មហាយក្សចិនកំពុងនាំមុខគេក្នុងពិភពលោក

មហាយក្សចិនកំពុងនាំមុខគេក្នុងពិភពលោក លើការចំណាយវិនិយោគថាមពលកកើតឡើងវិញ


ប្រទេសចិនកំពុងនាំមុខគេក្នុងពិភពលោក សម្រាប់ការចំណាយវិនិយោគលើថាមពលកកើតឡើងវិញ។ ជាក់ស្ដែង ការវិនិយោគជាសាកលលើថាមពលកកើតឡើងវិញបានកើនឡើងដល់ ២២៦ ពាន់លានដុល្លារក្នុងឆមាសទី១នៃឆ្នាំនេះ ដោយក្នុងនោះការចូលរួមចំណែកវិនិយោគដោយប្រទេសចិន មានដល់ទៅ ៤០% នៃការវិនិយោគ សរុប នៅចំពេលដែលអ្នកជំនាញបានព្រមានថា ឥទ្ធិពលរបស់ប្រទេសដែលមានខ្សែចង្វាក់ផ្គត់ផ្គង់ធំៗ អាចបង្កហានិភ័យដល់ការប្រែប្រួលអាកាសធាតុយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
មហាយក្សចិនកំពុងនាំមុខគេក្នុងពិភពលោក លើការចំណាយវិនិយោគថាមពលកកើតឡើងវិញ

របាយការណ៍ពីស្ថាប័នស្រាវជ្រាវ Bloombergបានឲ្យដឹងថា ការវិនិយោគនៅក្នុងវិស័យថាមពលកកើតឡើងវិញ រយៈពេល៦ខែដំបូងនៅឆ្នាំនេះ បានកើនឡើង១១% ដោយក្នុងនោះ ការចំណាយវិនិយោគរបស់ចិនមានដល់ទៅ ៤៣% នៃការចំណាយវិនិយោគសរុបនៅទូទាំងពិភពលោក។

វិបត្តិថាមពលសកល កំពុងធ្វើឲ្យមានតម្រូវការសម្រាប់ថាមពលស្អាត បើទោះបីជា ត្រូវបង្កើនការចំណាយហិរញ្ញប្បទានច្រើនលើការវិនិយោគក្នុងវិស័យនេះក្ដី។ តួយ៉ាង ការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងថាមពលស្រូបពន្លឺព្រះអាទិត្យ (សូឡា) មានទឹកប្រាក់ចំនួន ១២០ ពាន់លានដុល្លារនៅក្នុងឆមាសទី១ កើនឡើង ៣៣ % ខណៈដែលគម្រោងថាមពលទាញយកពីកម្លាំងខ្យល់បក់វិញ មានការវិនិយោគដល់ ៨៤ ពាន់លានដុល្លារកើនឡើង ១៦% បើធៀបឆមាសទី១កាលពីឆ្នាំមុន។

លោក Albert Cheung ប្រធានផ្នែកវិភាគនៅស្ថាប័នស្រាវជ្រាវ Bloomberg NEF បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា នៅចំពេលដែលមានបញ្ហាប្រឈមដោយសារការកើនឡើងនៃអតិផរណាដែលកំពុងបន្ត និង បញ្ហាប្រឈមនៃខ្សែចង្វាក់ផ្គត់ផ្គង់ តម្រូវការសម្រាប់ប្រភពថាមពលស្អាតគឺបានដើរតួនាទីយ៉ាងចាំបាច់។ ប្រទេសចិនបានបង្កើនការចំណាយរបស់ខ្លួនទ្វេដងលើគម្រោងថាមពលដោយកម្លាំងខ្យល់បក់ ដែលមានដល់ទៅ ៥៨ ពាន់លានដុល្លារ និងបានវិនិយោគ ៤១ ពាន់លានដុល្លារទៅគម្រោងថាមពលពន្លឺព្រះអាទិត្យខ្នាតធំ ដែលទំហំទឹកប្រាក់នេះធំជាងបីដង បើធៀបនឹងឆមាសទី១កាលពីឆ្នាំ ២០២១។

លោក Nannan Kou ប្រធានផ្នែកវិភាគរបស់ Bloomberg NEF របស់ប្រទេសចិន បាននិយាយថា ប្រទេសចិនដែលជាប្រទេសបានបញ្ចេញកាបូនដ៏ធំបំផុតរបស់ពិភពលោក មានបំណងពង្រីកសមត្ថភាពថាមពលទាញយកពីកម្លាំងខ្យល់ និង ថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួនដល់ ១ ពាន់ ២ រយជីហ្គាវ៉ាត់នៅឆ្នាំ ២០៣០ ខណៈបច្ចុប្បន្ននេះកំពុងដំណើរការយ៉ាងល្អដើម្បីសម្រេចគោលដៅនោះ។ យោងតាមទិន្នន័យរបស់ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ ប្រទេសចិនបានឈានដល់ពាក់កណ្តាលទីនៃការសម្រេចគោលដៅរបស់ខ្លួនហើយកាលពីចុងឆ្នាំមុនជាមួយនឹងសមត្ថភាពទាយយកថាមពលស្អាតបាន ៦៣៥ ជីហ្គាវ៉ាត់។ ក្នុងនោះ ទីក្រុងប៉េកាំងគ្រោងនឹងសាងសង់សមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យ និង ថាមពលខ្យល់ ៤៥០ជីហ្គាវ៉ាត់បន្ថែមទៀតនៅក្នុងតំបន់ Gobi និង តំបន់វាលខ្សាច់ក្នុងប្រទេសចិន ខណៈការសាងសង់សមត្ថភាពថាមពលពន្លឺព្រះអាទិត្យ ៩៧ ជីហ្គាវ៉ាត់បន្ថែមកំពុងដំណើរការរួចទៅហើយ។

គួរកត់សម្គាល់ថា ក្រុមហ៊ុនផលិតរបស់ចិនកំពុងកើនឡើងនៅក្នុងទីផ្សារថាមពលពីកម្លាំងខ្យល់ និង ថាមពលពន្លឺព្រះអាទិត្យក្នុងការវិនិយោគក្នុងទ្រង់ទ្រាយធំ ដោយសារតែមានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលនៃទីក្រុងប៉េកាំង។ បើយោងតាមក្រុមប្រឹក្សាថាមពលខ្យល់សកល និង ទីភ្នាក់ងារថាមពលអន្តរជាតិបានឱ្យដឹងថា ប្រទេសចិនគឺជាអ្នកផលិតទួរប៊ីនទាញថាមពលពីកម្លាំងខ្យល់ដ៏ធំបំផុត និងជា អ្នកផ្គត់ផ្គង់ឧបករណ៍ផលិតថាមពលពន្លឺព្រះអាទិត្យកំពូលទី ១០ របស់ពិភពលោក។

គួរជម្រាបថា ប្រទេសចិនគ្រប់គ្រងជាង ៨០% សម្រាប់ផលិតផលបន្ទះស្រូបពន្លឺព្រះអាទិត្យ ឬ ហៅថា បន្ទះសូឡា នេះបើយោងតាមរបាយការណ៍ខែកក្កដាដោយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ៕




អត្ថបទបន្ទាប់


និយ័តករបរធនបាលកិច្ចចាត់ទុកវិស័យសារព័ត៌មាន ជាដៃគូរអាទិភាពមិនអាចខ្វះបាន ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ច

ថ្នាក់ដឹកនាំនៃនិយ័តករបរធនបាលកិច្ច អះអាងថា វិស័យបរធនបាលកិច្ចអាចចាត់ទុកថា ជាវិស័យថ្មីមួយ ដែលមានប្រតិបត្តិការអស់រយៈពេលមួយទស្សវត្សរ៍មកហើ…

បុរីនីមួយៗត្រូវអនុញ្ញាតឲ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរសព្ទ និងអ៊ិនធើណិតយ៉ាងតិច៣ក្រុមហ៊ុន តខ្សែបណ្តាញចូល

ក្រោយលុបបំបាត់មិនឲ្យមានសិទ្ធិផ្គត់ផ្គង់សេវាទូរសព្ទ និងអ៊ិនធើណិតផ្តាច់មុខនៅតាមបុរី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានកំណត់ឲ្យបុរីនីមួយៗ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ