ទិន្នន័យផ្លូវការបានបង្ហាញថា អត្រាគ្មានការងារធ្វើរបស់យុវជនចិន អាយុចន្លោះពី១៦ឆ្នាំដល់ ២៤ឆ្នាំ នៅតំបន់ទីក្រុងមានជិត១៥% កាលពីអំឡុងខែមិថុនា ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីរដ្ឋាភិបាលចិន បានកែប្រែវិធីសាស្ត្រគណនាអត្រាគ្មានការងារធ្វើនៅឆ្នាំ២០២៣។ អ្នកជំនាញសេដ្ឋកិច្ចរំពឹងថា អត្រាអត់ការងារធ្វើនៅប្រទេសចិន ដែលមានប្រជាជនជាង១,៤ពាន់លាននាក់នឹងបន្តកើនឡើង ខណៈនិស្សិតបញ្ចប់ការសិក្សាថ្មីៗរាប់លាននាក់កំពុងស្វែងរកការងារធ្វើ។
ក្រុមអ្នកវិភាគបានលើកឡើងថា កំណើនសេដ្ឋកិច្ចយឺត តម្រូវការប្រើប្រាស់ទន់ខ្សោយ និងការប្រើប្រាស់បច្ចេកវិទ្យា AI កាន់តែទូលំទូលាយ កំពុងបង្កសម្ពាធកាន់តែខ្លាំងលើទីផ្សារការងារ។ ធនាគារអាម៉េរិក Citigroup បានប៉ាន់ប្រមាណថា បច្ចេកវិទ្យា AI អាចជំនួសការងាររហូតដល់ទៅ៧០លានកន្លែងនៅក្នុងប្រទេសចិន ខណៈធនាគារអង់គ្លេស HSBC បញ្ជាក់ថា ចិន កំពុងទទួលយកបច្ចេកវិទ្យា AI លឿនជាងប្រទេសភាគច្រើននៅអាស៊ី និងសូម្បីតែសហរដ្ឋអាម៉េរិក។
ទីផ្សារការងារដែលកាន់តែតានតឹងបានក្លាយជាបញ្ហានយោបាយដ៏រសើបសម្រាប់ទីក្រុងប៉េកាំង ដោយសារការរក្សាស្ថិរភាពសង្គមនៅតែជាបញ្ហាអាទិភាព។ ទន្ទឹមនេះការចំណាយរបស់រដ្ឋាភិបាលលើមូលនិធិគាំទ្រអ្នកអត់ការងារធ្វើបានកើនឡើងដល់កម្រិតស្មើនឹងអំឡុងវិបត្តិកូវីដ-១៩ ទៅហើយ។ ទោះជាសម្ពាធកាន់តែកើនឡើងយ៉ាងណាក៏ដោយ ក៏មេដឹកនាំចិនមិនទាន់ប្រកាសវិធានការជំរុញសេដ្ឋកិច្ចថ្មីៗនៅឡើយទេ ដោយផ្តោតលើការប្រើប្រាស់ថវិកា ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព និងរក្សាគោលដៅកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤,៥% ទៅ ៥% សម្រាប់ឆ្នាំ២០២៦ នេះ៕
ដោយ: តែម សុខុម