ជាមួយរុស្ស៊ីនោះទេ ដោយសារតែចិនកំពុងប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីលោកខាងលិច ពិសេសសហរដ្ឋអាមេរិកតែម្ដង។នេះបើតាមរបាយការណ៍មួយដែលត្រូវបានសារព័ត៌មានរ៉យទ័រចុះផ្សាយ។
ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិន ត្រូវបានគេប្រាប់ឲ្យបន្តគោរពតាមកិច្ចសន្យាដែលមានស្រាប់ជាមួយរុស្ស៊ី ប៉ុន្តែប្រភពមួយបានប្រាប់ Reuters ថាក្រុមហ៊ុន Sinopec ដែលគ្រប់គ្រងដោយរដ្ឋាភិបាល និងដែលជាក្រុមហ៊ុនចម្រាញ់ប្រេងធំជាងគេនៅអាស៊ី រួមជាមួយក្រុមហ៊ុនដទៃទៀតដូចជា ក្រុមហ៊ុន CNOOC, PetroChina និង Sinochem បាននាំគ្នាផ្អាកលើការជួញដូរប្រេងថ្មីៗរបស់រុស្ស៊ីសម្រាប់ខែឧសភាខាងមុខនេះ។
ប្រភពព័ត៌មានរ៉យទ័របានកត់សម្គាល់ថា ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបានហាមឃាត់ការនាំចូលប្រេង របស់រុស្ស៊ីកាលពីខែមីនា ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិនចាប់ផ្តើមលែងចង់នាំចូលប្រេងរបស់រុស្ស៊ីដែរ ព្រោះតែខ្លាចទណ្ឌកម្ម។ បន្ថែមពីលើនេះ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនថាមពលយក្សៗរុស្ស៊ីថែមទៀតដូចជា ក្រុមហ៊ុន រ៉ូសនេស(Rosneft) និងហ្គាសប្រ៉ម(Gazprom) ស្របពេលដែលសហភាពអឺរ៉ុបកំពុងពិចារណា ចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការហាមឃាត់ការនាំចូលទាំងស្រុងតែម្តង។ ប្រការនេះរឹតតែធ្វើឲ្យក្រុមហ៊ុនចិនញញើតនឹងនាំប្រេងចូលពីរុស្ស៊ី។
ខណៈដែលការដាក់ទណ្ឌកម្មរបស់លោកខាងលិចបន្ត សង្កត់លើសេដ្ឋកិច្ចរបស់រុស្ស៊ី អ្នកវិភាគមួយចំនួនបាននិយាយថា លោក ពូទីន អាចនឹងងាកទៅរកប្រទេសចិនកាន់តែខ្លាំងឡើងៗ ដើម្បីជាបង្អែកកុំឲ្យសេដ្ឋកិច្ចម៉ូស្គូដុនដាបពេក។
យ៉ាងណាមិញ ភាពប្រយ័ត្នប្រយែងរបស់ក្រុមហ៊ុនប្រេងចិនបានកើតឡើង ក្រោយទីក្រុងប៉េកាំងបានបង្ហាញជំហរគាំទ្រសម្រាប់ប្រទេសរុស្ស៊ី។ កាលពីដើមខែកុម្ភៈ ប្រទេសទាំងពីរក៏បានប្រកាសបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូ គ្មានដែនកំណត់នឹងគ្នាផងដែរ។ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីចុងខែកុម្ភៈមក ចិនមិនបានថ្កោលទោសច្បាស់លាស់ណាមួយ ចំពោះការលុកលុយរបស់ទីក្រុងមូស្គូ ទៅលើទីក្រុងកៀវនោះទេ ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
នៅចំពោះមុខការខិតជិតរកគ្នារវាងប្រទេសទាំងពីរ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី វេនឌី សឺមែន(Wendy Sherman) បាននិយាយថា ទណ្ឌកម្មដែលដាក់លើរុស្ស៊ី ជុំវិញសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែនគួរតែផ្តល់សមល្មមឱ្យចិនបានយល់ច្បាស់អំពីផលវិបាកដែលខ្លួនអាចប្រឈម ប្រសិនបើប៉េកាំងផ្តល់ជំនួយជាសម្ភារៈយោធា ឬសេដ្ឋកិច្ចដល់ទីក្រុងម៉ូស្គូ។
លោកស្រីបាននិយាយចំៗតែម្តងថា ទណ្ឌកម្មទាំងអស់ រួមទាំងការត្រួតពិនិត្យលើការនាំចេញដែលបានធ្វើឡើងដោយសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងដៃគូឯទៀត សម្រាប់ប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ីលោកពូទីន គួរតែសមរម្យទុកជាគំរូសម្រាប់មេដឹកនាំចិនលោកស៊ី ជិនពីងហើយ។
បន្ថែមពីលើនេះលោកស្រី សឺមែន បានឆ្លៀតប្រាប់ទៅទីក្រុងប៉េកាំងថា គួរតែមើលគំរូឲ្យហើយទៅថាតើ រុស្ស៊ីទទួលបានមេរៀនយ៉ាងណាខ្លះ ពីលោកខាងលិចពេលឈ្លានពានអ៊ុយក្រែន ដូចនេះរាល់សកម្មភាពរបស់ចិនដែលចង់យកកោះតៃវ៉ាន់មកគ្រប់គ្រងដោយបង្ខំ ក៏នឹងទទួលបានលទ្ធផលមិនខុសគ្នាប៉ុន្មានដែរ។
គួររំឭកថា អំឡុងពេលការជជែកគ្នាតាមវីដេអូកាលពីខែមីនា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានព្រមានផ្ទាល់ទៅលោកស៊ី ជីនពីង រួចហើយ អំពីផលវិបាកសម្រាប់ការគាំទ្រនិងជួយជ្រោមជ្រែងរុស្ស៊ីប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិច ឬការផ្តល់ជំនួយផ្នែកយោធាជាដើម៕