ការជូនដំណឹងពីខាងក្រុមហ៊ុនចិនយ៉ាងដូច្នេះ ដោយពួកគេអះអាងថា រដ្ឋាភិបាលចិនកំពុងមានការរឹតបន្ដឹងខ្លាំងលើសកម្មភាពនាំចូលទំនិញចាប់តាំងពីដើមឆ្នាំ២០២២មក ក្រោមវិធានការទប់ស្កាត់កូវីដ១៩ដ៏តឹងរ៉ឹង។
ក្រុមហ៊ុន Nhat Thanh ដែលជាក្រុមហ៊ុនផលិតនាំចេញផលិតផលកសិកម្មរបស់វៀតណាម បានអះអាងថា ខ្លួនមានកុងត្រានាំចេញផលិតផលកសិកម្មប្រមាណ៥០កុងតឺន័រទៅកាន់ប្រទេសចិនជារៀងរាល់ខែ ហើយកន្លងទៅថ្មីនេះ ដៃគូរបស់ពួកគេដែលជាក្រុមហ៊ុនចិន ក៏បានយល់ព្រមឲ្យមានការនាំចេញទំនិញកសិកម្មជាមុនប្រមាណ១០កុងតឺន័រតាមផ្លូវសមុទ្រផងដែរ។
ក៏ប៉ុន្ដែ នៅមុនពេលទំនិញត្រូវបានបញ្ជូនចេញ ស្រាប់តែក្រុមហ៊ុនវៀតណាម Nhat Thanh បានទទួលការជូនដំណឹងពីខាងដៃគូររបស់ខ្លួនពីប្រទេសចិនថា ការនាំចូលទំនិញទៅកាន់ប្រទេសចិនត្រូវបានផ្អាសិន ដោយសារតែមានហេតុផលជាច្រើនដែលមិនអាចជៀសរួច។ នេះបើតាមការបញ្ជាក់របស់នាយកក្រុមហ៊ុន Nhat Thanh។
ក្រុមហ៊ុនចិនដែលជាដៃគូ បាននិយាយថា រដ្ឋាភិបាលចិនបាន និងកំពុងរឹតបន្ដឹងសកម្មភាពនាំចូលចាប់តាំងពីដើមឆ្នាំ២០២២មក។ កំពង់ផែនៅប្រទេសចិនក៏កំពុងមានការកកស្ទះដែរ ដោយសារតែមានភាពយឺតតយ៉ាវលើនិតិវិធីត្រួតពិនិត្យ និងបង់ពន្ធគយ ក្រោមគោលការណ៍ការពារកូវីដ១៩របស់ប្រទេសចិន។ជាមួយគ្នានេះ សមាគមបន្លែ និងផ្លែឈើវៀតណាមបានអះអាងដែរថា សកម្មភាពនាំចេញតាមផ្លូវសមុទ្រទៅកាន់ប្រទេសចិននៅ១សប្ដាហ៍ចុងក្រោយនេះ គឺពិតជាមានភាពយឺតយ៉ាវខ្លាំងណាស់។ មានការបញ្ជាទិញជាច្រើននៅកកស្ទះនៅត្រឹមសមុទ្រ និងមិនទាន់ទៅដល់កំពង់ផែនៅឡើយទេ ដែលវាប្រឈមនឹងការខាតបង់ ប្រសិនបើកំពង់ផែនៅតែកកស្ទះយ៉ាងដូច្នេះ។
ក្រុមហ៊ុននាំចេញវៀតណាមលើកឡើងទៀតថា នៅសប្ដាហ៍នេះ កំពង់ផែសមុទ្ររបស់ចិននឹងមានបុគ្គលិកឈប់សម្រាកនៅមុនថ្ងៃបុណ្យចូលឆ្នាំចិន ដូច្នេះ វាអាចនឹងធ្វើឲ្យនីតិវិធីត្រួតពិនិត្យ និងបង់ពន្ធគយនឹងកាន់តែលំបាកថែមទៀត។
សូមបញ្ជាក់ថា ដោយសារតែវិធានការរឹតបន្ដឹងកូវីដ១៩តឹងរ៉ឹងពីសំណាក់រដ្ឋាភិបាលចិន បានធ្វើឲ្យនៅប៉ុន្មានខែមកនេះ ការដឹកជញ្ជូនទំនិញតាមច្រកព្រំដែនគោករវាងវៀតណាម និងចិនមានការកកស្ទះយ៉ាងខ្លាំង ដោយមានឡានកុងតឺន័រដឹកញ្ជូនទំនិញរាប់ពាន់គ្រឿងកកស្ទះនៅតាមព្រំដែនវៀតណាម ហើយក្នុងនោះ មាន៦០% គឺជាកុងតឺន័រដឹកជញ្ជូនផ្លែឈើស្រស់របស់វៀតណាមទៅចិន។
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មលំដាប់កំពូលមួយរបស់វៀតណាម ដោយទំហំពាណិជ្ជកម្មផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរវាងវៀតណាម និងចិនមានដល់ទៅ ១១ពាន់លានដុល្លារនៅឆ្នាំ២០២១៕