ការសម្រេចផ្អាកការនាំចូលសាច់ពីក្រុមហ៊ុនអាមេរិកភ្លាមៗនោះ ត្រូវបានរដ្ឋបាលគយទូទៅចិន បានបញ្ជាក់ថា គឺដោយសារតែមានការ ការផ្ទុះឡើងនូវករណីឆ្លងមេរោគកូវីដ-១៩ថ្មី នៅក្នុងចំណោមកម្មករនៃរោងចក្រអាហារ Tyson ហើយទំនិញទាំងអស់ ដែលដឹកចូលមកកំពង់ផែចិន នឹងត្រូវឃាត់ទុកជាមុនសិន។
សារព័ត៌មាន Reuters បានបញ្ជាក់ទៀតថា កាលពីដើមខែមិថុនា ក្រុមហ៊ុន Tyson មានបុគ្គលិកជិត ៥០០នាក់ មានផ្ទុកមេរោគឆ្លងមេរោគកូវីដ-១៩ ដែលស្មើនឹង ១៣% នៃចំនួនបុគ្គលិកសរុប។
ហេតុការណ៍ចុងក្រោយនេះ បានបង្ហាញឲ្យឃើញពី ហានិភ័យនៃការកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំង ២ ដែលអាចកើតមានឡើងអំឡុងពេល វិបត្តិកូវីដ-១៩នេះ ហើយវាក៏បានបង្ហាញឲ្យឃើញពីផលលំបាក និងបញ្ហាប្រឈម ក្នុងការអនុវត្តកិច្ចព្រមព្រៀងដំណាក់កាលដំបូង ដែលភាគីចិនយល់ព្រមទិញទំនិញ និងសេវាកម្មរបស់អាមេរិក ដែលមានតម្លៃជាង ២០០ពាន់លានដុល្លារអាមេរិកនោះដែរ។
យ៉ាងណាក៏ដោយចុះ ចិន បានខិតខំប្រឹងប្រែងទិញផលិតផលកសិកម្មអាមេរិក ដែលបានបន្ថែមដៃគូពាណិជ្ជកម្មជាច្រើន រួមមានរោងចក្រផលិតសាច់ជ្រូកជិត ៤៥០កន្លែង រោងចក្រផលិតសាច់គោជាង ៤៣០កន្លែង និងរោងចក្រនាំចូលសាច់បក្សីចំនួន ៥៨ស្ថាប័នទៀត។
គួរជម្រាបដែរថា កាលពីពេលថ្មីៗនេះ ចិន ក៏បានហាមឃាត់ការនាំចូលសាច់ជ្រូកពី ក្រុមហ៊ុនអាល្លឺម៉ង់ផងដែរ ដោយសារតែមានបុគ្គលិកក្រុមហ៊ុនបានឆ្លងមេរោគកូវីដ-១៩៕