ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងទទួលស្វាគមន៍ក្រុមមេដឹកនាំអាហ្វ្រិករាប់សិបនាក់សម្រាប់កិច្ចប្រជុំកំពូលមួយនៅសប្តាហ៍នេះនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដើម្បីពិភាក្សាពីបញ្ហាប្រឈមមួយចំនួន មានចាប់ពីបញ្ហាសន្តិសុខស្បៀងរហូតដល់បញ្ហាប្រែប្រួលអាកាសធាតុ។
រដ្ឋបាលលោកូបៃឌិន ក៏បានបង្ហាញពីការសន្យានឹងផ្ដល់ត្រៀមកញ្ចប់ថវិកាដល់ទៅ ៥៥ពាន់លានដុល្លារអាមេរិក ដើម្បីជួយជំរុញការអភិវឌ្ឍនៅតំបន់អាហ្វ្រិកនៅក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ។
លោក ឈីន កាង ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក បាននិយាយប្រាប់អ្នកសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា "ជំនួយវិនិយោគ និងហិរញ្ញប្បទានរបស់ចិនទៅឱ្យទ្វីបអាហ្រ្វិកមិនមែនជាអន្ទាក់នោះទេ ហើយលោកបានបន្ថែមថា បណ្តាប្រទេសនៅទ្វីបអាហ្រ្វិកគួរតែជាកន្លែងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិរួមទាំងរវាងចិន និងសហរដ្ឋអាមេរិកផងដែរ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋអាហ្វ្រិក ប៉ុន្តែមិនមែនជា«កន្លែងសម្រាប់លេងល្បែងភូមិសាស្ត្រនយោបាយ»នោះទេ។
លោក ឈីន កាងបានដកស្រង់លទ្ធផលសិក្សាពីខែកក្កដារបស់អង្គការសប្បុរសធម៌អង់គ្លេស Debt Justice ដែលបាននិយាយថា ប្រទេសអាហ្វ្រិកបានជំពាក់បំណុលស្ថាប័ននៅបស្ចឹមលោកច្រើនជាងការជំពាក់បំណុលចិនដល់ទៅ ៣ ដងឯណោះ។ ចិនមិនមែនជាម្ចាស់បំណុលធំបំផុតនៃបំណុលរបស់អាហ្វ្រិកនោះទេ ហើយបំណុលដែលអាហ្វ្រិកជំពាក់ចិន គឺមានចំនួនតិចតួចប៉ុណ្ណោះ។
ទោះយ៉ាងណា ក្រុមអ្នកវិភាគបាននិយាយថា ប្រទេសចិននៅតែជាប្រទេសផ្តល់ប្រាក់កម្ចីទ្វេភាគីដ៏ធំបំផុតដល់ទ្វីបអាហ្រ្វិកក្នុងទសវត្សរ៍ចុងក្រោយនេះ ទោះបីជាការសន្យាផ្ដល់ប្រាក់កម្ចីថ្មីបានធ្លាក់ចុះក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ។
កាលពីឆ្នាំមុន រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនតូនី ប្ល៊ីនខិន បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងត្រូវធ្វើអ្វីៗផ្សេងទៀត ដើម្បីជួយដល់ទ្វីបអាហ្រ្វិក ដែលត្រូវការហេដ្ឋារចនាសម្ព័ន្ធក្រោយពីការលើកឡើងដោយមើលស្រាលរបស់លោក ដូណាល់ ត្រាំ ចំពោះប្រទេសអាហ្វ្រិកកាលពីពេលកន្លងទៅ។ លោក ប្ល៊ីនខិន ក៏បាននិយាយដែរថា វាដល់ពេលដែលត្រូវបញ្ឈប់ការចាត់ទុកទ្វីបនេះជាប្រធានបទនៃភូមិសាស្ត្រនយោបាយតទៅទៀតហើយ។
គោលនយោបាយការបរទេសរបស់លោក បៃដិន បានសង្កត់ធ្ងន់លើការលើកទឹកចិត្តបណ្តាប្រទេសបស្ចឹមលោកឱ្យធ្វើជាអ្នកប្រឆាំងប្រទេសចិន ដែលជាគូប្រជែងភូមិសាស្ត្រនយោបាយកំពូលរបស់អាមេរិក ប៉ុន្តែមន្ត្រីអាមេរិកបានបង្ហាញថា ពួកគេមិនបានស្នើសុំឱ្យដៃគូអាហ្វ្រិកជ្រើសរើសរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណេត ប្រាយ (Ned Price) បាននិយាយពីថ្ងៃចន្ទថា គណៈប្រតិភូចំនួន ៥០ ប្រទេសរួមទាំងសហភាពអាហ្វ្រិក ដែលអាមេរិកបានអញ្ជើញនោះបានអះអាងថា ពួកគេនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាហ្វ្រិក នៅទីក្រុងវ៉ាស៊ីនតោននៅឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិករូបនេះ បាននិយាយចាត់ទុកការផ្តល់ប្រាក់កម្ចីរបស់ចិនថាជា«ការឈ្លានពាន» និងនាំទៅរក«អន្ទាក់បំណុល»ដ៏មានសក្តានុពល ហើយឥឡូវនេះអាមេរិកកំពុងផ្តោតលើការសម្របសម្រួលការវិនិយោគឯកជន។
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោក ដន ក្រេវ (Don Graves) បាននិយាយដែរថា ចិនគឺជាអ្នកវិនិយោគធំជាងគេនៅទ្វីបអាហ្រ្វិក ហើយថា ក្រុមហ៊ុនអាមេរិកតែងតែមិនចាប់អារម្មណ៍ក្នុងការចូលរួមក្នុងគម្រោងអភិវឌ្ឍន៍នោះទេ៕