ក្រុមអ្នកសង្កេតការណ៍សភាអន្តរជាតិ

តើការស្នើឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍សភាអន្តរជាតិរបស់កម្ពុជា អាចលាតត្រដាងការឈ្លានពានរបស់ថៃ និងការពារអធិបតេយ្យជាតិបានកម្រិតណា?


នាពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២កាលពីថ្ងៃទី២៧ ខែសីហា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទបានដាក់ចេញនូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ ដោយស្នើឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ ឬយន្តការការទូតសភា ដើម្បីចូលរួមដោះស្រាយ និងតាមដានស្ថានភាពព្រំដែនកម្ពុជា-ថៃ និងទប់ស្កាត់ការប៉ះទង្គិចខ្នាតតូចមិនឱ្យផ្ទុះជាសង្គ្រាមរ៉ាំរ៉ៃ។ ក្រុមអ្នកជំនាញ និងអ្នកវិភាគនយោបាយមើលឃើញថា នេះមិនត្រឹមតែជាយន្តការបង្ការជម្លោះប៉ុណ្ណោះទេ ប៉ុន្តែគឺជាការទូតដ៏មានឥទ្ធិពលរបស់កម្ពុជា ក្នុងការបង្ហា
ក្រុមអ្នកសង្កេតការណ៍សភាអន្តរជាតិ
ដោយ

លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិបានគូសបញ្ជាក់ថា ការស្នើឱ្យមានយន្តការការទូតសភា ដើម្បីចុះឃ្លាំមើលតថភាពជាក់ស្តែងនៅតាមព្រំដែនកម្ពុជា-ថៃរបស់សម្ដេចតេជោ គឺជាការបញ្ជាក់យ៉ាងច្បាស់ទៅកាន់ពិភពលោកថា កម្ពុជាប្រកាន់ជំហរស្រឡាញ់សន្តិភាព និងមិនមែនជាអ្នកបង្កជម្លោះឡើយ។ អ្នកជំនាញរូបនេះបានបន្ថែមថា តាមរយៈយន្តការអន្តរជាតិនេះ កម្ពុជានឹងទទួលបានប្រៀបលើឆាកអន្តរជាតិ ទាំងការលើកកម្ពស់មុខមាត់ជាតិ និងការបាញ់ឆ្ពោះទៅរកការដាក់សម្ពាធនយោបាយយ៉ាងធ្ងន់ធ្ងរលើភាគីថៃ ឱ្យទទួលស្គាល់នូវអំពើរំលោភបំពានដែនអធិបតេយ្យកម្ពុជា ដែលខ្លួនបានប្រព្រឹត្ត។
ជាមួយគ្នានេះលោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមនេះ ដោយលោកចាត់ទុកថា នេះជាយន្តការសន្តិភាពនិយមដ៏មានទម្ងន់ផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ប្រសិនប្រើយន្តការនេះត្រូវបានបង្កើតឡើងជាផ្លូវការ នោះកម្ពុជានឹងទទួលបានសាក្សីអន្តរជាតិ និងភាគីទីបីមកធ្វើជាភ្នែកជាច្រមុះដឹងឮ និងមើលឃើញផ្ទាល់នូវទង្វើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។ ការលើកយកបញ្ហានេះមកដេញដោលលើឆាកអន្តរជាតិ គឺជាការបកអាក្រាតល្បិចកលរបស់ថៃយ៉ាងចាក់ដោត និងជាការបង្ខំឱ្យថៃត្រូវតែវិលត្រឡប់មកកាន់តុចរចាដោយស្មោះត្រង់ ដើម្បីបញ្ចប់វិវាទព្រំដែនដ៏រ៉ាំរ៉ៃនេះ។
ជាមួយគ្នានេះឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការស្នើឱ្យមានការបង្កើតក្រុមអ្នកសង្កេតការណ៍សភាអន្តរជាតិរបស់សម្ដេចតេជោ ហ៊ុន សែន អាចជាសម្ពាធមួយបន្ថែមទៀតជំរុញឱ្យប្រទេសទំនាស់ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដោយផ្តុំគ្នាជាមួយយន្តការដែលមានស្រាប់ ដើម្បីធានាថា ការត្រួតពិនិត្យជាអន្តរជាតិមានភាពរឹងមាំគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាតាមព្រំដែនខ្នាតតូចមិនឱ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមនេះមិនត្រឹមតែសម្រាប់បរិបទកម្ពុជា ឬតំបន់នោះទេ ប៉ុន្តែជាក្របខណ្ឌអន្តរជាតិ នៃសន្និសីទប្រធានសភា នៃអន្តរសភា (ISC) ដែលមានបណ្តាប្រទេសចូលរួមប្រមាណ៣០ប្រទេស រួមទាំងសមាជិកអាស៊ានទាំង១១ផងដែរ។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ផងដែរថា កន្លងមកក្រុមអ្នកសង្កេតការណ៍ភាគច្រើនត្រូវបានបង្កើតឡើងដោយស្ថាប័ននីតិប្រតិបត្តិ ប៉ុន្តែការទាញស្ថាប័ននីតិបញ្ញត្តិឱ្យមានអ្នកសង្កេតការណ៍ផ្ទាល់ចុះទៅពិនិត្យលើដីជាក់ស្តែងជុំវិញបទឈប់បាញ់ គឺជាជំហានយុទ្ធសាស្ត្រថ្មីមួយក្នុងការឆែកមើលថា តើភាគីណាជាអ្នកគោរពច្បាប់អន្តរជាតិ ហើយភាគីណាជាអ្នកដើរឃ្លាតឆ្ងាយពីសន្តិវិធី និងកំពុងប្រើប្រាស់ល្បិចកលឈ្លានពាន៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ទោះថៃប្រឹងលាងជម្រះខ្លួនយ៉ាងណា ក៏សហគមន៍អន្តរជាតិមើលឃើញច្បាស់ពីល្បិចកលឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជា

ភ្លាមៗក្រោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានទម្លាយស្ថានភាពពិតនៅតាមបណ្តោយព្រំដែន និងបកអាក្រាតពីទង្វើឈ្លានពានដែនអធិបតេយ្យភាពកម្ពុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ