ចិន និង ឥណ្ឌាបន្ដសម្រុកទិញប្រេងពីរុស្ស៊ី

ចិន និង ឥណ្ឌាបន្ដសម្រុកទិញប្រេងពីរុស្ស៊ីច្រើនជាងមុនក្នុងតម្លៃទាប


ទិន្នន័យចុងក្រោយបង្អស់របស់ក្រុមហ៊ុនវិភាគទិន្នន័យ Refinitiv បង្ហាញថា ប្រទេសចិន និង ឥណ្ឌាបានបង្កើនការទិញប្រេងពីរុស្ស៊ីកាន់តែច្រើនឡើងៗ ខណៈពេលដែលទីក្រុងម៉ូស្គូបានបញ្ចុះតម្លៃប្រេងរបស់ខ្លួនកាន់តែទាប ដោយសារតែមានការហាមឃាត់ការនាំចូលទៅកាន់ប្រទេសលោកខាងលិច។
ចិន និង ឥណ្ឌាបន្ដសម្រុកទិញប្រេងពីរុស្ស៊ី

ការដាក់ទណ្ឌកម្មហ៊ុមព័ទ្ធប្រេងរបស់លោកខាងលិចលើរុស្ស៊ីត្រូវបានគេមើលឃើញថា ហាក់ដូចជានៅមានចន្លោះប្រហោងជាច្រើនដែលនៅតែអនុញ្ញាតឱ្យទីក្រុងម៉ូស្គូទទួលបានប្រាក់ចំណូលពីការនាំចេញប្រេងរបស់ខ្លួន ដែលងាកចេញពីការលក់ទៅឲ្យទីផ្សារអឺរ៉ុប មកលក់ឲ្យបណ្ដាប្រទេសនៅអាស៊ី ពិសេសឥណ្ឌា និងចិនតែម្ដង។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei ។

ប្រទេសចិនបាននាំចូលប្រេងពីរុស្ស៊ី ៨ សែនបារ៉ែលជារៀងរាល់ថ្ងៃតាមសមុទ្រកាលពីខែមុន ដែលជាតួរលេខមិនរាប់បញ្ចូលប្រេងដែលដឹកជញ្ជូនតាមបំពង់បង្ហូរប្រេងនោះទេ ហើយតួលេខនេះ គឺបានកើនឡើងច្រើនជាង ៤០% បើគិតចាប់តាំងពីខែមករាមក។

ទន្ទឹមនឹងនេះ ការនាំចូលប្រេងពីរុស្ស៊ីតាមសមុទ្ររបស់ឥណ្ឌាវិញ ក៏បានកើនឡើងដល់ជិត ៧ សែនបារ៉ែលក្នុងមួយថ្ងៃដែរ កាលពីខែឧសភាកន្លងទៅនេះ។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុន Refinitiv។

លោក Takayuki Nogami ប្រធានសេដ្ឋវិទូនៃក្រុមហ៊ុនប្រេង ឧស្ម័ន និងលោហៈជាតិរបស់ជប៉ុន (Japan Oil, Gas and Metals National Corp) បានមានប្រសាសន៍ថា ប្រទេសចិន និងឥណ្ឌាបានពង្រីកការនាំចូលប្រេងពីរុស្សីកាន់តែច្រើនឡើង ដោយសារតែទណ្ឌកម្មរបស់លោកខាងលិចបានកាត់បន្ថយការនាំចូល មានន័យថា ប្រេងឆៅរបស់រុស្ស៊ីកំពុងធ្លាក់ថ្លៃចុះថោកខ្លាំង ខណៈវាជាឱកាសបង្ហាញពីអត្ថប្រយោជន៍សេដ្ឋកិច្ចដ៏ធំសម្បើមដល់ប្រទេសទាំងពីរនេះ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងទីក្រុងម៉ូស្គូ នៅចំពេលដែលតម្លៃថាមពលសកលកំពុងកើនឡើងជាខ្លាំង។

គួររំឭកថា កាលពីថ្ងៃទី ៣០ ឧសភា សហភាពអឺរ៉ុបបានសម្រេចហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីប្រហែល ៩០% រហូតដល់ចុងឆ្នាំ ២០២២ ដើម្បីជាផ្នែកមួយក្នុងការដាក់ទណ្ឌកម្មហ៊ុមព័ទ្ធការនាំចេញប្រេងរបស់រុស្ស៊ី។

ជាលទ្ធផល ប្រេងឆៅរបស់រុស្ស៊ី ដែលភាគច្រើនត្រូវបានភ្ជាប់ទៅនឹងទីផ្សារអឺរ៉ុបនោះ បានធ្លាក់ចុះជាគំហុក ដោយមានតម្លៃត្រឹមតែប្រហែល៩០ដុល្លារក្នុងមួយធុងបារ៉ែល ខណៈដែលតម្លៃប្រេងឆៅដែលដាក់លក់នៅក្នុងទីផ្សារអង់គ្លេសវិញ គឺមានខ្ពស់ជាងនេះ ដល់ទៅ ៣៥ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។

ថ្វីបើតម្លៃប្រេងឆៅរុស្ស៊ីមានការធ្លាក់ចុះស្របពេលដែលមានការដាក់ទណ្ឌកម្មរបស់លោកខាងលិចក៏ដោយចុះ ប៉ុន្តែទីភ្នាក់ងារថាមពលអន្តរជាតិបាននិយាយថា ប្រាក់ចំណូលរបស់រុស្ស៊ីពីការនាំចេញប្រេងរវាងខែមករាដល់ខែមេសាបានកើនឡើង ៥០% ក្នុងឆ្នាំនេះ ដោយសារប្រទេសចិន និងឥណ្ឌា បានបង្កើនការនាំចូលប្រេងរបស់ខ្លួនដ៏ច្រើនលើសលុប។

យ៉ាងណាក៏ដោយចុះ ការទិញប្រេងឆៅរបស់ទីក្រុងប៉េកាំងពីរុស្ស៊ីក្នុងអំឡុងខែឧសភា គឺមានបរិមាណប្រហែលកាលពីដើមឆ្នាំមុនដែរ ដោយសារតែចិនមានការបិទខ្ទប់ប្រទេស ដោយសារជំងឺកូវីដ១៩ ប៉ុន្តែការនាំចូលអាចកើនឡើងម្តងទៀតនៅរដូវក្តៅខាងមុខនេះនេះ ដោយសារតែប្រទេសចិននឹងមានតម្រូវការប្រើប្រាស់ម៉ាស៊ីនត្រជាក់កាន់តែច្រើន។

គួរជម្រាបថា សហរដ្ឋអាមេរិក និង អឺរ៉ុបកំពុងជំរុញឱ្យចិន និងឥណ្ឌា បញ្ឈប់ការទិញប្រេង និង ធ្យូងថ្ម ពីរុស្ស៊ីដើម្បីជាការចូលរួមចំណែកប្រឆាំងលើទីក្រុងម៉ូស្គូ ដែលឈ្លានពានអ៊ុយក្រែន។ ប៉ុន្តែ ក្រសួងប្រេង និង ឧស្ម័នធម្មជាតិរបស់ប្រទេសឥណ្ឌាបានអះអាងថា ការទិញថាមពលពីប្រទេសរុស្ស៊ីរបស់ប្រទេសខ្លួន គឺមានកម្រិតតិចតួចបំផុតបើប្រៀបធៀបទៅនឹងការប្រើប្រាស់សរុបរបស់ប្រទេសឥណ្ឌា។ ឥណ្ឌាក៏បានព្រមានថា ការកាត់ផ្តាច់ពីការនាំចូលប្រេងរបស់រុស្ស៊ី នឹងនាំឲ្យមានភាពប្រែប្រួល និង អស្ថិរភាពសេដ្ឋកិច្ចបន្ថែមទៀត ដែលធ្វើឲ្យតម្លៃប្រេងអន្តរជាតិកាន់តែកើនឡើង៕

None



អត្ថបទបន្ទាប់


អតីតមន្ត្រីជាន់ខ្ពស់វៀតណាម៣រូប ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធរឿងអាស្រូវពុករលួយទិញលក់ប្រដាប់តេស្ដកូវីដ-១៩

ក្រោយទើបត្រូវបានដកចេញពីសមាជិក បក្សកុម្មុយនិស្ដវៀតណាម និងបញ្ចប់មុខតំណែងបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ឃើញថា អតីតមន្ត្រីជាន់ខ្ពស់របស់វៀតណាមចំន…

ក្រុមមន្ត្រីចិនព្រួយបារម្ភខ្លាចថា ខ្យល់បក់អាចនាំយកមេរោគកូវីដ១៩មកពីប្រទេសកូរ៉េខាងជើងឆ្លងចូលប្រទេសខ្លួន

ក្រុមមន្ត្រីមួយចំនួននៅក្នុងទីក្រុងមួយនៃប្រទេសចិន ដែលជាប់ព្រំដែនជាមួយប្រទេសកូរ៉េខាងជើង បាននិយាយថា ពួកគេមិនអាចកំណត់ដឹងច្បាស់ទេថា តើការឆ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ