តួយ៉ាង រដ្ឋបាលគយចិន បានចាប់ផ្ដើមត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតលើការដឹកជញ្ជូនគ្រឿងបង្គុំទូរស័ព្ទ iPhone ទៅកាន់ក្រុមហ៊ុនរបស់តៃវ៉ាន់ Pegatron ដែលក្រុមហ៊ុននេះ មានរោងចក្រដំឡើងទូរស័ព្ទ iPhone នៅក្នុងប្រទេសចិន។ ការរឹតបន្ដឹងនេះ គឺធ្វើឡើងនៅ ១ ថ្ងៃ បន្ទាប់ពីនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុននេះ បានជួបជាមួយប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ក្នុងទីក្រុងតៃប៉ិនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ដែនកោះមួយនេះ ខណៈដែលទីក្រុងប៉េកាំងបានធ្វើការថ្កោលទោស និង មានការខឹងសម្បារជាខ្លាំងជុំវិញដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស់នេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
ប្រភពជាច្រើនដែលដឹងពីបញ្ហានេះបាននិយាយថា ការដឹកជញ្ជូនទៅកាន់រោងចក្ររបស់ Pegatronនៅទីក្រុង ស៊ូឈូ ក្នុងប្រទេសចិន ដែលផលិតផលិតផលជាច្រើនប្រភេទសម្រាប់ក្រុមហ៊ុនអាមេរិកដូចជា ក្រុមហ៊ុន Microsoft និង Tesla ត្រូវបានទទួលរងនូវការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងកាលពីថ្ងៃព្រហស្បតិ៍ ទី ៤ ខែ សីហា ដើម្បីមើលថា តើតៃវ៉ាន់អាចនឹងបំពានច្បាប់ប្រឆាំងនឹងចិនដែរឬទេ។ បើតាមអាជ្ញាធរចិនបានអះអាងថា កេស និង ទម្រង់ឯកសារដឹកជញ្ជូនសម្រាប់ការនាំចេញ និង នាំចូល ពីកោះតៃវ៉ាន់មិនអាចបង្ហាញពាក្យថា សាធារណរដ្ឋចិន ឬតៃវ៉ាន់បានទេ។
ក្នុងករណី ប្រសិនការដឹកជញ្ជួនមានពាក្យថា សាធារណរដ្ឋចិន លេចឡើងនោះនឹងមិនអាចដឹកជញ្ជូនបានទេ ខណៈអាជ្ញាធរចិនបានពិនិត្យទម្រង់ឯកសារ និង ប្រអប់កេសទំនិញទាំងអស់ដោយប្រុងប្រយ័ត្ន។
គួរបញ្ជាក់ថា ច្បាប់ទាំងនេះមានជាច្រើនឆ្នាំមកហើយ ប៉ុន្តែនាពេលថ្មីៗនេះ ការអនុវត្តមានភាពញឹកញាប់ជាងមុន ដោយសារភាពតានតឹងរវាងទីក្រុងប៉េកាំង និង ទីក្រុងតៃប៉ិបានកើនឡើង ដែលបង្កើតរបាំងពាណិជ្ជកម្មកាន់តែច្រើន នេះបើយោងតាមក្រុមហ៊ុនផ្គត់ផ្គង់ និង ភស្តុភារជាច្រើនបានបញ្ជាក់។
មែនទែនទៅ នៅមុនពេលមានការត្រួតពិនិត្យនេះកើតមានឡើង លោក Jason Chen អនុប្រធានរោងចក្រ Pegatron និង ឥស្សរជនឧស្សាហកម្មបន្ទះឈីបតៃវ៉ាន់ផ្សេងទៀតបានជួបជាមួយលោកស្រី Pelosi នៅអាហារថ្ងៃត្រង់ ដែលរៀបចំដោយមេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-Wen កាលពីថ្ងៃពុធ ទី ៣ ខែ សីហា។
ទិន្នន័យគយរបស់ប្រទេសចិនបានបង្ហាញថា ការនាំចេញពីកោះតៃវ៉ាន់ ទៅកាន់ចិនដីគោកបានឈានដល់ជិត ២៥០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ កើនឡើងប្រហែលជាង ២៥% បើធៀបពីឆ្នាំ២០២០៕