ស្របពេលដែល ស្ថានភាពទំនាក់ទំនងពាណិជ្ជកម្ម និងការទូតរវាងអាមេរិក និងចិននៅតែបន្ដតានតឹងខ្លាំងដាក់គ្នា បានធ្វើឲ្យអ្នកវិនិយោគបរទេស ពិសេសផ្នែកបច្ចេកវិទ្យាមានការការប្រយ័ត្នប្រយែងកាន់តែខ្លាំងលើការបោះទុនវិនិយោគនៅប្រទេសចិន ខណៈដែលមានអ្នកវិនិយោគខ្លះក៏បានរើផ្នែកខ្លះនៃផលិតកម្មរបស់ពួកគេចេញពីប្រទេសចិនទៅកាន់ប្រទេសផ្សេងទៀតផងដែរ។
សារព័ត៌មានឆាយណាដេលីបានដកស្រង់ទិន្នន័យពីក្រសួងពាណិជ្ជកម្មចិនមកបង្ហាញថា គិតចាប់ពីខែមករាដល់ខែមេសាឆ្នាំ២០២៣ ប្រទេសចិនទទួលបានការវិនិយោគផ្ទាល់ពីបរទេសក្នុងទំហំដើមទុនប្រមាណជាង ៧១ពាន់លានដុល្លារ កើនជាង២,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រភពដដែលបានបន្តថា វិស័យផលិតកម្មបានទាក់ទាញទុនវិនិយោគបានច្រើនជាងគេ ដោយមានទំហំជាងជិត១៩ ពាន់លានដុល្លារ កើនឡើងជាង ៤%។ ការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាទំនើបបានកើនឡើង ៣៧% រីឯការវិនិយោគលើសេវាកម្មបច្ចេកវិទ្យាកម្រិតខ្ពស់វិញ វាបានកើនឡើង ៦% ។
សារព័ត៌មានចិនដដែលនេះ បានលម្អិតថា ក្នុងរយៈពេលពីខែមករាដល់ខែមេសា ប្រទេសដែលបានមកបោះទុនវិនិយោគនៅចិនច្រើនជាងគេគឺបារាំង អង់គ្លេស ជប៉ុន និងកូរ៉េខាងត្បូង ដោយតួរលេខបានបង្ហាញថា ទំហំវិនិយោគទុនពីបារាំងកើន ៥៦៧%, ពីចក្រភពអង់គ្លេសកើន ៣២៤%, ពីជប៉ុនកើន ៦៨% និងពីកូរ៉េខាងត្បូងកើនជិត ៣១%។
គួររំឭកថា ប្រទេសចិនបច្ចុប្បន្ន កំពុងរងនូវសម្ពាធកាន់តែខ្លាំងពីសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តអាមេរិកផ្សេងទៀត ដែលបានរឹតត្បិតលើការនាំចេញផលិតផលបច្ចេកវិទ្យាបម្រើដល់ការផលិតឈីបលំដាប់ខ្ពស់ទៅកាន់ប្រទេសចិន ដោយកត្តានេះ បានធ្វើឲ្យមានបញ្ហាជាច្រើនដល់ក្រុមហ៊ុនដែលមានរោងចក្រផលិតឈីបនៅប្រទេសចិន។ ទោះយ៉ាងណា ប្រទេសចិន បានប្តេជ្ញាពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាដោយខ្លួនឲ្យបាន ដោយមិនពឹងផ្អែកលើបរទេស ពិសេសអាមេរិកនោះឡើយ ហើយវាក៏ស្ថិតនៅក្នុងផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលលោកស៊ីជីនពីងក្នុងការដឹកនាំសេដ្ឋកិច្ចចិនឲ្យឆ្ពោះទៅមុខផងដែរ៕
អត្ថបទ ៖ សរ សុជាតិ