ទេសចរណ៍

អ្នកជំនាញរំពឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីជួយលុបលាងចំណុចអវិជ្ជមាន និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក


លោកបណ្ឌិត ធួន ស៊ីណាន និងលោកបណ្ឌិត ឈឹម ផាន់ណា យល់ឃើញថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងក្លាយជាឱកាសស្តារទំនុកចិត្ត និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
អ្នកជំនាញរំពឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីក្លាយជាឱកាសមាស
ដោយ

ប្រទេសនិយាយភាសាបារាំងទូទាំងពិភពលោកប្រមាណ៩០នឹងមកជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រចន្លោះពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍បានចាត់ទុកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នេះ នឹងក្លាយជាឱកាសមាសក្នុងការស្តារទំនុកចិត្តរបស់សហគមន៍អន្តរជាតិ និងជួយផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកឱ្យបានដឹងកាន់តែទូលំទូលាយ។ ទន្ទឹមនេះអ្នកជំនាញបានជំរុញឱ្យភាគីពាក់ព័ន្ធត្រូវប្រែក្លាយព្រឹត្តិការណ៍ការទូតដ៏មានសារៈសំខាន់នេះទៅជាឱកាសសេដ្ឋកិច្ច និងទេសចរណ៍ប្រកបទៅដោយនិរន្តរភាពនាពេលអនាគតផងដែរ។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជាជឿជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងក្លាយជាចលករដ៏សំខាន់សម្រាប់កម្ពុជាក្នុងការស្ដារទំនុកចិត្ត និងផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ ព្រមទាំងបើកទ្វារសម្រាប់ទេសចរណ៍ធុរកិច្ច និងការវិនិយោគ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា បើទោះបីកិច្ចប្រជុំកំពូលនេះមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែផលប្រយោជន៍សម្រាប់វិស័យទេសចរណ៍ ដែលកម្ពុជាអាចទាញបាននឹងបន្តទៅរាប់ឆ្នាំ។ តែទោះជាយ៉ាងណា ភាពជោគជ័យពិតប្រាកដអាស្រ័យលើសមត្ថភាពរបស់កម្ពុជាក្នុងការប្រែក្លាយឱកាសនេះឱ្យទៅជាចំណូលទេសចរណ៍ជាក់ស្តែង និងមាននិរន្តរភាព។ បើតាមអ្នកជំនាញរូបនេះ ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ត្រូវតែពង្រឹងគុណភាពសេវាកម្ម ការបដិសណ្ឋារកិច្ច ធានាសុវត្ថិភាព និងការផ្តល់ព័ត៌មានជាភាសាអង់គ្លេស និងបារាំងប្រកបដោយវិជ្ជាជីវៈ ដើម្បីឱ្យអ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះទទួលបានបទពិសោធន៍ល្អៗ និងផ្សព្វផ្សាយបន្តទៅកាន់ពិភពលោក។

ជាមួយគ្នានេះលោកបណ្ឌិត ឈឹម ផាន់ណា អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច-ទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ នឹងក្លាយជាឱកាសមាសសម្រាប់កម្ពុជាក្នុងការលើកកម្ពស់ និងស្តារកេរ្តិ៍ឈ្មោះវិស័យទេសចរណ៍កម្ពុជាឡើងវិញតាមរយៈការជួយផ្សព្វផ្សាយការពិតពីកម្ពុជាពីសំណាក់ប្រតិភូ និងអ្នកសារព័ត៌មានអន្តរជាតិ ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លើសពីនេះ វានឹងជួយពង្រីកទីផ្សារទេសចរណ៍ថ្មីៗចូលមកកម្ពុជាកាន់តែច្រើនពីបណ្តាប្រទេសនិយាយភាសាបារាំង ជាពិសេសពីទ្វីបអឺរ៉ុប អាម៉េរិក និងកាណាដា ដែលសុទ្ធសឹងជាទីផ្សារដ៏មានសក្តានុពលខ្ពស់។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ នឹងប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីលើកកម្ពស់ចលនាហ្វ្រង់កូហ្វូនីនៅតំបន់អាស៊ី ព្រមទាំងពិភាក្សាលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ និងតម្លៃរួមនៃសហគមន៍អ្នកប្រើប្រាស់ភាសាបារាំង ដែលមានរដ្ឋជាសមាជិក និងសង្កេតការណ៍រហូតដល់ទៅ៩០ប្រទេស៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនផ្លូវដែករដ្ឋថៃប្តឹងសម្ព័ន្ធក្រុមហ៊ុនដឹកនាំដោយ CP ទារបំណុលជិត៤០០លានដុល្លារ

ក្រុមហ៊ុនផ្លូវដែករដ្ឋថៃបានប្តឹងសម្ព័ន្ធក្រុមហ៊ុនឯកជនដែលដឹកនាំដោយក្រុមហ៊ុនយក្ស CP ទៅតុលាការដើម្បីទាមទារប្រាក់ជាង១៣ពាន់លានបាត ឬប្រមាណ៣៩៤លា…

ក្រសួងកសិកម្មកំពុងជំរុញការផលិតជីខ្នាតធំក្នុងស្រុក ដើម្បីកាត់បន្ថយថ្លៃដើមផលិត និងការនាំចូល

ឯកឧត្តម គង់ ច័ន្ទវាសនា បានឱ្យដឹងថា ក្រសួងកសិកម្មកំពុងជំរុញការផលិតជីក្នុងស្រុក តាមរយៈជំនួយបច្ចេកទេស និងការលើកទឹកចិត្តវិនិយោគិន ខណៈកម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ