កម្ពុជាត្រូវចំណាយថវិកាប្រមាណពី៣០០ទៅ៤០០លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីនាំចូលជីកសិកម្មពីបរទេស ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបានរុញច្រានឱ្យតម្លៃជី និងថ្នាំកសិកម្មលើទីផ្សារហក់ឡើងថ្លៃខ្លាំងពី២៥% ទៅ៣០%។ ដើម្បីដោះស្រាយវិបត្តិនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងបង្កើនការជំរុញផលិតកម្មជីក្នុងស្រុក និងកៀរគរវិនិយោគិនបង្កើតរោងចក្រខ្នាតធំ ដើម្បីធានាស្ថិរភាពតម្លៃ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។
ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ក្រសួងកំពុងជំរុញការផលិតជីក្នុងស្រុកតាមរយៈការផ្តល់ជំនួយបច្ចេកទេស សម្រួលនីតិវិធីចុះបញ្ជី និងលើកទឹកចិត្តដល់វិនិយោគិន ដើម្បីធានាស្ថិរភាពតម្លៃ និងការផ្គត់ផ្គង់ជីសម្រាប់កសិករ។ ឯកឧត្តម បានបន្តថា ក្រសួងកំពុងលើកទឹកចិត្តឱ្យមានក្រុមហ៊ុនផលិតជីកសិកម្មក្នុងស្រុកខ្នាតធំ ដើម្បីធានាថា កសិករមានជីប្រើប្រាស់គ្រប់គ្រាន់ និងក្នុងតម្លៃសមរម្យ ខណៈមកទល់ពេលនេះកម្ពុជាមិនទាន់មានវិនិយោគិនបង្កើតរោងចក្រផលិតជីកសិកម្មខ្នាតធំនៅឡើយទេ។ បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុន និងសិប្បកម្មផលិតជីសរីរាង្គក្នុងស្រុកប្រមាណ៣១០ដែលមានសមត្ថភាពផលិតជីប្រមាណ៨ម៉ឺនតោនក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ កម្ពុជាបាននាំចូលជីកសិកម្មប្រមាណ៧៨ម៉ឺនតោនក្នុងឆ្នាំ២០២៣ កើនដល់ប្រមាណ១លានតោនក្នុងឆ្នាំ២០២៥ ខណៈនៅ៩ខែឆ្នាំនេះកម្ពុជាបាននាំចូលជីប្រមាណ៦៥ម៉ឺនតោន។ ជាមធ្យមកម្ពុជាបានចំណាយថវិកាប្រមាណ៣០០ទៅ៤០០លានដុល្លារលើការនាំចូលជីកសិកម្មក្នុងមួយឆ្នាំៗ។
ជាមួយគ្នានេះលោក ពៅ ធួន អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន វិរៈប៊ុនថាំ បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងប្រមូលទិញកាកសំណល់បន្លែ ផ្លែឈើ លាមកសត្វ និងសំណល់សរីរាង្គផ្សេងៗយកទៅផលិតជីកសិកម្មនៅខេត្តកំពង់ស្ពឺ ដើម្បីកែច្នៃជាជីកសិកម្មសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវឱ្យកសិករប្រើប្រាស់ជីសរីរាង្គរួមជាមួយជីគីមី ជំនួសឱ្យការពឹងផ្អែកលើជីគីមីសុទ្ធ ដើម្បីលើកកម្ពស់គុណភាពកសិផល និងកាត់បន្ថយហានិភ័យនៃការរកឃើញសារធាតុគីមីលើសកម្រិត ដែលអាចប៉ះពាល់ដល់ការនាំចេញកសិផលទៅទីផ្សារអន្តរជាតិ។
ដោយឡែកលោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានលើកឡើងថា វិស័យកសិកម្មកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ បើធៀបនឹងពេលកន្លងមក ប៉ុន្តែកសិករនៅតែប្រឈមនឹងបញ្ហាអាកាសធាតុ និងការកើនឡើង នៃថ្លៃដើមផលិតកម្ម ដោយសារវិបត្តិប្រេងសកល និងតម្លៃជីកសិកម្មដែលបានកើនឡើងប្រមាណ៣០%។ យ៉ាងណាមិញ លោក លើកទឹកចិត្តឱ្យកសិករប្រើប្រាស់ជីសរីរាង្គលាយជាមួយជីគីមី ដើម្បីជួយរក្សាគុណភាពដី និងបង្កើនប្រសិទ្ធភាពផលិតកម្ម។ ទន្ទឹមនឹងនេះ កសិករគួរបង្កើតសហគមន៍ ដើម្បីរួមគ្នាទិញជីក្នុងបរិមាណច្រើន និងទទួលបានតម្លៃសមរម្យ។ តែយ៉ាងណា លោក ស្នើឱ្យរដ្ឋាភិបាលពិចារណាលើកលែងពន្ធលើប្រព័ន្ធសូឡាសម្រាប់ក្រុមហ៊ុនផលិតជីក្នុងស្រុក ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងអាចផ្គត់ផ្គង់ជីក្នុងតម្លៃសមរម្យដល់កសិករ។
ការលើកឡើងរបស់អ្នកជំនាញធ្វើឡើងក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ក្នុងគោលបំណងលើកស្ទួយ និងជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន។ គួរជម្រាបថា តម្លៃជីថ្នាំកសិកម្មនៅលើទីផ្សារកម្ពុជាបានហក់ឡើងថ្លៃយ៉ាងគំហុកចន្លោះពី២៥% ទៅ៣០% ដែលត្រូវបានជំរុញជាចម្បងដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។ ការឡើងថ្លៃនេះបានក្លាយជាឧបសគ្គរារាំងដល់ខ្សែច្រវាក់ផលិតកម្ម និងធ្វើឱ្យកសិករត្រូវចំណាយថ្លៃដើមខ្ពស់ជាងមុន ដែលទាមទារឱ្យមានវិធានការអន្តរាគមន៍ជាបន្ទាន់ពីរាជរដ្ឋាភិបាល ដើម្បីរក្សាភាពប្រកួតប្រជែង និងធានាសន្តិសុខស្បៀងក្នុងស្រុក៕