ការឡើងសីតុណ្ហភាពខ្លាំងរយៈពេលជាង ៧០ ថ្ងៃ និងការខ្សត់ទឹកភ្លៀងបានធ្វើឱ្យមានការបំផ្លិចបំផ្លាញផលដំណាំស្ថិតនៅតាមអាងទន្លេយ៉ាងសេ ដែលទ្រទ្រង់ជីវភាពប្រជាជនជាង៤៥០ លាននាក់ ដែលតំបន់នេះ គឺមានការដាំដំណាំ ១ ភាគ ៣ នៃផលដំណាំទូទាំងប្រទេសចិនផងដែរ។
ទោះបីជាមានការរំពឹងទុកថា នឹងមានភ្លៀងធ្លាក់ក្នុងរយៈពេល ១០ ថ្ងៃខាងមុខទៀតនេះក៏ដោយ ប៉ុន្តែកសិករនៅជិតបឹងប៉ូយ៉ាង (Poyang) ដែលរីងស្ងួតនៅក្នុងខេត្ត Jiangxi នៅភាគកណ្តាលប្រទេសចិនដែលជាដៃទន្លេយ៉ាងសេនោះបានព្រួយបារម្ភថា រលកកម្ដៅនេះបានបំផ្លាញផលដំណាំច្រើនពេករួចទៅហើយ។
ក្រសួងកសិកម្មចិនកាលពីថ្ងៃអង្គារបានអំពាវនាវតាមសេចក្តីជូនដំណឹងបន្ទាន់មួយសុំឱ្យកសិករប្រមូលផល និងស្តុកទុកស្រូវ ហើយចាត់វិធានការពង្រឹងកំណើនគ្រាប់ធញ្ញជាតិនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ។ នៅតាមតំបន់មួយចំនួនដែលផលដំណាំនៅទីនោះបានខូចខាតដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងររួចទៅហើយនោះ កសិករត្រូវបានជំរុញឱ្យប្តូរទៅដាំមុខដំណាំចុងរដូវស្លឹកឈើជ្រុះវិញ មានដូចជាដំឡូងផ្អែមជាដើម ប៉ុន្តែវាមិនងាយស្រួលនោះទេ។
កសិករមួយចំនួនបាននិយាយថា ពួកគេមិនអាចប្តូរទៅដាំដំណាំផ្សេងទៀតបានឡើយពីព្រោះពួកគេគ្មានដីសម្រាប់ដាំនោះទេ។
ក្រសួងកសិកម្មបាននិយាយកាលពីថ្ងៃទី ២៣សីហាថា អាកាសធាតុក្តៅបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការផលិតគ្រាប់ធញ្ញជាតិនៅរដូវស្លឹកឈើជ្រុះ ហើយបានជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់ធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីស្វែងរកទឹកបន្ថែមទៀត។
ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា យន្តហោះគ្មានមនុស្សបើកត្រូវបានដាក់ពង្រាយនៅក្នុងខេត្ត Sichuan ដែលរងគ្រោះខ្លាំងជាងគេនៅភាគនិរតីនៃប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើតពពកសប្បនិម្មិត ដែលអាចទាក់ទាញទឹកភ្លៀង ខណៈដែលតំបន់ផ្សេងទៀតនៅតាមបណ្តោយទន្លេ យ៉ាងសេ បាននិងកំពុងចល័តអ្នកពន្លត់អគ្គិភ័យដើម្បីបាញ់ទឹកស្រោចដំណាំក្រៀមស្វិត។
ប្រទេសចិនដែលជាអ្នកប្រើប្រាស់និងនាំចូលអង្ករច្រើនជាងគេលើពិភពលោកនោះ ត្រូវបានគេរំពឹងថានឹងនាំចូលអង្ករចំនួន ៦ លានតោនក្នុងឆ្នាំ២០២២/២៣។ នេះបើយោងតាមការប៉ាន់ប្រមាណពីក្រសួងកសិកម្មសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ ជា