តួយ៉ាង កន្លងមកនេះ ចិនក៏បានដាក់ចេញនូវគោលនយោបាយគ្មានកូវីដ១៩ ឬ Zero-Covid ផងដែរ។ ប៉ុន្ដែ ករណីឆ្លងប្រចាំថ្ងៃនៅប្រទេសចិន នៅតែហក់ឡើងខ្ពស់ ដោយសារតែមេរោគបំប្លែងថ្មីអូមីក្រុង ដែលជាប្រភេទមេរោគដែលមានសមត្ថភាពអាចចម្លងលឿន និងអាចយកឈ្នះទៅលើប្រសិទ្ធភាពវ៉ាក់សាំងថែមទៀតផង។
ដូចយើងដឹងស្រាប់ហើយថា បើទោះបីជាប្រទេសជាច្រើនទូទាំងពិភពលោកកំពុងរៀនរស់នៅជាមួយកូវីដ១៩ ដោយមានការបើកប្រទេស និងសកម្មភាពសេដ្ឋកិច្ចសង្គមធម្មតាឡើងវិញក៏ពិតមែន ប៉ុន្ដែសម្រាប់ចិន មិនបានជ្រើសដើរតាមផ្លូវរស់នៅជាមួយកូវីដ១៩នោះឡើយ ប៉ុន្ដែចិន បានជ្រើសរើសការដាក់ចេញគោលនយោបាយតឹងរ៉ឹងនៅក្នុងការទប់ស្កាត់កូវីដ១៩។ ទោះជាបែបនេះក្ដី ថ្មីៗនេះ ករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងពិភពលោកមួយនេះ នៅតែបន្ដកើនឡើង និងបានបំបែកកំណត់ត្រាករណីឆ្លងប្រចាំថ្ងៃដល់ក្នុងចំនួនជិត៣ពាន់៤រយនាក់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ពោលគឺ មានការកើនឡើងទ្វេដងធៀបនឹងថ្ងៃកន្លងទៅ។
ករណីឆ្លងកើនឡើងដល់រាប់ពាន់នាក់ក្នុងមួយថ្ងៃបែបនេះ ក៏បានបង្ខំឲ្យអាជ្ញាធរចិនដាក់ចេញវិធានការបិទខ្ទប់នៅក្នុងតំបន់ដែលមានករណីឆ្លងខ្លាំងមួយចំនួននៅក្នុងប្រទេស ហើយករណីឆ្លងដែលបានរកឃើញនៅថ្ងៃអាទិត្យម្សិលមិញនេះ គឺជាការឆ្លងរាលដាលធ្ងន់ធ្ងរខ្លាំងមែនទែននៅក្នុងរយៈពេល២ឆ្នាំមកនេះ។ បន្ថែមពីនេះ អាជ្ញាធរចិនក៏មានការបិទសាសារៀនឡើងវិញនៅក្នុងទីក្រុងសៀងហៃ និងបិទទីក្រុងមួយចំនួននៅភាគឦសាន ខណៈដែលខេត្តប្រហែល២០ផ្សេងទៀត កំពុងប្រយុទ្ធទប់ទល់ជាមួយនឹងការរាតត្បាតនៃមេរោគកូវីដ១៩ប្រភេទអូមីក្រុង និងឌែលតា ដែលកំពុងឆ្លងរីករាលដាលកាន់តែខ្លាំងឡើងៗ។
ប្រទេសចិនត្រូវបានគេដឹងថា បានរកឃើញករណីឆ្លងកូវីដ១៩ មុនគេបង្អស់នៅចុងឆ្នាំ២០១៩ ហើយបន្ទាប់ពីនោះ ចិនក៏បានដាក់ចេញវិធានការគ្រប់គ្រងកូវីដ១៩បានគត់មត់ជាងគេធៀបនឹងប្រទេសធំៗជាច្រើនទៀត ក៏ប៉ុន្ដែ នៅពេលក្រោយមានវត្តមានមេរោគបំប្លែងខ្លួនថ្មី អូមីក្រុងចេញរាតត្បាត ចិនបានចាប់ផ្ដើមប្រឈមនឹងការឆ្លងរាលដាលកូវីដ១៩កាន់តែច្រើនឡើងៗ បើទោះបីជាចិនមានវិធានការតឹងរ៉ឹងជាងគេក៏ដោយចុះ។
ទោះយ៉ាងណា តាមតួលេខពីស្ថាប័ន Worldometters បានបង្ហាញថា គិតមកទល់ពេលនេះ ចិនមានករណីឆ្លងកូវីដ១៩សរុបត្រឹមតែជាង១១ម៉ឺនករណីប៉ុណ្ណោះ និងមានអ្នកស្លាប់ជាង៤ពាន់៦រយនាក់។ ដោយឡែក ចំពោះការចាក់វ៉ាក់សាំងវិញ មកទល់ពេលនេះ ប្រទេសចិនដីគោក ដែលមានប្រជាជន១ពាន់៤រយលាននាក់នោះ អ្នកដែលទទួលបានការចាក់វ៉ាក់សាំងមានជាង៨៤%ហើយ ខណៈចំនួនវ៉ាក់សាំងដែលបានចាក់មានជាង៣ពាន់លានដូសហើយ៕