វិស័យសេដ្ឋកិច្ច

ក្រុមហ៊ុនផ្លូវដែករដ្ឋថៃប្តឹងសម្ព័ន្ធក្រុមហ៊ុនដឹកនាំដោយ CP ទារបំណុលជិត៤០០លានដុល្លារ


ក្រុមហ៊ុនផ្លូវដែករដ្ឋថៃបានប្តឹងសម្ព័ន្ធក្រុមហ៊ុនឯកជនដែលដឹកនាំដោយក្រុមហ៊ុនយក្ស CP ទៅតុលាការដើម្បីទាមទារប្រាក់ជាង១៣ពាន់លានបាត ឬប្រមាណ៣៩៤លានដុល្លារអាម៉េរិក ដែលជំពាក់ថ្លៃគម្រោងផ្លូវដែកអាកាសយានដ្ឋាននៅទីក្រុងបាងកក។ បណ្តឹងនេះ ក៏ពាក់ព័ន្ធធនាគារ និងក្រុមហ៊ុនដែលបានធានាផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងនេះផងដែរ។ ទោះជាយ៉ាងណា អាជ្ញាធរបញ្ជាក់ថា ជម្លោះផ្លូវច្បាប់នេះនឹងមិនប៉ះពាល់ដល់សេវារថភ្លើងឡើយ។
ក្រុមហ៊ុនផ្លូវដែករដ្ឋថៃប្តឹងសម្ព័ន្ធក្រុមហ៊ុន
ដោយ

ក្រុមហ៊ុនផ្លូវដែករដ្ឋថៃ បានដាក់ពាក្យបណ្តឹងនៅតុលាការកាលពីថ្ងៃទី២១ ខែតុលា ដោយប្តឹងភាគីចំនួន៨ ដើម្បីទាមទារប្រាក់ប្រមាណ៣៩៤លានដុល្លារអាម៉េរិក រួមទាំងការប្រាក់ពាក់ព័ន្ធនឹងថ្លៃវិនិយោគដែលមិនទាន់បានបង់ក្នុងគម្រោងផ្លូវដែកភ្ជាប់ទៅអាកាសយានដ្ឋាន។ ជម្លោះនេះផ្តើមចេញពីប្រាក់ប្រមាណ៣១៦លានដុល្លារអាម៉េរិក ដែលក្រុមហ៊ុន Asia Era One ជាដៃគូឯកជនក្នុងគម្រោងត្រូវបង់នៅខែតុលា ឆ្នាំ២០២១ តាមកិច្ចព្រមព្រៀងវិនិយោគរួមគ្នា ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៩។ ចាប់តាំងពីពេលនោះមកបំណុលនេះបានកើនឡើងដោយសារការប្រាក់ជិត៧៩លានដុល្លារអាម៉េរិក។

ក្នុងចំណោមចុងចោទទាំង៨ ក៏មានធនាគារក្រុងបាងកក និងធនាគារពាណិជ្ជស្យ៉ាមផងដែរ។ ធនាគារទាំងពីរ​នេះ​បានផ្តល់ការធានាលើការអនុវត្តកិច្ចសន្យាក្នុងទំហំម្នាក់ៗជាង២៩លានដុល្លារអាម៉េរិក។ ចុងចោទផ្សេងទៀតរួមមានក្រុមហ៊ុនចំនួន៥ ដែលបានផ្តល់ការធានាផ្នែកហិរញ្ញវត្ថុដល់គម្រោងនេះ។

ក្រុមហ៊ុនផ្លូវដែករដ្ឋថៃបានឱ្យដឹងថា ខ្លួនបានព្យាយាមទាមទារប្រាក់ដែលជំពាក់ និងដោះស្រាយជម្លោះតាមនីតិវិធីដែលមានចែងក្នុងកិច្ចសន្យារួចមកហើយ ប៉ុន្តែការចរចាមិនទទួលបានលទ្ធផល។ ដូច្នេះក្រុមហ៊ុនផ្លូវដែករដ្ឋថៃ ក៏សម្រេចចិត្តប្រើវិធានការផ្លូវច្បាប់ ដើម្បីទាមទារប្រាក់មកវិញ។

សម្ព័ន្ធក្រុមហ៊ុនដែលពាក់ព័ន្ធគម្រោងនេះរួមមានក្រុមហ៊ុន Charoen Pokphand Holding ក្រុមហ៊ុន China Railway Construction Corporation ក្រុមហ៊ុន Bangkok Expressway and Metro ក្រុមហ៊ុន CH. Karnchang និងក្រុមហ៊ុន Italian-Thai Development។

ក្រុមហ៊ុនផ្លូវដែករដ្ឋថៃបានបញ្ជាក់ថា ការប្តឹងនេះមានគោលបំណងការពារផលប្រយោជន៍របស់រដ្ឋ និងថវិកាសាធារណៈ ព្រមទាំងធានាឱ្យមានការដោះស្រាយជម្លោះដោយយុត្តិធម៌។ ទន្ទឹមនេះអាជ្ញាធរធានាថា ដំណើរការតុលាការនឹងមិនប៉ះពាល់ដល់ប្រតិបត្តិការរបស់ផ្លូវដែកអាកាសយានដ្ឋាននោះឡើយ ហើយសុវត្ថិភាព និងភាពងាយស្រួលរបស់អ្នកដំណើរនៅតែជាអាទិភាព៕




អត្ថបទបន្ទាប់


តើការប្រកបអាជីវកម្មតូច-ធំនៅកម្ពុជាមានស្ថានភាពបែបណា និងកំពុងប្រឈមបញ្ហាអ្វីខ្លះ?

ទាំងអាជីវកម្មលក្ខណៈគ្រួសារ និងក្រុមហ៊ុនធំៗនៅកម្ពុជាសុទ្ធតែជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់ក្នុងការជួយបង្កើតការងារ ទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ…

អ្នកជំនាញរំពឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីជួយលុបលាងចំណុចអវិជ្ជមាន និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

លោកបណ្ឌិត ធួន ស៊ីណាន និងលោកបណ្ឌិត ឈឹម ផាន់ណា យល់ឃើញថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងក្លាយជាឱកាសស្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ