ការចេញមករារាំងទណ្ឌកម្មខាងលើ ធ្វើឡើងស្របពេលដែលប្រមុខដឹកនាំរបបក្រុងព្យុងយ៉ាងបានគំរាមថា ខ្លួននឹងនៅតែបន្តអភិវឌ្ឍន៍ កម្មវិធីនុយក្លេអ៊ែរ គួបផ្សំនឹងការសាកល្បងមីស៊ីលរយៈចំងាយឆ្ងាយបន្ថែមទៀត ដោយមិនញញើតបន្ដិចសោះឡើយទៅនឹងទណ្ឌកម្មរបស់អាមេរិក ដែលបានប្រកាសដាក់លើកូរ៉េខាងជើងនាពេលកន្លងមកនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបិទទ្វារចំនួនពីរដងរួចមកហើយ ក្រោយការបាញ់សាកល្បងមីស៊ីលកូរ៉េខាងជើងចំនួន៤លើកជាប់ៗគ្នា ពិសេសការបាញ់លើកចុងក្រោយកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ។
ក្នុងនោះសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលក្ខណទ្វេភាគី លើជនជាតិកូរ៉េខាងជើងចំនួន៦នាក់ ជនជាតិរុស្ស៊ីម្នាក់ និងក្រុមហ៊ុនរុស្ស៊ីមួយ ដោយអះអាងថា អ្នកទាំងនេះជាអ្នកទទួលខុសត្រូវក្នុងការទិញទំនិញពីប្រទេសរុស្ស៊ី និងចិនសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីផលិតអាវុធនុយក្លែអ៊ែរបស់កូរ៉េខាងជើង។
បន្ថែមពីលើនេះ ក្រុងវ៉ាស៊ីនតោនបានស្នើដាក់ទណ្ឌកម្មលើមន្ត្រីកូរ៉េខាងជើងចំនួន៥រូបទៀត ស្របតាមយន្តការអង្គការសហប្រជាជាតិ គឺការរាំងខ្ទប់ការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិនៅក្រៅប្រទេស។ ប៉ុន្តែសំណើនេះ ត្រូវតែទទួលបានការឯកភាពជាឯកច្ឆ័ន្ទ ដោយគណៈកម្មាធិការទណ្ឌកម្មកូរ៉េខាងជើង ដែលមានសមាជិក១៥ប្រទេសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
យ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំបិទទ្វារកាលពីថ្ងៃព្រហស្បតិ៍ សំណើទណ្ឌកម្មខាងលើមិនត្រូវបានឯកភាពឡើយ ក្រោយចិន និងរុស្សីបានបោះឆ្នោតឲ្យពន្យារពេល ផ្អាកការដាក់ទណ្ឌកម្មនេះសិន។ ភាគីចិនបានអះអាងទៅក្រុមប្រឹក្សាសន្តិសុខថា ខ្លួនត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសិក្សាលើសំណើទណ្ឌកម្មនេះ ខណៈដែលរុស្ស៊ីវិញបាននិយាយថា ខ្លួនចាំបាច់ត្រូវមានភស្តុតាងបន្ថែមទៀត មុនសម្រេចគាំទ្រសំណើរបស់សហរដ្ឋអាមេរិក។
គួរជម្រាបថា ទោះទណ្ឌកម្មបាននិងកំពុងធ្លាក់មកជាបន្តបន្ទាប់ក្តី តែរបបផ្តាច់ការកូរ៉េខាងជើង បានប្រកាសគំរាមនៅថ្ងៃព្រហស្បតិ៍ទី២០មករាថា ខ្លួនអាចនឹងចាប់ផ្តើម ធ្វើតេស្តសាកល្បងមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីកចំងាយឆ្ងាយឡើងវិញ ដោយមិនញញើតសោះឡើយចំពោះទណ្ឌកម្មទាំងនេះ។
មែនទែនទៅ ការសាកល្បងអាវុធទាំង២ប្រភេទនេះ ត្រូវបានកូរ៉េខាងជើងផ្អាក តាំងតែពីឆ្នាំ២០១៧មកម្ល៉េះ ដើម្បីផ្តល់លទ្ធភាពដល់ការចរចា រកច្រកចេញសម្រាប់ភាពជាប់គាំងនយោបាយ ពិសេសរវាងព្យុងយ៉ាង និងវ៉ាស៊ីនតោន។ ប៉ុន្តែការចាប់ផ្តើមសាកល្បងឡើងវិញនេះ គឺជាសញ្ញាបញ្ជាក់ថា កូរ៉េខាងជើងកំពុងត្រៀមបើកទំព័រថ្មីនៃការប្រឈមមុខដាក់គ្នាខ្លាំងឡើងវិញ ជាមួយសហរដ្ឋអាមេរិកហើយ៕