ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន (Jake Sullivan) បានពន្យល់ថា ការលើកឡើងរបស់លោកដូច្នេះ មានគោលដៅចង់ឲ្យប្រទេសចិនធ្វើការសម្រេចិត្តឲ្យបានច្បាស់លាស់ និងមានការជ្រើសរើសដ៏ត្រឹមត្រូវមួយ។ ជម្រើសនោះ គឺនៅត្រង់ថា តើចិនគួរតែអនុញ្ញាតឲ្យមានការស៊ើបអង្កេត ពិតប្រាកដមួយស្តីពីប្រភពដើមនៃមេរោគកូរូណា ឬបើមិនមានការស៊ើបអង្កេតបែបនេះទេ តើចិនចង់ឲ្យអន្តរជាតិដាក់ខ្លួនឲ្យនៅឯកោ ឬយ៉ាងណា?
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានព្រមានធ្ងន់ៗថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា រហូតអាចស្វែងរកឃើញឫសគល់នៃមេរោគកូរូណា និងថែមទាំងរកឲ្យឃើញថា នរណានឹងក្លាយជាអ្នកទទួលខុសត្រូវលើការរាតត្បាតមេរោគនេះ។
គួររំឭកថា នៅអំឡុងមហាសន្និបាតអង្គការសុខភាពពិភពលោកកាលពីចុងខែឧសភាឆ្នាំ២០២១ មានប្រទេសជាសមាជិកជាច្រើន ក្នុងនោះក៏មានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ បានស្នើជាថ្មីម្តងទៀត ទៅកាន់អង្គការសុខភាពពិភពលោកឲ្យធ្វើការសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅបន្ថែមទៀត ជុំវិញប្រភពដើមដំបូងនៃវីរុសកូរូណា ឬ ត្រូវបានគេស្គាល់ថា ជាជំងឺកូវីដ-១៩នោះ ថាវាកើតឡើងដោយរបៀបណា និង មានប្រភពចេញពីណាមក?
ប៉ុន្តែគេនៅចាំបានថា កាលនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក លោក សាវីយ៉េ បេសេរ៉ា (Xavier Becerra) បាននិយាយថា អាមេរិកមិនមែនចង់កកូរកកាយរកអ្នកមកទទួលខុសត្រូវពីការផ្ទុះឡើងនៃកូវីដ-១៩នោះទេ គ្រាន់តែដើម្បីស្វែងយល់ពីប្រភពដើម និង ការចម្លងរបស់វីរុសកូវីដ-១៩ ដើម្បីអាចធានាបានថា ពិភពលោកនឹងមិនអាចជួបរឿងបែបនេះជាថ្មីម្តងទៀត នាពេលខាងមុខ។
ជុំវិញបញ្ហានេះ រដ្ឋបាលក្រុងប៉េកាំងជារឿយៗបានចេញមកច្រានចោល ករណីដែលត្រូវបានគេលើកឡើងតៗគ្នាថា មេរោគកូរ៉ូណាបានលេចធ្លាយចេញពីមន្ទីរពិសោធនៃក្រុងវូហានប្រទេសចិន ជាកន្លែងដែលករណីជំងឺកូវីដ១៩ដំបូងត្រូវបានគេរកឃើញ។
យ៉ាងណាមិញ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន បានឆ្លើយតបថា អាមេរិកមិនអាចទទួលយកតាមតែចិននិយាយដោយគ្មានភស្តុតាងច្បាស់លាស់បានទេ។ ទោះបីភាគីចិនថា គ្មានការលេចធ្លាយចេញពីមន្ទីរពិសោធន៍ក៏ពិតមែន តែយើងនៅតែត្រូវស៊ើបឲ្យបានច្បាស់។
សូមរំឭកថា ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន កាលពីចុងខែឧសភា បានបញ្ជាឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក តាមដានរកប្រភពដើមនៃមេរោគកូវីដ-១៩ដោយផ្ទាល់តែម្តង ហើយត្រូវរាយការណ៍មកកាន់លោកវិញក្នុងអំឡុងពេល ៩០ថ្ងៃ ខណៈពេលដែលបញ្ហានេះក៏ទើបត្រូវបានអាមេរិកនិងសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួន គឺក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧ G7 លើកយកមកអំពាវនាវ ដដែលជាដដែលកាលពីពេលថ្មីៗនេះផងដែរ។
បើតាមគម្រោង អង្គការសុខភាពពិភពលោក រំពឹងថា អាចដឹកនាំកិច្ចស៊ើបអង្កេតជាលើកទី២ ដើម្បីស្វែងរកឫសគល់នៃកូវីដ១៩ ក្នុងពេលឆាប់ៗនេះ ប៉ុន្តែវាជាការស៊ើបអង្កេតមួយដាច់ដោយឡែក ពីការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក៕