៊ុន​អឺរ៉ុប​និងក្រុមហ៊ុន​ចិន ឡើយ ៕




អត្ថបទបន្ទាប់


សម្តេច ស ខេង ឆ្លើយតប​នឹង​អង្គការ​សង្គមស៊ីវិល​ថា សេចក្តី​ព្រាងច្បាប់​សណ្តាប់​ធ្នាប់​សាធារណៈ​ជា​ការត្រឹមត្រូវ

ឧបនាយករដ្ឋមន្ត្រី សម្តេច ស ខេង នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០​នេះ បាន​ឆ្លើយតប​ទៅនឹង​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិប…

សម្តេចហ៊ុន សែន ៖ ផលិតផលកសិកម្មអាចនឹងនាំចូលទៅទីផ្សារចិនបានកាន់តែច្រើនថែមទៀត ខណៈកូវីដ-១៩នៅមិនទាន់បញ្ចប់

សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា នៅក្នុងកាលៈទេសៈនៃស្ថានភាពកូវីដ-១៩ មិនទាន់ថានឹងបញ្ចប់នៅពេលណានោះ ការផលិតស្បៀងអាហារប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ