នៅថ្ងៃពុធសប្ដាហ៍នេះ មន្ត្រីពន្ធដារនៅក្នុងខេត្ត និងទីក្រុងដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងៗនៅចិន បានបញ្ជាឲ្យតារាល្បី និងអ្នកឡាយលក់ផលិតផលតាមអនឡាញទាំងអស់ ត្រូវពិនិត្យមើលកំហុសរបស់ខ្លួនឯងឡើងវិញ ហើយចូលសារភាពកំហុសនៅចំពោះមុខអាជ្ញាធរឲ្យបានមុនឆ្នាំ២០២២ នោះពួកគេអាចនឹងទទួលបានការសម្រាល ឬលើកលែងការផាកពិន័យពីអាជ្ញាធរ។
ផ្ទុយទៅវិញ ប្រសិនបើអ្នកទាំងនោះ បដិសេធការត្រួតពិនិត្យកំហុស និងការកែតម្រូវកំហុសពន្ធរបស់ខ្លួន ឬធ្វើការត្រួតពិនិត្យ និងកែប្រែកំហុសដែរ តែមិនបានហ្មត់ចត់ត្រឹមត្រូវ នោះការិយាល័យពន្ធដារនឹងចាត់វិធានការដោះស្រាយបន្ដយ៉ាងយកចិត្តទុកដាក់ ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ដោយគ្មានការលើកលែងនោះទេ។
តារាល្បីៗ និងអ្នកឡាយលក់ផលិតផលតាមអនឡាញ គឺជាគោលដៅបង្ក្រាបថ្មីចុងក្រោយមួយរបស់អាជ្ញាធរចិន ដែលដំបូងឡើយអាជ្ញាធរចិនផ្ដោតការបង្ក្រាប តែលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលរកស៊ីផ្ដាច់មុខតែប៉ុណ្ណោះ ដ្បិតរដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកថា អាជីវកម្មទាំងនេះ ជាឧបសគ្គរារាំងដល់គោលដៅចុងក្រោយរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយវិសមភាពសេដ្ឋកិច្ច និងការឈានទៅសម្រេចនូវគោលនយោបាយ វិបុលភាពរួម។សូមបញ្ជាក់ថា ថ្មីៗនេះ អាជ្ញាធរពន្ធដារ ខេត្តជឺជាំងប្រទេសចិន ក៏ទើបតែបានបញ្ជាឲ្យអ្នកឡាយលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះម្នាក់ ត្រូវបង់ប្រាក់ពន្ធ និងប្រាក់ផាកពិន័យសរុបជាង ២០០លានដុល្លារអាមេរិកផងដែរ ក្រោយអាជ្ញាធររកឃើញថា ស្ត្រីអ្នកលក់តាមអនឡាញរូបនោះ បានលាក់បាំងប្រាក់ចំណូលរបស់ខ្លួន និងប្រកាសប្រាក់ចំណូលមិនពិតប្រាកដតាំងពីឆ្នាំ២០១៩ដល់ឆ្នាំ២០២០។ រឿងរាវនេះ ក៏កំពុងធ្វើឲ្យកក្រើកដល់អ្នកលក់តាមអនឡាញជាច្រើនទៀត នៅក្នុងប្រទេសចិន ខណៈដែលអាជីវកម្មនេះ កំពុងរីកដុះដាលកាន់តែច្រើនឡើងនាពេលបច្ចុប្បន្ន ខណៈដែលអ្នកលក់អនឡាញនៅចិនមានខ្លះអាចរកចំណូលបានរាប់ម៉ឺន ឬរាប់លានដុល្លារអាមេរិកឯណោះ ពីការឡាយលក់របស់ពួកគេម្ដងៗ៕