លោក លី ឈាង នាយករដ្ឋមន្ត្រីចិន បានប្រាប់នាយកប្រតិបត្តិក្រុមហ៊ុនក្នុងវិស័យឯកជននៅវេទិកាអភិវឌ្ឍន៍ចិន ក្នុងទីក្រុងប៉េកាំងថា ចិនស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនបរទេសទាំងអស់ ដែលចង់មកបណ្តាក់ទុននៅប្រទេសចិន ហើយចិននឹងពង្រឹងមូលដ្ឋានរបស់ពួកគេនៅក្នុងប្រទេសនេះ។ ជាមួយគ្នានេះ ចិន ក៏កំពុងជំរុញឱ្យអភិវឌ្ឍន៍ឧស្សាហកម្មកំពុងរីកចម្រើនមួយចំនួនដូចជាការផលិតជីវសាស្រ្តជាដើម ហើយ ក៏នឹងបង្កើនការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចទិន្នន័យផងដែរ។
កាលពីថ្ងៃអង្គារសប្ដាហ៍មុន ក្រុងប៉េកាំងបានបន្ធូរបន្ថយច្បាប់មួយចំនួនលើការវិនិយោគបរទេស បន្ទាប់ពីរំហូរការវិនិយោគបានធ្លាក់ចុះជិត២០% នៅពីរខែដើមឆ្នាំ២០២៤។ ក្រុមហ៊ុននិយ័តករប្រព័ន្ធអ៊ីនធឺណិតរបស់ចិន កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានបន្ធូរបន្ថយច្បាប់សុវត្ថិភាពមួយចំនួនលើការនាំចេញទិន្នន័យ ដែលមានការព្រួយបារម្ភដល់ក្រុមហ៊ុនបរទេសនៅប្រទេសនេះ។
លោក លី បានប្រាប់អ្នកចូលរួមវេទិកាខាងលើថា អត្រាអតិផរណារបស់ចិន និងបន្ទុកបំណុលរបស់រដ្ឋាភិបាលកណ្តាលមានកម្រិតទាប ដោយទុកឱកាសសម្រាប់ជំហានគោលនយោបាយម៉ាក្រូបន្ថែមទៀត ហើយថា ចិនបានដាក់ចេញវិធានការមួយចំនួនកាលពីឆ្នាំមុន ដើម្បីការពារហានិភ័យអចលនទ្រព្យ និងបំណុល ដោយលោកអះអាងថា មានប្រសិទ្ធភាពល្អ។ ទន្ទឹមនឹងនេះ លោក ក៏បានលើកឡើងពីទំហំទឹកប្រាក់ចំនួន១៤០ពាន់លានដុល្លារ នៅក្នុងប័ណ្ណបំណុលរតនាគារ ដែលបានប្រកាសកាលពីកន្លងមក ដែលលោកបាននិយាយថា វានឹងជួយជំរុញការវិនិយោគ និងស្ថិរភាពកំណើនសេដ្ឋកិច្ចផងដែរ។
សូមរំលឹកថា ទំហំសេដ្ឋកិច្ចរបស់ចិន ដែលបច្ចុប្បន្នមានចំនួន១៨ទ្រីលានដុល្លារអាម៉េរិក និងជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរនៅក្នុងពិភពលោកនេះ កំពុងប្រឈមនឹងវិបត្តិមួយចំនួនរួមមានវិបត្តិអចនលទ្រព្យ វិបត្តិបំណុលរដ្ឋាភិបាលមូលដ្ឋាន ការលើសកម្រិតឧស្សាហកម្ម ហានិភ័យអប្បបរមា និងការធ្លាក់ចុះការវិនិយោគបរទេស៕
អត្ថបទ៖ សុខ ជា