វិនិយោគិនចិនកំពុងស្វែងរកជម្រើសថ្មីៗដើម្បីរក្សាទ្រព្យសម្បត្តិ និងបង្កើនប្រាក់ចំណេញ ខណៈទីផ្សារអចលនទ្រព្យក្នុងប្រទេសចិនកំពុងជួបវិបត្តិ និងអត្រាការប្រាក់លើប្រាក់បញ្ញើធនាគារនៅតែ
ទាប។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនវាយតម្លៃឥណទាន Moody’s និងសេចក្តីរាយការណ៍របស់សារព័ត៌មាន CNBC និង South China Morning Post។
ទីក្រុងប៉េកាំងបានរឹតបន្តឹងការអនុវត្តពន្ធ២០%លើប្រាក់ចំណូល និងប្រាក់ចំណេញពីការវិនិយោគនៅក្រៅប្រទេសមួយចំនួន រួមទាំងទ្រព្យសម្បត្តិក្នុងមូលនិធិដែលកាន់កាប់ដោយអ្នកជាប់ពន្ធជាជនជាតិ
ចិន។ ចាប់តាំងពីវិធានការនេះត្រូវបានប្រកាសកាលពីខែកក្កដា មក ធនាគារិកឯកជន និងមេធាវីបានរាយការណ៍ថា មានការកើនឡើងនូវការសាកសួរព័ត៌មានអំពីការបើកគណនីនៅសហរដ្ឋអាម៉េរិក និងការផ្ទេរទ្រព្យសម្បត្តិចេញពីហុងកុង និងសិង្ហបុរី។
សហរដ្ឋអាម៉េរិកមិនចូលរួមក្នុងប្រព័ន្ធផ្លាស់ប្តូរព័ត៌មានគណនីហិរញ្ញវត្ថុដោយស្វ័យប្រវត្តិ Common Reporting Standard (CRS) ដែលមានប្រទេស និងដែនសមត្ថកិច្ចជាង១០០ចូលរួមនោះទេ។ ដូច្នេះ ព័ត៌មានគណនីនៅអាម៉េរិក មិនត្រូវបានផ្លាស់ប្តូរទៅអាជ្ញាធរចិន តាមប្រព័ន្ធ CRS ដោយស្វ័យប្រវត្តិដូចនៅក្នុងដែនសមត្ថកិច្ចដែលចូលរួមប្រព័ន្ធនេះឡើយ។
ទោះជាយ៉ាងណា ក្រុមមេធាវីព្រមានថា ការផ្ទេរប្រាក់ទៅអាម៉េរិកមិនមានន័យថា អាចគេចផុតពីកាតព្វកិច្ចពន្ធនោះឡើយ។ ជនជាតិចិនអាចនៅតែមានកាតព្វកិច្ចប្រកាសប្រាក់ចំណូលទូទាំងពិភពលោក ហើយអាជ្ញាធរចិនអាចនឹងប្រើកំណត់ត្រាប្រតិបត្តិការផ្ទេរប្រាក់ ដើម្បីពិនិត្យពន្ធដែលត្រូវបង់។
ទន្ទឹមនេះ ហុងកុងនៅតែជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការវិនិយោគរបស់ជនជាតិចិន។ ក្រុមហ៊ុនវាយតម្លៃឥណទាន Moody’s បានវាយតម្លៃថា ការត្រួតពិនិត្យកាន់តែតឹងរ៉ឹងអាចធ្វើឱ្យកំណើនការ
វិនិយោគនៅក្រៅប្រទេសថយចុះក្នុងរយៈពេលខ្លី ប៉ុន្តែតម្រូវការស្វែងរកផលចំណេញខ្ពស់ជាងមុនទំនងជានៅតែបន្ត។ ក្រុមអ្នកជំនាញ ក៏ព្រមានដែរថា ការផ្ទេរដើមទុនថ្មីៗចេញពីចិនដីគោក កំពុងជួបការលំបាកកាន់តែខ្លាំងឡើង៕