ចិនបាននាំចូលប្រេងឆៅ និងឧស្ម័នពីរុស្ស៊ីកាន់តែច្រើន

ចិនបាននាំចូលប្រេងឆៅ និងឧស្ម័នពីរុស្ស៊ីកាន់តែច្រើន ថ្វីបើមានទណ្ឌកម្មអន្តរជាតិយ៉ាងណាក្ដី


ក្នុងខែមីនា ឆ្នាំ ២០២៣ ប្រទេសចិនបាននាំចូលប្រេងឆៅមកពីប្រទេសរុស្ស៊ីច្រើនជាងមុនជិត ២ ដង ខណៈដែលការនាំចូលឧស្ម័នវិញបានកើនឡើងជាងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។ នេះគឺជាការគូសបញ្ជាក់ពីការគាំទ្រដោយប្រយោលរបស់ទីក្រុងប៉េកាំងចំពោះសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន នៅពេលមានការដាក់ទណ្ឌកម្មពីបណ្ដាប្រទេសបស្ចិមលោក។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ។
ចិនបាននាំចូលប្រេងឆៅ និងឧស្ម័នពីរុស្ស៊ីកាន់តែច្រើន ថ្វីបើមានទណ្ឌកម្មអន្តរជាតិយ៉ាងណាក្ដី
ដោយ

ទិន្នន័យរបស់រដ្ឋាភិបាលចិនបានបង្ហាញថ្មីៗនេះថា ការនាំចូលប្រេងឆៅរបស់ប្រទេសចិនមកពីប្រទេសរុស្ស៊ីបានកើនឡើងចំនួន ១,៥ ដងក្នុងខែមីនា បើធៀបនឹងឆ្នាំមុន ដោយបានឡើងដល់ប្រមាណ ៩,៦ លានតោនឯណោះ។ នេះជាការនាំចូលប្រេងឆៅរុស្ស៊ីដោយប្រទេសចិនក្នុងបរិមាណខ្ពស់បំផុតចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន។ បរិមាណប៉ុណ្ណេះបានធ្វើឱ្យប្រទេសរុស្ស៊ីដណ្ដើមតំណែងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានទាំងស្រុង ក្នុងនាមជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតសម្រាប់យក្សអាស៊ីមួយនេះ។

ការបង្កើនការនាំចូលប្រេងឆៅដោយប្រទេសចិននេះបានកើតឡើងបន្ទាប់ពីបណ្តាប្រទេសបស្ចិមលោកបានកំណត់តម្លៃប្រេងឆៅរបស់រុស្ស៊ីកាលពីខែធ្នូឱ្យនៅទាប ដើម្បីរឹតត្បិតប្រភពចំណូលដ៏សំខាន់របស់ទីក្រុងម៉ូស្គូ។ វិធានការរបស់លោកខាងលិចនោះជាផ្នែកមួយនៃការផ្ដន្ទាទោសរុស្ស៊ីលើផ្នែកសេដ្ឋកិច្ច ចំពោះការបង្កសង្គ្រាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។

ប៉ុន្តែបើគិតជាលុយវិញ ចិនចំណាយលើការនាំចូលប្រេងឆៅរុស្ស៊ីលើសមុនតែ ៣ ភាគរយប៉ុណ្ណោះ ពោលគឺឡើងដល់ជិត ៥,១ ពាន់លានដុល្លារ។ ផ្ទុយទៅវិញ ទីក្រុងប៉េកាំងបាននាំចូលប្រេងឆៅពីអារ៉ាប៊ីសាអូឌីតប្រហែលតែ ៨,៩ លានតោនប៉ុណ្ណោះ ប៉ុន្តែបានចំណាយដល់ទៅ ៥,៣៦ ពាន់លានដុល្លារក្នុងខែមីនា។ វាបានបង្ហាញថា ប្រទេសយក្សអាស៊ីមួយនេះបានទិញប្រេងពីរុស្ស៊ីក្នុងតម្លៃថោកជាងប្រេងរបស់អារ៉ាប៊ីសាអូឌីត។

ទន្ទឹមនឹងនេះដែរ ការនាំចូលឧស្ម័នរុស្ស៊ីតាមបំពង់មកប្រទេសចិនបានកើនឡើង ២,៣ ដងក្នុងខែមីនា បើធៀបនឹងឆ្នាំមុន គឺឡើងដល់ ៥៨០ លានដុល្លារ ប៉ុន្តែទីក្រុងប៉េកាំងមិនបានបង្ហាញពីបរិមាណនាំចូលពីរុស្ស៊ីដែលជាប្រទេសជិតខាងគ្នានេះទេ។

ក្នុងអំឡុងកិច្ចពិភាក្សាកំពូលនៅទីក្រុងមូស្គូកាលពីចុងខែមីនា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានព្រមព្រៀងគ្នាជំរុញការសាងសង់បំពង់បង្ហូរឧស្ម័នថ្មីរវាងប្រទេសទាំង២។ គម្រោងនេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីកាន់តែស៊ីជម្រៅថែមទៀត។

កាលពីខែមីនា ការនាំចូលឧស្ម័នធម្មជាតិរាវពីប្រទេសរុស្ស៊ី ដោយប្រទេសចិន បានកើនឡើងជិតដងបើធៀបនឹងឆ្នាំមុន គឺឡើងដល់ប្រហែល ៦០ ម៉ឺនតោន ក្នុងតម្លៃប្រហែល ៤០០ លានដុល្លារ។

ប្រទេសចិនមិនត្រឹមតែប្រឆាំងនឹងទណ្ឌកម្មលើរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តទិញថាមពលពីប្រទេសជិតខាងខ្លួនមួយនេះថែមទៀត។ យោងតាមទិន្នន័យគយរបស់ចិន ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ១៩០ ពាន់លានដុល្លារក្នុងឆ្នាំ២០២២៕




អត្ថបទបន្ទាប់


ធនាគារកណ្តាលអាមេរិកប្រកាសដំឡើងអត្រាការប្រាក់បន្ថែម ប៉ុន្ដែផ្តល់សញ្ញាថាការរឹតបន្តឹងវិធានការហិរញ្ញវត្ថុអាចដល់ទីបញ្ចប់

ធនាគារកណ្តាលសហព័ន្ធរបស់អាមេរិក នៅថ្ងៃទី ០៣ ខែឧសភា បានប្រកាសដំឡើងអត្រាការប្រាក់គោល ០,២៥% បន្ថែមទៀតហើយ ប៉ុន្ដែ ក៏បានបង្ហាញពីសញ្ញាថា ខ្លួន…

ជប៉ុន និងបារាំង ឈានដល់ការចុះកិច្ចព្រមព្រៀងភាពជាដៃគូនុយក្លេអ៊ែរ

ក្រសួងថាមពលបារាំងបានឱ្យដឹងនៅថ្ងៃពុធថា ប្រទេសបារាំង និងប្រទេសជប៉ុន បានព្រមព្រៀងគ្នានៅឯទីក្រុងប៉ារីស ក្នុងការធ្វើសហប្រតិបត្តិការក្នុងវិស័យនុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ