ចរាចរណ៍ផ្លូវអាកាសក្នុងស្រុករបស់ប្រទេសចិនកំពុងធ្លាក់ចុះ ដោយសារតែការអនុវត្តយ៉ាងតឹងរ៉ឹងនូវគោលនយោបាយគ្មានកូវីដ ឬ Zero-COVID របស់ប្រទេសនេះ ដើម្បីទប់ស្កាត់ការចម្លងនៅក្នុងស្រុក។
បើយោងតាមរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិនបានឱ្យដឹងថា ផែនការ ៥ ឆ្នាំ ដែលគិតចាប់ពីឆ្នាំ ២០២១ដល់២០២៥ ត្រូវបានបែងចែកទៅជាពីរផ្នែក។ សម្រាប់ឆ្នាំ ២០២១-២០២២ ប្រទេសចិននឹងបង្រួបបង្រួមកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគ្រប់គ្រង និងបង្ការជំងឺកូវីដ១៩ ក៏ដូចជាផ្តោតលើកំណែទម្រង់ និងដាក់ចេញវិធានការគាំទ្របន្ថែមទៀត។ ដូច្នេះសន្ទុះនៃការអភិវឌ្ឍអាចនឹងត្រូវបានបើកបង្ហាញឡើងនៅពេលខាងមុខនេះ។ដោយឡែក ឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ត្រូវបានគេហៅថាជា រយៈពេលនៃកំណើនសេដ្ចកិច្ច ដែលការផ្តោតសំខាន់សម្រាប់ឆ្នាំ ២០២៣-២០២៥ គឺពង្រីកទីផ្សារក្នុងស្រុក ស្តារទីផ្សារអន្តរជាតិ និងកែលម្អកម្រិតនៃការបើកចំហរឡើងវិញការធ្វើដំណើរជាអន្តរជាតិ។
ក្រៅពីនេះ អាកាសចរណ៍ស៊ីវិលចិនក៏បានបង្ហាញពីផែនការក្នុងការបង្កើនចំនួនអាកាសយានដ្ឋានក្នុង ប្រទេសផងដែរ។ នៅក្នុងផែនការរយៈពេលប្រាំ ៥ របស់ខ្លួន និយ័តកររំពឹងថា នឹងមានអាកាសយានដ្ឋានស៊ីវិលចំនួន ២៧០ អាកាសយានដ្ឋាននៅចុងឆ្នាំ ២០២៥ ធៀបនឹងចុង ២០២០មាន២៤១អាកាសយានដ្ឋាន។ ការបង្កើនអាកាសយាន្តដ្ឋាននេះ នឹងបង្កើនសមត្ថភាពដឹកទំនិញតាមផ្លូវអាកាស និងមានការអភិវឌ្ឍយ៉ាងទូលំទូលាយក្នុងវិស័យដឹកជញ្ជូនដោយយន្តហោះគ្មានមនុស្សបើក ឬហៅថា ដ្រូន ផងដែរ។
សូមជម្រាបថា ក្នុងអំឡុងពេលមានការរាតត្បាតដោយសារជំងឺកូវីដ១៩ ក្រុមហ៊ុនដឹកជញ្ជូនធំជាងគេទាំងបីរបស់ប្រទេសចិនដូចជា Air China, China Eastern Airlines និង China Southern Airlines មានការខាតបង់យ៉ាងច្រើនក្នុងត្រីមាសជាប់ៗគ្នា នៅរយៈពេលមួយឆ្នាំចុងក្រោយនេះ ដោយសារតែវិធានការរឹតបន្ដឹង របស់រដ្ឋអំណាចចិនទប់ស្កាត់នឹងការឆ្លងរីករាលដាលកូវីដ១៩៕អត្ថបទ ស៊ើង និមល់