នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ខ្លួនបានចាប់សញ្ញាយន្តហោះចម្បាំងចិនចំនួន៣៥គ្រឿង រួមទាំងយន្តហោះចម្បាំង J-10 ដែលហោះជុំវិញកោះតៃវ៉ាន់កាលពីព្រឹកថ្ងៃពុធទី១៣ កញ្ញា។ ២៨គ្រឿងក្នុងចំណោមនោះបានហោះទៅផ្នែកភាគនិរតី នៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់។ ហើយខ្លះទៀតបានហោះឆ្ពោះទៅសមុទ្រប៉ាស៊ីហ្វិកខាងលិច ដែលជាដែនទឹករវាងតៃវ៉ាន់ និងហ្វីលីពីន។
យោងតាមរូបរថតដែលថតបានដោយយោធាតៃវ៉ាន់ នាវាផ្ទុកយន្តហោះចិន Shandong ជាមួយនឹងយន្តហោះចម្បាំងទាំងនោះ បានធ្វើដំណើរចូលទៅដែនទឹកក្បែរហ្វីលីពីន ដើម្បីហាត់សមធ្វើសមយុទ្ធតាំងពីថ្ងៃចន្ទ។ សកម្មភាពហាត់សមនេះកំពុងត្រូវបានតាមដានដោយនាវាចម្បាំងតៃវ៉ាន់ Keelung។ មកទល់ពេលនេះ មិនទាន់មានការឆ្លើយតបបំភ្លឺណាមួយពីសំណាក់ប្រទេសចិននោះទេ។ កាលពីថ្ងៃពុធ ទីបញ្ជាការកងទ័ពរំដោះប្រជាជនចិនភាគខាងកើតបាននិយាយថា «ក្រុមនាវាចរណ៍កំពុងលំហាត់សមយុទ្ធថ្មីៗនេះក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រ»។
ដោយឡែក បើតាមមន្ត្រីយោធាដែលដឹងអំពីបញ្ហានេះបានប្រាប់រ៉យទ័រថា នាវាចម្បាំងប្រមាណជាង២០គ្រឿង បានធ្វើនាវាចរណ៍ទៅកាន់ដែនទឹក Bashi និង Miyako កៀកជិតដែនទឹករបស់ហ្វីលីពីន។ ប្រភពដដែលបានពិពណ៌នាសមយុទ្ធកងទ័ពជើងទឹក ដែលមានការចូលរួមពីនាវាផ្ទុកយន្តហោះនេះ គឺជាការប្រឈមជាក់ស្តែងសម្រាប់នាវាចម្បាំងសហរដ្ឋអាមេរិក និងកាណាដា ដែលទើបនឹងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃសៅរិ៍សប្តាហ៍មុន។ ប្រទេសចិន ក៏ចង់បង្ហាញទៅឱ្យអាមេរិកដឹងថា គេបានគ្រប់គ្រងភាគខាងលិចទាំងមូលនៃប្រជុំកោះទីមួយនៅប៉ាស៊ីហ្វិកខាងលិច។
តាមកាសែតអង់គ្លេស Financial Times បានស្រង់សំដីអ្នកវិភាគមួយចំនួនថា «សមយុទ្ធនេះគឺជាសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មានរបស់ចិន ជាមួយនឹងនាវាផ្ទុកយន្តហោះនៅប៉ាស៊ីហ្វិកខាងលិច»។ លោក Su Tzu-yun អ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវការពារជាតិ និងសន្តិសុខនៅទីក្រុងតៃប៉ិ យល់ឃើញថា វាជាសមយុទ្ធមួយដ៏ធំ ព្រោះនាវាផ្ទុកយន្តហោះ Liaoning and the Shandong ជានាវាដែលធំបំផុតនៅក្នុងកងទ័ពជើងទឹកចិន។ វាធ្លាប់ដាក់ឱ្យធ្វើសមយុទ្ធកាលពីឆ្នាំ២០២១ តែក្នុងទ្រង់ទ្រាយមួយដែលតូច។ទោះយ៉ាងណា មិនទាន់ឃើញមានការប្រតិកម្មណាមួយពីសហរដ្ឋអាមេរិកនោះគេ ខណៈក្រសួងការពារជាតិជប៉ុនក៏កំពុងតានដានការវិវត្តន៍ថ្មីចុងក្រោយនេះដែរ៕