ការិយាល័យគណនេយ្យភាពរដ្ឋាភិបាល ដែលជាស្ថាប័នឃ្លាំមើលមួយរបស់រដ្ឋាភិបាលអាម៉េរិក បានបញ្ចេញរបាយការណ៍ថ្មីគួរឱ្យភ្ញាក់ផ្អើលថា ប្រទេសចិន បានផ្តល់កម្ចីរហូតដល់ទៅ៦៧៩ពាន់លានដុល្លារអាម៉េរិក ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដ៏មហិច្ឆតារបស់ខ្លួន គិតចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២១ សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោក រួមមាន គម្រោងផ្លូវហាយវេ គម្រោងរោងចក្រថាមពលអគ្គិសនី និងគម្រោងទូរគមនាគមន៍ជាដើម។
ការិយាល័យនេះបានគូសបញ្ជាក់ថា ទន្ទឹមនេះសហរដ្ឋអាម៉េរិក បានផ្តល់កម្ចីសម្រាប់គម្រោងអភិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោកត្រឹមតែ៧៦ពាន់លានដុល្លារប៉ុណ្ណោះក្នុងរយៈពេល៨ឆ្នាំដូចគ្នានេះ ដែលតិចជាងមហាយក្សចិន រហូតដល់ទៅជិត១០ដងឯណោះ។
ក្នុងនោះ កម្ចីចំនួន១០៤ពាន់ដុល្លារអាម៉េរិក ដែលជាចំណែកដ៏ធំបំផុតនៃកម្ចីសរុបទាំង៦៧៩ពាន់លានដុល្លារអាម៉េរិក ក្រោមគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់មហាយក្សចិន ត្រូវបានផ្ដល់ឱ្យប្រទេសរុស្ស៊ី ដែលនេះជាសញ្ញាពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរបស់ប្រទេសទាំងពីរ ហើយសល់ប៉ុន្មានត្រូវបានផ្តល់ដល់គម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសក្រីក្រនានាទូទាំងពិភពលោក រួមទាំងគម្រោងផ្លួវដែកនៅប្រទេសកេនយ៉ា និងគម្រោងបញ្ជូនថាមពលវារីអគ្គិសនីនៅប្រទេសអង់ហ្គោឡាផងដែរ។
របាយការណ៍ដដែលបានបញ្ជាក់ថា ការវិនិយោគយ៉ាងសម្បើមរបស់មហាយក្សចិន នៅក្នុងបណ្ដាប្រទេសក្រីក្រ នឹងជួយបង្កើនឥទ្ធិពល និងកេរ្តិ៍ឈ្មោះរបស់ប្រទេសនេះនៅទូទាំងពិភពលោក។ របាយការណ៍នេះ ក៏បានបញ្ជាក់ដែរថា បណ្ដាប្រទេសក្រីក្រដែលទទួលបានកម្ចីអភិវឌ្ឍន៍ទាំងនេះពីប្រទេសចិន បានសរសើរមិនដាច់ពីមាត់ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់មហាយក្សចិន ពិតជាបានជួយបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដ៏ចាំបាច់មិនអាចខ្វះបានរបស់ពួកគេដើម្បីការអភិវឌ្ឍជាតិ៕
ដោយ: តែម សុខុម