មន្រ្តីជាន់ខ្ពស់នៃ ក្រសួងពាណិជ្ជកម្មចិន បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៧ខែនេះ ទាំងទំហំពាណិជ្ជកម្មអន្តរជាតិ និងការវិនិយោគពីក្រៅប្រទេសចូលមកប្រទេសចិន សុទ្ធតែបង្ហាញពីសញ្ញាវិជ្ជមាន ដោយការនាំចេញទំនិញរបស់ចិន កើនឡើងជាវិជ្ជមាន ៤ខែជាប់ៗគ្នា ហើយគម្រោងវិនិយោគដោយប្រើប្រាស់ទុនបរទេស ក៏ចាប់ផ្តើមដំណើរការយ៉ាងឆាប់រហ័ស ប្រកបដោយភាពជោគជ័យ។
ទោះបីជា វិបត្តិកូវីដ១៩ នៅតែមិនទាន់បញ្ចប់ក្តី ក្នុងខែកក្កដាកន្លងទៅ ចិន ទាក់ទាញការវិនិយោគពីក្រៅប្រទេសជាង ៩ពាន់លានដុល្លារអាមេរិក កើនឡើង ១៥% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ដោយក្នុងនោះ វិស័យឧស្សាហកម្ម សេវាកម្ម ទាក់ទាញខ្លាំងជាងគេបំផុត។
ប្រភពទុននៃការវិនិយោគធំៗ បានមកពីហុង កុង, សិង្ហបុរី និងចក្រភពអង់គ្លេស ដែលមានកំណើនខ្ពស់ជាងគេដល់ទៅ ៤៨%។
បើតាមរបាយការណ៍ពី ក្រសួងពាណិជ្ជកម្មចិន បានបង្ហាញថា គិតចាប់ពី ខែមករា ដល់ខែកក្កដានេះ មានក្រុមហ៊ុនបង្កើតថ្មីនៅក្នុងប្រទេសចិនជាង ១,៨ម៉ឺនក្រុមហ៊ុន ក្នុងនោះ ជាង ៤០០ក្រុមហ៊ុនមកពី ប្រទេសជប៉ុន, ជាង ៥៨០ក្រុមហ៊ុន មកពីប្រទេសសិង្ហបុរី និង ៣០០ទៀតមកពីចក្រភពអង់គ្លេស។
ថ្វីបើ មានការលើកឡើងពី ការផ្លាស់ប្តូរមូលដ្ឋានផលិតកម្មចេញពី ប្រទេសចិន ទៅបណ្តាប្រទេសផ្សេងៗទៀត ដោយសារតែបញ្ហាជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ច និងវិបត្តិកូវីដ-១៩ក្តី ចិន នៅតែអះអាងថា វាជាធម្មជាតិនៃការប្រែប្រួលជាធម្មតារបស់ទីផ្សារប៉ុណ្ណោះ ដោយបណ្តាវិនិយោគិនទាំងអស់ ត្រូវការផ្លាស់ប្តូរគំរូឧស្សាហកម្ម និងការប្រើប្រាស់ធនធានរបស់ពួកគេ ស្វែងរកកន្លែងដែលចំណាយធនធានតិច មានបរិយាកាសពាណិជ្ជកម្មប្រសើរជាងនេះ និងមានស្ថិរភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់ជាដើម៕