ឥណ្ឌូនេស៊ីកំពុងពន្លឿនផែនការជំរុញអាកាសយានដ្ឋានធំៗចំនួន៦ ដើម្បីពង្រឹងការតភ្ជាប់ជើងហោះហើររវាងឥណ្ឌូនេស៊ី ចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ ផែនការនេះត្រូវបានប្រកាសដោយក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានរដ្ឋ InJourney Airports ក្នុងកិច្ចប្រជុំក្រុមការងារអាកាសចរណ៍អាស៊ាន-ចិន លើកទី១៧ ដែលរៀបចំឡើងនៅទីក្រុងយ៉កយ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។ ក្រុមហ៊ុននេះ បានបង្ហាញពីសក្តានុពលរបស់អាកាសយានដ្ឋានទាំងនេះ ដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ និងបង្កើនជើងហោះហើរផ្ទាល់រវាងប្រទេសឥណ្ឌូនេស៊ី ចិន និងតំបន់អាស៊ាន។
អាកាសយានដ្ឋានទាំង៦ ដែលត្រូវបានជ្រើសរើសរួមមានអាកាសយានដ្ឋានយ៉កយ៉ាកាតា, អាកាសយានដ្ឋានឡុំបុក, អាកាសយានដ្ឋានប៉ាដាង, អាកាសយានដ្ឋានប៉ាឡឹមបាង, អាកាសយានដ្ឋានម៉ាកាស្សា និងអាកាសយានដ្ឋានម៉ាណាដូ។ អាកាសយានដ្ឋានទាំងនេះនឹងត្រូវភ្ជាប់ជាមួយអាកាសយានដ្ឋានក្នុងតំបន់ជាច្រើនទៀត ដើម្បីពង្រីកបណ្តាញដឹកជញ្ជូន ជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចទូទាំងប្រទេស។
តាមទិន្នន័យរបស់ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានរបស់រដ្ឋឥណ្ឌូនេស៊ី គិតត្រឹមចុងឆ្នាំ២០២៥ ឥណ្ឌូនេស៊ីទទួលអ្នកដំណើរអន្តរជាតិជិត៤១លាននាក់ ដោយឈានដល់១១០% បើធៀបនឹងកម្រិតមុនវិបត្តិវិបត្តិកូវីដ-១៩។ ក្នុងនោះ៦៧% ជាអ្នកដំណើរមកពីទីផ្សារអាស៊ី ហើយប្រទេសចិន គឺជាកត្តាជំរុញដ៏សំខាន់មួយដែលជំរុញកំណើននេះ។
គណៈគ្រប់គ្រងក្រុមហ៊ុននេះបានបញ្ជាក់ថា តម្រូវការហោះហើរពីប្រទេសចិនទៅកាន់ឥណ្ឌូនេស៊ី លែងផ្តោតតែទីក្រុងហ្សាការតា និងកោះបាលីទៀតហើយ ប៉ុន្តែកំពុងពង្រីកទៅកាន់តំបន់ផ្សេងៗ ដែលជំរុញឱ្យឥណ្ឌូនេស៊ីបង្កើនជើងហោះហើរផ្ទាល់ទៅកាន់អាកាសយានដ្ឋានក្នុងតំបន់ឱ្យកាន់តែច្រើន ដើម្បីគាំទ្រកំណើនវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេសនេះ៕