កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី ២ ឆ្នាំ២០២២ ពោលគឺ នៅមានកំណើនត្រឹមតែ០,៤%ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនេះ ដោយសារវិធានការរឹតបន្តឹងនៃជំងឺកូវីដ ១៩ ដែលបានបិទខ្ទប់មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗរបស់ទីក្រុងប៉េកាំង ធ្វើឲ្យផលិតកម្មឧស្សាហកម្ម និង ការចំណាយរបស់អតិថិជនមានការថយចុះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
ដំណើរអូសជើងនៃសេដ្ឋកិច្ចរបស់មហាយក្សចិន ដែលជាសេដ្ឋកិច្ចធំជាងគេបំផុតទី២ក្នុងលោកនេះ ក៏បានដាក់សម្ពាធបន្ថែមទៀត ចំពោះទស្សនវិស័យសេដ្ឋកិច្ចពិភពលោក នៅក្នុងពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលបច្ចុប្បន្ន សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងស្ថានភាពអាប់អួស្រាប់ទៅហើយនោះ។
ទិន្នចុះទន់ខ្សោយនៃសេដ្ឋកិច្ចចិននៅត្រីមាសទី២នៅឆ្នាំ២០២២ បានធ្វើឲ្យមានក្ដីបារម្ភកាន់តែខ្លាំងចំពោះការដាំក្បាលចុះនៃសេដ្ឋកិច្ចពិភពលោក នៅគ្រាដែលអ្នករៀបចំគោលនយោបាយនៃបណ្ដាប្រទេសធំៗមួយចំនួន បានបង្កើនអត្រាការប្រាក់ ដើម្បីទប់ស្កាត់អតិផរណា ដែលកំពុងកើនឡើងខ្ពស់ ដោយចំណាត់ការនេះ ក៏បានធ្វើឲ្យអ្នកប្រើប្រាស់ និងអាជីវកម្មនានានៅទូទាំងពិភពលោកមានជួបការលំបាកកាន់តែខ្លាំងដែរ ខណៈដែលពួកគេកំពុងប្រឈមនឹងទុក្ខលំបាកពីឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែន និងការរំខានខ្សែចង្វាក់ផ្គត់ផ្គង់សម្រាប់ទៅហើយនោះ។
ទិន្នន័យផ្លូវការដែលបានបង្ហាញដោយសរព័ត៌មានរ៉យទ័រ កាលពីថ្ងៃសុក្រ ទី ១៥ ខែ កក្កដានេះ បានឲ្យដឹងថា ផលិតផលក្នុងស្រុករបស់ប្រទេសចិនសរុប នៅត្រីមាសទី២ ពោលគឺចាប់ពីខែមេសា ដល់មិថុនា សម្រេចបានកំណើនតិចតួចស្ដួចស្ដើងបំផុត ត្រឹមតែ០,៤% ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខកំណើនេះ គឺជាតួលេខអាក្រក់បំផុតមិនធ្លាប់មានសម្រាប់ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទី២ក្នុងពិភពលោកមួយនេះ បើគិតតាំងពីឆ្នាំ១៩៩២ មក និងមិនរាប់បញ្ចូលនូវការដាំក្បាលចុះសេដ្ឋកិច្ចប្រមាណ៧% កាលពីត្រីមាសទី១ឆ្នាំ២០២០ នៅគ្រាដែលប្រទេសនេះផ្ទុះឆ្លងរាតត្បាតកូវីដ១៩ជាលើកដំបូង។
យ៉ាងណាមិញ នៅពេលដែលការទប់ស្កាត់ជាច្រើនត្រូវបានដកចេញនៅក្នុងខែ មិថុនាមក ទិន្នន័យក្នុងខែមិថុនាបានផ្តល់សញ្ញានៃភាពប្រសើរឡើង។ ទិន្នន័យនៃសកម្មភាពខែមិថុនាបានបង្ហាញថា ទិន្នផលឧស្សាហកម្មរបស់ប្រទេសចិនបានកើនឡើង ៣,៩% នៅក្នុងខែមិថុនាធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងនោះ ការលក់រាយបានកើនឡើង ៣,១% ធៀបនឹងខែមិថុនាឆ្នាំមុន ហើយត្រូវបានគេកត់សម្គាល់ឃើញថា ជាកំណើនលឿនបំផុតក្នុងរយៈពេល ៤ ខែកន្លងមកនេះ បន្ទាប់ពីអាជ្ញាធរបានលុបចោលការបិទខ្ទប់រយៈពេល២ខែនៅទីក្រុងស៊ាងហៃ។ ស្ថានភាពការងារមានភាពប្រសើរឡើង ដោយអត្រាគ្មានការងារធ្វើផ្អែកលើការស្ទង់មតិទូទាំងប្រទេសបានធ្លាក់ចុះមកត្រឹម ៥,៥% ក្នុងខែមិថុនា ខណៈក្នុងខែឧសភាមាន ៥,៩% ដោយសារសេដ្ឋកិច្ចស្ទុះងើបឡើងវិញ។
ទោះយ៉ាងណា នៅប៉ុន្មានខែទៅមុខទៀតនេះ អ្នកវិភាគមិនរំពឹងថា នឹងមានការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចនោះទេ ដោយសារតែប្រទេសចិននាពេលថ្មីៗនេះកំពុងប្រកាន់ខ្ជាប់នូវគោលនយោបាយសូន្យកូវីដដ៏តឹងតែងរបស់ខ្លួនឡើងវិញ ចំពេលមានការផ្ទុះឡើងនៃមេរោគបំប្លែងថ្មីអូមីក្រុងប្រភេទ BA.5 ខណៈវាកំពុងធ្វើឱ្យទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះស្ថិតក្នុងការធ្លាក់ចុះយ៉ាងខ្លាំង ហើយសេដ្ឋកិច្ចពិភពលោកកំពុងទទួលរងនូវភាពរង្គះរង្គើរដែរ។
ការដាក់ការបិទខ្ទប់ថ្មីនៅក្នុងទីក្រុងមួយចំនួនឡើងវិញ និង ការមកដល់នៃមេរោគបំប្លែងថ្មីអូមីក្រុង BA.5 ដែលមានសមត្ថភាពឆ្លងរីករាលដាលយ៉ាងឆាប់រហ័សបានបង្កើនការព្រួយបារម្ភសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់ ដោយសារតែភាពមិនច្បាស់លាស់នៃការរឹតបន្តឹងដ៏យូរអង្វែង។
ប្រទេសចិនបាននិងកំពុងបង្កើនការគាំទ្រគោលនយោបាយសម្រាប់សេដ្ឋកិច្ច បើទោះបីជាអ្នកវិភាគនិយាយថា គោលដៅកំណើនសេដ្ឋកិច្ចផ្លូវការដែលចង់សម្រេចបាន ៥,៥% ក្នុងឆ្នាំនេះ វានឹងពិបាកក្នុងការសម្រេចបានប្រសិនបើនៅតែរដ្ឋអំណាចទីក្រុងប៉េកាំងនៅតែបន្តគោលនយោបាយសូន្យកូវីដដ៏តឹងរឹងរបស់ខ្លួន។
គួរជម្រាបថា ក្រុមអ្នកវិភាគរំពឹងថា អតិផរណាលើទំនិញប្រើប្រាស់ក្នុងប្រទេសចិននឹងកើនឡើងលើសពី ៣% ក្នុងប៉ុន្មានខែខាងមុខនេះ ប៉ុន្តែវានឹងនៅតែស្ថិតក្នុងគោលដៅប្រចាំឆ្នាំប្រហែល ៣% ដដែលក្នុងឆ្នាំនេះ។ ការស្ទង់មតិរបស់ Reuters បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងថយចុះមកនៅត្រឹម ៤% ក្នុងឆ្នាំ ២០២២ ពោលគឺទាបជាងគោលដៅកំណើនផ្លូវការដែលរំពឹងថា មានការកើនឡើង ៥,៥%៕