សេដ្ឋកិច្ចថៃ

ធនាគារមួយព្យាករថា បំណុលគ្រួសារនៅប្រទេសថៃ អាចកើនលើស៩១%នៃផលិតផលក្នុងស្រុកសរុប


ធនាគារ ធីអឹមប៊ី ថាណាឆាត (TMB Thanachart) នៅប្រទេសថៃ បានព្យាករថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ បំណុលគ្រួសារពលរដ្ឋនៅក្នុងប្រទេសថៃ អាចនឹងកើនឡើងដល់ជាង៩១%នៃផលិតផលក្នុងស្រុកសរុប (GDP) គឺឡើងដល់ទឹកប្រាក់សរុបជាង៤៧៥ពាន់លានដុល្លារអាម៉េរិក ដោយសារតែការងើបវិញនៃសេដ្ឋកិច្ចមានសន្ទុះយឺត ជាហេតុធ្វើឱ្យពលរដ្ឋធ្លាក់ចុះប្រាក់ចំណូល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សេដ្ឋកិច្ចថៃ
ដោយ

មជ្ឈមណ្ឌលវិភាគសេដ្ឋកិច្ច ធីធីប៊ី អ៊ែនណាឡាយទិក (TTB Analytics) ដែលជាបុត្រសម្ព័ន្ធនៃធនាគារ ធីអឹមប៊ី ថាណាឆាត (TMB Thanachart) បាននិយាយថា ការកើនឡើងនូវចំណាយហិរញ្ញវត្ថុ​នេះបាន​ធ្វើឱ្យស្ថានភាពកាន់តែលំបាកឡើង ដោយប៉ះពាល់ដល់សមត្ថភាពទូទាត់សងបំណុលរបស់អ្នកខ្ចី ហើយចុងក្រោយពលរដ្ឋជាច្រើនបានរត់ទៅខ្ចីលុយពីអ្នកចងការប្រាក់។

ទិន្នន័យរបស់ធនាគារកណ្ដាលថៃ (BOT) បង្ហាញថា សមតុល្យបំណុលគ្រួសារ​សរុបដែលមិនទាន់​ទូទាត់​សង​ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ មានចំនួនជិត៤៥៦ពាន់លានដុល្លារអាម៉េរិក ពោលគឺបាន​កើន​ឡើងជាង៣%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ និងស្មើនឹងជិត​៩១%​នៃផលិត​ផល​ក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ។

ធនាគារកណ្តាលថៃ ក៏បានរាយការណ៍ដែរថា ប្រាក់កម្ចីមិនដំណើរការនៅតាមធនាគារមួយចំនួន​បាន​កើន​ឡើងដល់ចំនួនជាង៤ពាន់លានដុល្លារអាម៉េរិក ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ដែលឆ្លុះបញ្ចាំង​ពីការ​កើនឡើង៣.៦%បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៣។ ធនាគារកណ្តាលថៃ បានបន្ថែមថា ចំណែកបំ​ណុល​​ដែលមិនទាន់ទូទាត់សងក្នុងរយៈពេលចន្លោះពី១ខែទៅ៣ខែ គឺមានចំនួនជាង១០ពាន់​លាន​ដុល្លារ​​អាម៉េរិក។

មជ្ឈមណ្ឌលវិភាគសេដ្ឋកិច្ច ធីធីប៊ី អ៊ែនណាឡាយទិក (TTB Analytics) និយាយថា បញ្ហាប្រឈមផ្នែក​បំណុលនេះកើតឡើងដោយសារការងើបឡើងវិញ នៃសេដ្ឋកិច្ចមានសន្ទុះយឺត និងកម្រិតប្រាក់​ចំណូល​របស់ពលរដ្ឋធ្លាក់ចុះ ហើយថា ទោះជាសេដ្ឋកិច្ចថៃ បង្ហាញសញ្ញាងើបឡើងវិញ ជាពិសេសក្នុងវិស័យនាំ​ចេញយ៉ាងណាក៏ដោយ ក៏អត្ថប្រយោជន៍បានតែទៅលើក្រុមហ៊ុនធំៗប៉ុណ្ណោះ។

មជ្ឈមណ្ឌលនេះក៏បានកត់សម្គាល់ដែរថា ឧស្សាហកម្មទេសចរណ៍របស់ថៃ ដែលមួយភាគធំ​ត្រូវបាន​ជំរុញដោយអាជីវកម្មខ្នាតតូច ក៏ទទួលបានសន្ទុះកំណើនយឺតផងដែរ ហើយស្ថានភាពហិរញ្ញវត្ថុនៃ​អាជីវកម្ម​​​​ខ្នាតតូចទាំងនេះនៅតែមានភាពផុយស្រួយនៅឡើយ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុងប៉េកាំងសាកល្បងទូទាត់សងថ្លៃបណ្ណបំណុលមុនកាលកំណត់១៧ឆ្នាំ ដើម្បីសន្សំការប្រាក់

ព័ត៌មាន
ក្រុងប៉េកាំង កំពុងសាកល្បងកម្មវិធីមួយ ដើម្បីទូទាត់សងថ្លៃបណ្ណបំណុលសម្រាប់គោលបំណងពិសេស (Special-Purpose Bond) របស់ខ្លួនមុនកាលកំណត់រយៈពេ…

តុលាការហុងកុង បង្គាប់ឱ្យលក់ឡាយឡុយក្រុមហ៊ុនអចលនទ្រព្យយក្សចិន China Evergrande

ព័ត៌មាន
តុលាការហុងកុង កាលពីថ្ងៃច័ន្ទ ទី២៩ ខែមករា បានចេញសាលដីកាបង្គាប់ឱ្យលក់ឡាយឡុងក្រុមហ៊ុនអចលនទ្រព្យយក្សចិន ឆាយណា អេវើហ្គ្រេន គ្រុប (China Ever…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ